ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហជីព៖ ​កម្មករ​រោងចក្រ​ជា​ច្រើន​នាក់​ទៀត​ប្រឈម​នឹង​ការ​បញ្ឈប់​ពី​ការងារ


រូបឯកសារ៖ កម្មករ​រោងចក្រ​កាត់ដេរ​កំពុង​កាត់ដេរ​សម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ខណៈ​ដែល​ពួកគេ​រង់ចាំ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ភ្នំពេញ ថ្ងៃ​ពុធ ទី​៣០ ខែសីហា ឆ្នាំ​២០១៧។ (AP Photo/Heng Sinith)
រូបឯកសារ៖ កម្មករ​រោងចក្រ​កាត់ដេរ​កំពុង​កាត់ដេរ​សម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ខណៈ​ដែល​ពួកគេ​រង់ចាំ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ភ្នំពេញ ថ្ងៃ​ពុធ ទី​៣០ ខែសីហា ឆ្នាំ​២០១៧។ (AP Photo/Heng Sinith)

មន្រ្តី​សហជីព​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា​ ​កម្មករ​រោងចក្រ​កាត់​ដេរ​ជា​ច្រើន​នាក់​ទៀត​ នឹង​ត្រូវ​បញ្ឈប់​ពី​ការងារ​ ​ ខណៈ​ពួកគេ​រាប់​ពាន់​នាក់​បាន​បាត់​បង់​ការងារ​រួច​ហើយ​ ក្រោយ​រោងចក្រ​កាត់​បន្ថយ​កម្លាំង​ពលកម្ម​ជា​បន្ត​បន្ទាប់ ដោយសារ​មិន​មាន​ការ​បញ្ជា​ទិញ​ពី​ក្រៅ​ប្រទេស។

ការ​បញ្ឈប់​កម្មករ​ពី​ការងារ​នេះ​កើត​ឡើង​ក្នុង​ពេល​ដែល​ពិភព​លោក​កំពុង​ប្រឈម​នឹង​ការ​រាតត្បាត​វីរុស​កូរ៉ូណា ​ដែល​នាំ​ឲ្យ​មិន​មាន​ការ​បញ្ជា​ទិញ។ រដ្ឋាភិបាល​កម្ពុជា​ដំបូង​ឡើយ​បាន​ប្រកាស​ឲ្យ​រោងចក្រ​ព្យួរ​ការងារ​កម្មករ​ហើយ​កម្មករ​ដែល​ត្រូវ​ព្យួរ​ពី​ការងារ​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​៧០​ដុល្លារ​ ក្នុង​នោះ​៤០​ដុល្លារ​ពី​រដ្ឋាភិបាល ​និង​៣០​ដុល្លារ​ពី​រោងចក្រ​កាត់​ដេរ។

លោក​ ម៉ៃ ប៊ុន​ហៃ ប្រធាន​សហជីព​ឯករាជ្យ​កម្លាំង​សាមគ្គី​កម្មករ​ បាន​ថ្លែង​ប្រាប់​VOA​នៅ​ថ្ងៃ​ពុធ​នេះ​ថា​កម្មករ​១០​នាក់​នៅ​រោងចក្រ​ Sixplus ​ក្នុង​ស្រុក​មុខ​កំពូល ​ខេត្ត​កណ្តាល ​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ កាល​ពី​ថ្ងៃ​អង្គារ ហើយ​លោក​ទទួល​ដំណឹង​ថា​ រោងចក្រ​ដែល​ផលិត​សម្លៀក​បំពាក់​ម៉ាក​ Adidas ​នេះ ​នឹង​បញ្ឈប់​កម្មករ​រហូត​ដល់​៥០​ភាគ​រយ​នៃ​កម្មករ​សរុប​ជិត​៣​ពាន់​នាក់​ដោយ​សារ​មិន​មាន​ការងារ​ធ្វើ។

លោក​ ម៉ៃ ប៊ុនហៃ​ ដែល​កំពុង​តាម​ដាន​ការ​បញ្ឈប់​កម្មករ ​បាន​ស្នើ​ឲ្យ​ព្យួរ​ការងារ​កម្មករ ​ជាជាង​ការ​បញ្ឈប់​ពួកគេ​ពី​ការងារ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«គំនិត​របស់​ខ្ញុំ​ចង់​ឲ្យ​ក្រុម​ហ៊ុន​ព្យួរ​កិច្ច​សន្យា​របស់​ពួក​គាត់​សិន​ ក្នុង​កាលៈ​ទេសៈ​ដែល​អត់​ការងារ​ធ្វើ​ហ្នឹង។​ ខ្ញុំ​អត់​ចង់​ឲ្យ​ពួក​គាត់​ហ្នឹង​បញ្ចប់​កិច្ច​សន្យា​ទេ។​ អ៊ីចឹង​អ្វី​ដែល​គាត់​រំពឹង​រាល់​ថ្ងៃ​ហ្នឹង​ រំពឹង​ទៅ​លើ​ប្រាក់​ខែ។​ ប្រសិន​បើ​បញ្ចប់​គាត់​ គាត់​លែង​មាន​ប្រាក់​ខែ​ក្នុង​ការ​ចាយ​វាយ​ប្រចាំ​ខែ»។​

លោក​បន្ថែម​ថា ​កម្មករ​កាត់​ដេរ​ពិត​ជា​ជួប​ការ​លំបាក​ក្នុង​ជីវភាព​របស់​ពួកគេ ​ដោយសារ​មិន​អាច​រក​ការងារ​ផ្សេង​បាន ​ហើយ​ប្រឈម​នឹង​ការ​បង់​បំណុល​គេ​ផង​ដែរ។​

លោក​បញ្ជាក់​ថា៖ ​«ពេល​ដែល​គាត់​ឈប់​ពី​ការងារ​ទៅ ​គាត់​មិន​ដឹង​ទៅ​រក​ធ្វើ​ស្អី។​ ពាក់ព័ន្ធ​នឹង​សំណង់​ អត់​ខ្វះ​ទេ កម្មករ​ច្រើន​ណាស់។ អ៊ីចឹង​ការងារ​នៅ​ស្រុក​ខ្មែរ​មិន​សូវ​មាន​ការ​ងារ​ឲ្យ​ពួក​គាត់​ធ្វើ»។​

អ្នកនាង​ ផាន់ ស្រីរិទ្ធ ​អាយុ​២៨​ឆ្នាំ​ជា​កម្មការិនី​នៅ​រោងចក្រ​ Sixplus​ មាន​ប្រសាសន៍​ថា​ អ្នក​នាង​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​កាល​ពី​ថ្ងៃ​អង្គារ ​ដោយ​រោងចក្រ​ប្រាប់​ថា​ ​មិន​មាន​ការងារ​ធ្វើ។​ អ្នក​នាង​ដែល​ធ្វើ​ការ​នៅ​រោងចក្រ​នេះ ​បាន​ប្រមាណ​៨​ខែ ​លើក​ឡើង​ថា​ អ្នកនាង​ពិបាក​រក​ការងារ​ធ្វើ​ក្រៅ​ពី​រោងចក្រ​ណាស់ ​ដោយ​សារ​ធ្លាប់​ធ្វើ​ជា​កម្មករ​កាត់​ដេរ​ប្រមាណ​៧​ឆ្នាំ​មក​ហើយ។​ អ្នកនាង​ក៏​កំពុង​បារម្ភ​ពី​ការ​បង់​ប្រាក់​សង​ធនាគារ​ចំនួន​១៥០​ដុល្លារ​ក្នុង​មួយ​ខែ​ ដែល​ត្រូវ​បង់​ប្រមាណ​៣​ឆ្នាំ​ទៀត។ ​

អ្នកនាង​បាន​ថ្លែង​ប្រាប់​VOA​ថា៖ ​«មិន​ដឹង​ថា​ ទៅ​រក​ការងារ​ធ្វើ​នៅ​ណា ​ពិបាក​រក​ឥឡូវ កំពុង​តែ​មាន​រឿង​អ៊ីចឹងៗ។​ មិន​ដឹង​ទៅ​រក​ឯណា ​រោងចក្រ​ក៏​គេ​បិទ​អស់»។​

VOA​ មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​រោងចក្រ​ Sixplus​ តាម​ទូរស័ព្ទ ​និង​សារ​អេឡិចត្រូនិក​បាន​នៅ​ឡើយ​ទេ។​

លោក​ ឃុន ថារ៉ូ មន្ត្រី​សម្រប​សម្រួល​ការងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​សង់​ត្រាល់​ (Central)​ មាន​ប្រសាសន៍​ថា ស្ថានភាព​បច្ចុប្បន្ន​ក្នុង​វិស័យ​កាត់​ដេរ ​មាន​ភាព​ច្របូក​ច្របល់ ​ដោយសារ​កម្មករ​ត្រូវ​បាន​ព្យួរ​ពី​ការងារ​ និង​បញ្ឈប់​ពី​ការងារ​តែ​ម្តង។​ លោក​ក៏​ទទួល​បាន​ព័ត៌មាន​ថា​ កម្មករ​ជា​ច្រើន​ទៀត​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ ហើយ​កម្មករ​រាប់​ពាន់​នាក់​ទៀត​នឹង​ប្រឈម​បាត់​បង់​ការងារ​នៅ​ពេល​ខាង​មុខ។​

លោក​បញ្ជាក់​ថា៖ ​«ភាព​ផុយ​ស្រួយ​ប្រឈម​របស់​គាត់​ហ្នឹង​គឺ​ការ​បាត់​បង់​ការងារ ​មាន​ន័យ​ថា​រោងចក្រ​អាច​នឹង​សម្រេច​ចិត្ត​នៅ​ក្នុង​ការ​បញ្ឈប់​កិច្ច​សន្យា​របស់​ពួក​គាត់។ អ៊ីចឹង​អ្នក​ដែល​ប្រឈម​ខ្លាំង​ប្រហែល​គឺ​កម្មករ​ប្រមាណ​ជា​៦​ម៉ឺន​នាក់​ហ្នឹង​ឯង»។​

មិន​មាន​ទិន្នន័យ​ច្បាស់​លាស់​ថា​ តើ​កម្មករ​ប៉ុន្មាន​នាក់​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​នោះ​ទេ ខណៈ​មាន​វិបត្តិ​នៃ​ការ​រាតត្បាត​ជា​សាកល​នៃ​វីរុស​កូរ៉ូណា​នេះ។ កន្លង​ទៅ​ក្រសួង​ការងារ​បាន​លើក​ឡើង​ថា កម្មករ​ជាង​៦​ម៉ឺន​នាក់​ត្រូវ​បាន​ព្យួរ​ពី​ការងារ ​ប៉ុន្តែ​មិន​បាន​បញ្ជាក់​ចំនួន​កម្មករ​ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​នោះ​ទេ។​

លោក ​ខេន លូ​ អគ្គ​លេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា​ហៅ​កាត់​ថា​ GMAC ​ប្រាប់​VOAកាល​ពី​សប្តាហ៍​មុន​ថា​ រោងចក្រ​ជា​ច្រើន​ទៀត​នឹង​អាច​ស្នើ​សុំ​ព្យួរ​កម្មករ​ឬ​ផ្អាក​ដំណើរ​ការ​នៅ​ខែ​ក្រោយ​ទៀត​ ដោយសារ​ស្ថានភាព​កូរ៉ូណា​មិន​ទាន់​ធូរ​ស្បើយ​ និង​គ្មាន​អ្នក​បញ្ជា​ទិញ។ ​

ទាក់ទង​នឹង​ប្រាក់​ឧបត្ថម្ភ​សម្រាប់​កម្មករ​ដែល​ត្រូវ​បាន​ព្យួរ​ការងារ លោក ​ខេន លូ​ បញ្ជាក់​ថា ​រោងចក្រ​នឹង​ព្យាយាម​បើក​ប្រាក់​ឲ្យ​កម្មករ​ ប៉ុន្តែ​លោក​មិន​ដឹង​ថា​ អាច​បើក​បាន​ដល់​ពេល​ណា​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«បើ​យើង​ថា​មាន​លទ្ធភាព​ឬ​ក៏​អត់​មាន​លទ្ធភាព​យើង​អត់​ដឹង​ទេ​ប៉ុន្តែ​យើង​ដឹង​ថា​ អាហ្នឹង​ គឺ​ជា​ការ​ណែនាំ​របស់​រាជ​រដ្ឋាភិបាល ​យើង​ត្រូវ​ធ្វើ​តាម។​ ឥឡូវ​អត់​មាន​រោងចក្រ​ណា ព្យួរ​បាន​ច្រើន​ខែ​ អត់​មាន​ការងារ​ធ្វើ អត់​មាន​ក្រុម​ហ៊ុន​មួយ​(ណា)​ដែល​អាច​ធ្វើ​(ព្យួរ)​បាន​ច្រើន​ខែ​ទេ»។​

កន្លង​ទៅ ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ បាន​ថ្លែង​ថា ​រដ្ឋាភិបាល​មាន​ការ​លំបាក​ក្នុង​ការ​ជួយ​ឧបត្ថម្ភ​ថវិកា​ដល់​កម្មករ​ដែល​ត្រូវ​បាន​ព្យួរ​ពី​ការងារ​រោង​ចក្រ។​

វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់​និង​ស្បែក​ជើង​គឺ​ជា​ក្បាល​ម៉ាស៊ីន​នៃ​ការ​នាំ​ចេញ​ធំ​បំផុត​លំដាប់​ទី​មួយ​របស់​កម្ពុជា។​ វិស័យ​នេះ​បាន​ស្រូប​យក​កម្លាំង​ពល​កម្ម​ប្រមាណ​ជា​៨០​ម៉ឺន​នាក់ ដែល​ភាគ​ច្រើន​គឺ​ជា​ប្រជា​ពល​រដ្ឋ​មក​ពី​បណ្តា​ខេត្ត​និង​ជនបទ។ វិស័យ​នេះ​បាន​ធ្វើ​ឲ្យ​កម្មករ​អាច​ជួយ​ជីវភាព​គ្រួសារ​នៅ​តាម​ជន​បទ​ ក្នុង​នោះ​មាន​ការ​ដោះស្រាយ​បំណុល​ផង​ដែរ។ ទី​ផ្សារ​សំខាន់​របស់​វិស័យ​វាយនភណ្ឌ​នេះ ​គឺ​សហ​ភាព​អឺរ៉ុប​ដែល​ជា​ទី​ផ្សារ​ធំ​ទី​១ ​និង​សហ​រដ្ឋ​អាមេរិក ​ដែល​ជា​ទី​ផ្សារ​ធំ​លំដាប់​ទី២៕

XS
SM
MD
LG