មន្រ្តីពាក់ព័ន្ធអះអាងថា កម្មកររាប់ពាន់នាក់នឹងត្រូវពិនិត្យសុខភាពរករោគសញ្ញានៃវីរុសកូរ៉ូណា ហើយត្រូវដាក់ឲ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ មុននឹងអាចចូលធ្វើការនៅរោងចក្រវិញ។
នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញកន្លែង ដែលកម្មករមួយចំនួនត្រូវពិនិត្យសុខភាព លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានថ្លែងប្រាប់អ្នកសារព័ត៌មានថា កម្មកររោងចក្រប្រមាណ ៣ម៉ឺននាក់ បានឈប់សម្រាកអំឡុងពេលចូលឆ្នាំប្រពៃណីខ្មែរ ក្នុងនោះនៅភ្នំពេញមានចំនួន ១៥.០០០នាក់។
លោកបន្តថា ក្រសួងការងារសហការជាមួយសាលារាជធានីភ្នំពេញ និងក្រសួងសុខាភិបាលបានរៀបចំមណ្ឌលត្រួតពិនិត្យសុខភាពចំនួន ១០កន្លែង នៅភ្នំពេញ ហើយមណ្ឌលត្រួតពិនិត្យសុខភាពបណ្តោះអាសន្ននេះ នឹងត្រូវដាក់ដំណើរការរយៈពេល ៥ថ្ងៃ។ លោកបន្ថែមថា ក្រសួងក៏បានត្រៀមកន្លែងស្នាក់នៅសម្រាប់កម្មករ បើសិនពួកគេត្រូវបានរកឃើញថា មានរោគសញ្ញានៃវីរុសកូរ៉ូណា ហើយមិនមានកន្លែងស្នាក់នៅ។
លោក ហេង សួរ មានប្រសាសន៍ថា៖ «ប្រសិនជាបងប្អូនយើងមិនមានរោគសញ្ញាអ្វីនោះទេ គឺគ្រូពេទ្យរបស់យើងគាត់នឹងចេញលិខិតបញ្ជាក់ថា គាត់មិនមានរោគសញ្ញាកូវីដ គិតមកត្រឹមថ្ងៃនេះ។ អ៊ីចឹងអនុញ្ញាតឲ្យគាត់ធ្វើចត្តាឡីស័កនៅផ្ទះ មានន័យថា អាចនៅផ្ទះជួលរបស់គាត់ ឬក៏ផ្ទះគាត់ក៏បានដែរ»។
គិតមកត្រឹមម៉ោង ១២រសៀល ថ្ងៃច័ន្ទនេះ លោក ហេង សួរ ឲ្យដឹងថា រកឃើញកម្មករ ២នាក់ ដែលមានរោគសញ្ញានៃជំងឺកូវីដ១៩។
អ្នកស្រី សូ សុភក្តិ អាយុ ៣៦ឆ្នាំ ជាកម្មករម្នាក់នៃរោងចក្រ Cambodia Textile Worldwide បានមកឲ្យគេធ្វើតេស្តពិនិត្យរកមេរោគកូរ៉ូណានៅវិទ្យាល័យជម្ពូវ័ន ក្នុងក្រុងភ្នំពេញ តាមការណែនាំរបស់រោងចក្រ។ អ្នកស្រីបន្ថែមថា កម្មករជាង ១០នាក់ដែលមកពីរោងចក្រអ្នកស្រី ធ្វើការបានមកធ្វើតេស្ត នៅថ្ងៃច័ន្ទនេះ។
អ្នកស្រី សុភក្តិ មកពីខេត្តស្វាយរៀង បានឲ្យដឹងទៀតថា អ្នកស្រីត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែកចំនួន ១៤ថ្ងៃ នៅបន្ទប់ជួលរបស់អ្នកស្រី។
កំពុងអង្គុយរង់ចាំ ដើម្បីចូលពិនិត្យសុខភាព អ្នកស្រី តូង សុខរ៉ាន់ អាយុ២៨ឆ្នាំ ជាកម្មកររោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានប្រាប់ VOA នៅថ្ងៃច័ន្ទថា ក្រោយពីទទួលបានសារតាមទូរស័ព្ទពីរោងចក្ រអ្នកស្រីក៏សម្រេចចិត្តមកធ្វើតេស្ត។
អ្នកស្រីមានប្រសាសន៍ថា៖ «ខ្ញុំគិតថា ល្អផង ព្រោះអីយើងពិនិត្យឲ្យដឹងទៅ កុំឲ្យដូចថា យើងពីម្នាក់ទៅម្នាក់យើងដូចថាយើងឆ្លង ឬក៏អី។ យើងមកពិនិត្យអ៊ីចឹង យើងអាចជឿជាក់ថា ខ្លួនឯងហ្នឹងវាអត់ឆ្លងអ៊ីចឹងណា៎»។
លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរកម្ពុជា បានប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា លោកបានណែនាំរោងចក្រជាសមាជិកទាំងអស់ ឲ្យអនុវត្តសេចក្តីណែនាំរបស់រដ្ឋាភិបាលក្នុងការទៅពិនិត្យសុខភាព។ លោកបញ្ជាក់ថា ក្នុងករណីដែលកម្មករមិនមកពិនិត្យសុខភាព រោងចក្រមានសិទ្ធិបញ្ឈប់ពួកគេពីការងារ។
លោកបានិយាយថា៖ «បើអត់មកពិនិត្យយើងចាត់ទុកថា កំហុសធំ។ ហើយក្រុមហ៊ុនអាចមានសិទ្ធិបញ្ឈប់។ អត់មកពិនិត្យមានន័យថាអត់មកធ្វើការ»។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា បានលើកឡើងពីការលំបាក ដែលកម្មករមួយចំនួនអាចជួបប្រទះអំឡុងពេលត្រូវដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក។
«ខ្ញុំគិតថា បើសិនណាដាក់គាត់ដោយឡែក១៤ថ្ងៃ ហើយខ្ញុំគិតថា វានឹងជួបប្រទះនឹងបញ្ហាប្រឈមណា៎ដល់បងប្អូនកម្មករ។ ទីមួយគាត់អត់មានលុយ។ និយាយរួមទៅ គាត់អត់មានលុយអំឡុងពេលទុកគាត់ដោយឡែករយៈពេល ១៤ថ្ងៃនោះទេ ។ ហើយមួយទៀត សួរថា គាត់ហូបចុកនៅឯណា? ចង់និយាយអ៊ីចឹងណា៎។ ការហូបចុកគាត់យ៉ាចម៉េចរយៈពេល ១៤ថ្ងៃហ្នឹង។ ហើយទីបី ថ្លៃដែលផ្ទះជួលស្នាក់នៅអីនោះ តើគាត់បានលុយមកពីណាដើម្បីបង់ថ្លៃជួលហ្នឹង»។
ស្របពេលដូចគ្នានេះដែរ អ្នកស្រី យ៉ាង សុភ័ណ្ឌ ក៏បានបង្ហាញក្តីព្រួយបារម្ភចំពោះកម្មករមួយចំនួនដែលត្រូវបានបញ្ឈប់ការងារ ដោយសារពួកគេមិនបានមកធ្វើការនៅថ្ងៃចូលឆ្នាំ។
យោងតាមសេចក្តីណែនាំមួយ ចុះថ្ងៃទី១៧ ខែមេសា ក្រសួងការងារ បានលើកឡើងថា កម្មករត្រូវពិនិត្យសុខភាពរបស់ខ្លួននិងមិនត្រូវឲ្យធ្វើការរយៈពេល ថ្ងៃ។
ក្រសួងការងារបញ្ជាក់ថា ថៅកែរោងចក្រមិនមានកាតព្វកិច្ចផ្តល់ប្រាក់ឈ្នួលជូនកម្មករនិយោជិតណាម្នាក់ ដែលឈប់សម្រាកដោយឯកឯងគ្មានការអនុញ្ញាតពីម្ចាស់រោងចក្ រក្នុងរយៈពេលដាក់ឲ្យនៅដាច់ដោយឡែកនោះទេ។ ក្រសួងបញ្ជាក់ថា ម្ចាស់រោងចក្រមានកាតព្វកិច្ចផ្តល់ប្រាក់ឈ្នួលត្រឹមចំនួន ៧ថ្ងៃដល់កម្មករណាម្នាក់ ដែលឈប់សម្រាកដោយមានការអនុញ្ញាតពីថៅកែរោងចក្រ៕