កម្មការិនីកាត់ដេរនៅរោងចក្រមួយក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល អ្នកនាង ជា ស៊ីនុន ត្រូវបានបញ្ឈប់ពីការងារនៅថ្ងៃសុក្រនេះ ក្រោយអ្នកនាងមិនបានធ្វើការជិតមួយសប្តាហ៍ អំឡុងពេលចូលឆ្នាំខ្មែរ។
អ្នកនាង ជា ស៊ីនុន អាយុ២២ឆ្នាំ ជាកម្មការិនីធ្វើការនៅរោងចក្រ Bowker Garment Factory។ អ្នកនាងបានត្រឡប់ពីស្រុកកំណើតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃព្រហស្បតិ៍ ដោយមានបំណងចូលធ្វើការវិញ។ ប៉ុន្តែ អ្នកនាងដែលបម្រើការនៅរោងចក្រនេះ តាំងពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ត្រូវបានបញ្ឈប់ពីការងារ។ នេះបើយោងតាមប័ណ្ណបើកលុយរបស់កម្មកររូបនោះ ដែលមានរូបថតភ្ជាប់ជាមួយផង ហើយ VOA ទទួលបាននៅថ្ងៃសុក្រនេះ។
អ្នកនាងបានថ្លែងប្រាប់ VOA តាមទូរស័ព្ទ នៅព្រឹកថ្ងៃសុក្រនេះថា៖ «ពេលព្រឹកថ្ងៃហ្នឹង ខ្ញុំចូលទៅក្នុងក្រុមទៅ ប្រធាននាំទៅជួបប្រធានផ្នែក ជួបរដ្ឋបាល អ៊ីចឹងគេថា គេបញ្ឈប់ខ្ញុំហើយ។ ខ្ញុំលើសថ្ងៃគេលើសពី៦ថ្ងៃ»។
ស៊ីនុន ជាកម្មករម្នាក់ក្នុងចំណោមកម្មកររាប់ពាន់នាក់ទៀត ដែលមិនបានធ្វើការនៅថ្ងៃចូលឆ្នាំខ្មែរ ក្រោយរដ្ឋាភិបាលបានប្រកាសលុបចោលថ្ងៃឈប់សម្រាក និងតម្រូវឲ្យកម្មករបន្តធ្វើការទៀត ដើម្បីបញ្ចៀសការវិលត្រឡប់ទៅស្រុកកំណើត ហើយអាចឆ្លងវីរុសកូរ៉ូណា។
ស្រ្តីមេម៉ាយ ដែលមានកូនស្រីតូចៗ២នាក់ ម្នាក់អាយុ៦ឆ្នាំ និងម្នាក់៣ឆ្នាំ ហើយរស់នៅជាមួយយាយនៅស្រុកកំណើត មានប្រសាសន៍ថា អ្នកនាងបានធ្វើដំណើរទៅស្រុកកំណើត នៅថ្ងៃទី៩ ខែមេសា បើទោះដឹងថារដ្ឋាភិបាលប្រកាសមិនឲ្យឈប់សម្រាកថ្ងៃចូលឆ្នាំខ្មែរ។ អ្នកនាងនិយាយថា ចង់ទៅលេងកូនដែលនៅជាមួយជីដូន។
អ្នកនាងមានប្រសាសន៍ថា៖ «ខ្ញុំគិតថា ខ្ញុំនឹកកូន ខ្ញុំទៅលេងកូនមួយថ្ងៃពីរ ហើយខ្ញុំឡើងមកវិញធ្វើការធម្មតាវិញ ប៉ុន្តែទទួលគេបិទផ្លូវ ខ្ញុំអត់មានអីមកអ៊ីចឹងហើយខ្ញុំតេ (ទូរស័ព្ទ) ប្រាប់ Supervisor [ប្រធាន] ប្រាប់ប្រធាន ប្រាប់គេតាមហ្នឹងថា អត់មានអីមក គេបិទផ្លូវអ៊ីចឹងទៅ»។
ប៉ុន្តែ នៅព្រឹកថ្ងៃសុក្រនេះ អ្នកនាងត្រូវបានបញ្ឈប់ ហើយក៏មិនបានតវ៉ាអ្វីដែរ។
អ្នកនាងរំឭកថា នៅពេលទៅដល់ស្រុកកំណើតដើម្បីជួបកូន អ្នកនាងចង់ត្រឡប់មកធ្វើការវិញ តែនៅថ្ងៃទី៩ ខែមេសានោះ រដ្ឋាភិបាលបានចាប់ផ្តើមកំហិតការធ្វើដំណើរចេញចូលឆ្លងកាត់ភ្នំពេញ និងតាមបណ្តាខេត្ត ធ្វើឲ្យអ្នកនាងមិនអាចត្រឡប់មកវិញ ដើម្បីធ្វើការនៅថ្ងៃច័ន្ទដើមសប្តាហ៍។
អ្នកនាងបានថ្លែងថា៖ «ចែ[បងស្រី]ខ្ញុំ គាត់ថា គាត់តេ(ទូរស័ព្ទ) ហៅខ្ញុំឡើងមកវិញមក មកធ្វើការ ប្រយ័ត្នគេបញ្ឈប់។ អ៊ីចឹងខ្ញុំរកអីមកអត់មានគេបិទផ្លូវ»។
បងស្រីរបស់អ្នកនាងគឺអ្នកនាង ជា ចាន់នាត កំពុងធ្វើការនៅរោងចក្រនេះដែរ។ ប៉ុន្តែអ្នកនាងមិនបានត្រឡប់ទៅស្រុកកំណើតដើម្បីចូលឆ្នាំនោះទេ។
អ្នកនាង ស៊ីនុន បន្តថា អ្នកនាងពិបាករកការងារធ្វើក្រៅពីការងាររោងចក្រនៅពេលនេះ។
អ្នកនាងនិយាយថា៖ «ខ្ញុំអត់ចង់ឈប់ដែរមិនដឹងថាម៉េច។ បើគេឲ្យឈប់ហើយមានតែឈប់តាមហ្នឹងរកការងារផ្សេង តែមិនដឹងរកការងារអី។ ប្រាប់ម៉េចក៏គេ នៅតែមិនយោគយល់ដែរ។ គេសរសេរក្រដាស សរសេរអីឲ្យយើងរួចហើយ»។
អ្នកនាងកំពុងព្រួយអំពីអនាគតកូនស្រីពីរនាក់ ដែលកំពុងនៅស្រុកកំណើត។
អ្នកនាងនិយាយថា៖ «បារម្ភកូនហ្នឹង! កូននៅផ្ទះ។ បើមិនប្រឹងរកលុយឲ្យកូន កូនវាពិបាក។ ខ្ញុំបារម្ភអត់លុយឲ្យកូន ហើយម៉ែខ្ញុំអីហ្នឹងគាត់ពិបាកដែរហ្នឹង។ រាល់ថ្ងៃបានខ្ញុំធ្វើការ ផ្ញើលុយឲ្យគាត់អីហ្នឹង។ ម៉ែគាត់នៅមើលកូនខ្ញុំហ្នឹង ហើយរាល់ខែបានខ្ញុំផ្ញើលុយផ្ញើអីឲ្យគាត់»។
កាលពីថ្ងៃទី៩ ខែមេសា ក្រសួងការងារបានចេញសេចក្តីជូនដំណឹងមួយថា កម្មករដែលឈប់សម្រាកថ្ងៃចូលឆ្នាំមិនមកធ្វើការហើយទៅស្រុកកំណើត នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃពេលត្រឡប់មកធ្វើការវិញ ហើយនឹងមិនទទួលបានប្រាក់ឈ្នួលពេលដាក់ឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃទេ។
នៅថ្ងៃដដែល អ្នកនាំពាក្យរបស់ក្រសួងការងារលោក ហេង សួរ បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកថា អ្នកឈប់សម្រាកការងារនៅថ្ងៃចូលឆ្នាំនេះ គឺ«អាចចាត់ទុកថាបានប្រព្រឹត្តកំហុសធ្ងន់ ហើយក្រុមហ៊ុនអាចបញ្ឈប់ការងារ ដោយមិនបាច់ទូទាត់សំណង»។
កម្មករម្នាក់ទៀតអ្នកនាង ផាត ភួង អាយុ២៤ឆ្នាំ មកពីខេត្តបាត់ដំបង និងធ្វើការនៅរោងចក្រជាមួយអ្នកនាង ស៊ីនុន ដែរ។ អ្នកនាងដែលធ្វើការរោងចក្រនេះជិត១ឆ្នាំដែរ មានប្រសាសន៍ថា អ្នកនាងបានសុំច្បាប់ឈប់ពីរថ្ងៃរួចហើយ នៅមុនពេលចូលឆ្នាំ ហើយនៅពេលទៅដល់ខេត្ត អ្នកនាងចង់ត្រឡប់មកវិញ ប៉ុន្តែដោយសារគេបិទផ្លូវ ទើបអ្នកនាងមិនអាចវិលត្រឡប់មកធ្វើការ។
អ្នកនាងនិយាយថា៖ «គេបិទផ្លូវថ្ងៃទី៩(ខែមេសា) អ៊ីចឹងទៅល្ងាចឡើងឡានគេមកយក ក៏ខ្ញុំតេ(ទូរស័ព្ទ)ប្រាប់ប្រធានខ្ញុំថា បងខ្ញុំសុំច្បាប់ដាក់ច្បាប់ឲ្យខ្ញុំផង។ អ៊ីចឹងទៅ គាត់ថាចាំគាត់សុំឲ្យ»។
អ្នកនាងនិយាយថា នៅព្រឹកថ្ងៃសុក្រនេះ អ្នកនាងត្រូវបានបញ្ឈប់ពីការងារដែរ ប៉ុន្តែក្រោយមក រោងចក្រថាឲ្យឈប់ ១៤ថ្ងៃសិន ដោយសារគេតម្រូវឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃ។ ប៉ុន្តែអ្នកនាងមិនច្បាស់នោះទេថា តើនាងនឹងត្រូវបានអនុញ្ញាតឲ្យចូលមកធ្វើការវិញឬយ៉ាងណា។
អ្នកនាងមានប្រសាសន៍ថា៖ «បើឲ្យឈប់ដល់១៤ថ្ងៃ យើងមានលុយឯណាចាយវាយនៅហ្នឹងបង។ ណាលុយចាយហូបចាយវាយរាល់ថ្ងៃ។ ១៤ថ្ងៃ យើងអត់មានបានលុយទេ។ យើងបានលុយពីណាចាយ? បានលុយពីណាហូប? ១៤ថ្ងៃ មិនមែនមួយថ្ងៃពីរថ្ងៃទេ»។
ប្រធានផ្នែកធនធានមនុស្សនៃរោងចក្រ Bowker Garment Factory លោក សៀង រដ្ឋា បានថ្លែងប្រាប់ VOA តាមទូរស័ព្ទដោយច្រានចោលការអះអាងរបស់កម្មករ អំពីការបញ្ឈប់ពីការងារ។ លោកបន្តថា កម្មករជាង ១០០នាក់ ធ្វើការនៅរោងចក្ររបស់លោកបានឈប់ចូលឆ្នាំខ្មែរ។
លោកមានប្រសាសន៍ថា៖ «អត់ទេបង អាហ្នឹងគឺជាពាក្យចចាមអារ៉ាមទេបងគឺមិនមែនទេ។ ខ្ញុំចង់បញ្ជាក់ប្រាប់បងថា រោងចក្ររបស់ខ្ញុំធ្វើ Brand (ម៉ាក) Adidas អ៊ីចឹងនៅខាងស្រុកខ្មែរ ក៏គេមានSourcing (ប្រភពទិញ) មើលការគ្រប់គ្រងដែរ។ អ៊ីចឹងអ្វីក៏ដោយក៏គេ follow up (តាមដាន) គ្រប់ជំហាន។ អ៊ីចឹងចំពោះបញ្ហាហ្នឹង ខ្ញុំអាចជម្រាបបងឯងថា វាជាករណីបំផ្លើសទេ»។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា មានប្រសាសន៍ថា សហជីពរបស់អ្នកស្រីបានដឹងថា កម្មករមួយចំនួនត្រូវបានបញ្ឈប់ពីការងារ ហើយអ្នកស្រីកំពុងស្វែងរកអន្តរាគមន៍ពីក្រសួងការងារ។ អ្នកស្រីបញ្ជាក់ថា រោងចក្រមួយចំនួនប្រើប្រាស់ការមិនបានមកធ្វើការនាពេលចូលឆ្នាំ ដើម្បីបញ្ឈប់កម្មករពីការងារ។
អ្នកស្រីបន្តថា ការដាក់កម្មករឲ្យនៅដាច់ដោយឡែកជាវិធានការមួយ ដើម្បីធានាកុំឲ្យមានការឆ្លងវីរុសកូរ៉ូណា ប៉ុន្តែអ្នកស្រីបារម្ភពីជីវភាពរបស់កម្មករ ប្រសិនបើពួកគេមិនមានការងារធ្វើ ១៤ថ្ងៃ។
អ្នកស្រីមានប្រសាសន៍ថា៖ «ប៉ុន្តែសំណួរសួរថា តើដោះស្រាយឲ្យគាត់យ៉ាងម៉េច ដើម្បីឲ្យគាត់ទទួលយកបានការដែលដាក់គាត់ដោយឡែក។ ទីមួយ បើសិនយើងដាក់គាត់ដោយឡែក តើយើងមានមូលហេតុអ្វី ប្រាប់គាត់ឲ្យគាត់ទទួលយកបាន។ ហើយបន្ទាប់មកប្រាប់គាត់កុំមានការព្រួយបារម្ភឧទាហរណ៍ ដូចជាប្រាក់ឈ្នួលរបស់គាត់ផ្ទះជួលរបស់គាត់យ៉ាងម៉េចវិញ អាហ្នឹងត្រូវដោះស្រាយជូនពួកគាត់អ៊ីចឹង»។
លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរកម្ពុជាហៅកាត់ថា GMAC ប្រាប់ VOA នៅថ្ងៃសុក្រនេះថា កម្មករមិនត្រូវបានអនុញ្ញាតឲ្យចូលធ្វើការទេទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺត្រូវដាក់ឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ។
លោកមានប្រសាសន៍ថា៖ «មិនអាចចូលធ្វើការភ្លាមៗបានទេ ព្រោះយើងត្រូវការពារកម្មករផ្សេងៗដែលអត់បានទៅសុ្រក ហើយត្រូវការពារសុខភាពកម្មករដែលនៅតែធ្វើការ»។
លោកបន្ថែមថា កម្មករដែលឈប់ដោយមិនមានការអនុញ្ញាតពីរោងចក្រអំឡុងពេលចូលឆ្នាំ គឺរោងចក្រអាចបញ្ឈប់បានដោយមិនខុសច្បាប់នោះទេ។
លោកមានប្រសាសន៍ថា៖ «ប្រសិនអត់បានសុំច្បាប់ទេ គាត់ទៅខ្លួនឯងអ៊ីចឹងមានន័យថាគាត់អត់បានធ្វើការប៉ុន្មានថ្ងៃ។ ហើយក្រសួងការងារធ្លាប់បានចេញសេចក្តីជូនដំណឹងថា អាហ្នឹងចាត់ទុកជាកំហុសធ្ងន់កំហុសធ្ងន់មានន័យថាយើងមានសិទ្ធិបញ្ឈប់ភ្លាមៗ»។
លោកបន្តថា រោងចក្រជាច្រើនទៀតនឹងអាចស្នើសុំព្យួរកម្មករឬផ្អាកដំណើរការនៅខែក្រោយទៀតដោយសារស្ថានភាពកូរ៉ូណាមិនទាន់ធូរស្បើយ និងគ្មានអ្នកបញ្ជាទិញ។
ត្រឡប់ទៅកម្មករដែលត្រូវបានបញ្ឈប់ពីការងារវិញ នៅរសៀលថ្ងៃសុក្រនេះ កម្មការិនី ជា ស៊ីនុន បានត្រឡប់ទៅស្រុកកំណើតវិញក្នុងឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ អ្នកនាងមានប្រសាសន៍ពេលកំពុងធ្វើដំណើរតាមរថយន្តឈ្នួលទៅស្រុកកំណើតថា អ្វីដែលធ្វើឲ្យនាងកាន់តែបារម្ភទៀតនោះ គឺការបង់បំណុលម្តាយដែលក្នុងមួយខែ ត្រូវចំណាយជាង ២០០ដុល្លារ ហើយត្រូវបង់ជាង៣ឆ្នាំទៀត។ បំណុលនេះក៏ត្រូវចូលរួមបង់ដោយប្អូនប្រុសរបស់អ្នកនាង ដែលជាកម្មករសំណង់ផងដែរ។
អ្នកនាងបានថ្លែងថា៖ «ឥឡូវមិនដឹងថានរណាជួយបង់បំណុលគេ ៣ទៅ៤ឆ្នាំទៀតទេ»៕