ភ្នំពេញ —
ការផ្ដល់អាជ្ញាបណ្ណឱ្យអ្នករកស៊ីភ្លើងឯកជនដើម្បីផ្គត់ផ្គង់ភ្លើងអគ្គិសនីជំនួសរដ្ឋនៅតាមទីជនបទទំនងជាមូលហេតុចម្បងមួយដែលធ្វើឱ្យភ្លើងអគ្គិសនីនៅតាមជនបទកម្ពុជាមានតម្លៃខ្ពស់និងផ្គត់ផ្គង់បានទាប ធៀបហ្នឹងប្រទេសក្បែរខាងក្នុងតំបន់។ ដំណាលគ្នានេះដែរ មន្ត្រីអគ្គិសនីមួយចំនួនក៏ជាអ្នករកស៊ីជាឈ្មួញកណ្ដាលក្នុងការចែកចាយភ្លើងបន្តតាមទីជនបទផងដែរ។ នេះបើយោងតាមមន្ត្រីផ្នែកអគ្គិសនីរបស់រដ្ឋាភិបាលម្នាក់ដែលអត្ថាធិប្បាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ។
មន្ត្រីរូបនេះបានថ្លែងប្រាប់វីអូអេ សំឡេងសហរដ្ឋអាមេរិក តាមសារអេឡិចត្រូនិកថា ក្នុងការធ្វើអគ្គិសនីភាវូបនីយកម្មជនបទឬក៏ការធ្វើឱ្យប្រជាពលរដ្ឋនៅជនបទមានភ្លើងប្រើប្រាស់គ្រប់គ្រាន់ រដ្ឋាភិបាលកម្ពុជាបានជ្រើសរើសការផ្ដល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនឯកជនដើម្បីផ្គត់ផ្គង់អគ្គិសនីជំនួសឬបន្តពីខ្លួនទៅវិញ ដែលខុសពីអ្វីដែលប្រទេសក្នុងតំបន់ធ្លាប់អនុវត្តបានដោយជោគជ័យនាពេលកន្លងមក។
អ្វីដែលប្រទេសក្នុងតំបន់ដូចជាប្រទេសថៃ វៀតណាម និងម៉ាឡេស៊ីធ្លាប់ធ្វើកន្លងមកគឺថាប្រទេសទាំងនោះមិនឱ្យអ្នករកស៊ីភ្លើងឯកជនជាអ្នកផ្គត់ផ្គង់ភ្លើងអគ្គិសនីនៅតាមជនបទជំនួសខ្លួននោះទេ ប៉ុន្តែរដ្ឋាភិបាលប្រទេសទាំងនោះបានពង្រីកការផ្គត់ផ្គង់ទៅទីជនបទដោយខ្លួនឯងតាមរយៈកម្ចីសម្បទានដែលមានការប្រាក់ទាបពីបរទេស។ ឧទាហរណ៍ប្រទេសថៃកាលពីឆ្នាំ១៩៧២ មានប្រជាជនតែ១០ភាគរយប៉ុណ្ណោះដែលមានភ្លើងអគ្គិសនីប្រើប្រាស់ ប៉ុន្តែរដ្ឋាភិបាលថៃបានស្វែងរកកម្ចីសម្បទានទៅវិនិយោគលើការពង្រីកមធ្យោបាយផលិតនិងចែកចាយអគ្គិសនីដោយខ្លួនឯង ហើយ៣០ឆ្នាំក្រោយមកប្រជាជនថៃចំនួន៩៩ភាគរយមានភ្លើងប្រើប្រាស់គ្រប់គ្រាន់។ នេះបើតាមរបាយការណ៍របស់អាជ្ញាធរអគ្គិសនីនៃប្រទេសថៃ។
ក្រឡេកមកកម្ពុជាវិញ ត្រឹមឆ្នាំ២០១២ អាជ្ញាធរអគ្គិសនីកម្ពុជាបានផ្ដល់អាជ្ញាបណ្ណចំនួន៣៥៤អាជ្ញាបណ្ណដល់អ្នកផ្គត់ផ្គង់និងអ្នកចែកចាយបន្តនៅតាមជនបទ ដែលគ្របដណ្ដប់ជាងមួយម៉ឺនភូមិ ឬលំនៅឋានជាង៩សែនខ្នង ឬ៤០ភាគរយនៃប្រជាពលរដ្ឋកម្ពុជាសរុប។ ក្នុងចំណោមអ្នកដែលទទួលបានអាជ្ញាបណ្ណទាំងនោះមានតែក្រុមហ៊ុនរដ្ឋមួយតែប៉ុណ្ណោះគឺអគ្គិសនីកម្ពុជា (EDC)។ នេះបើតាមរបាយការណ៍របស់អាជ្ញាធរអគ្គិសនីកម្ពុជាដែលមានសមត្ថកិច្ចផ្ដល់អាជ្ញាបណ្ណនិងកំណត់តម្លៃភ្លើងអគ្គិសនីនៅកម្ពុជា។
មន្ត្រីផ្នែកអគ្គិសនីដែលសុំមិនបញ្ចេញឈ្មោះដដែលរិះគន់ថាមូលហេតុសំខាន់មួយដែលធ្វើឱ្យអាជ្ញាធរអគ្គិសនីកម្ពុជាមិនខិតខំពង្រីកការផ្គត់ផ្គង់ភ្លើងអគ្គិសនីនៅជនបទដោយខ្លួនឯងដោយសារមន្ត្រីនៅទីនោះទទួលបានប្រយោជន៍ពីអ្នករកស៊ីភ្លើងឯកជនទាំងនោះ។
មន្ត្រីដដែលបានបង្ហើបឱ្យដឹងថា មកទល់ពេលនេះ មានមន្ត្រីអាជ្ញាធរអគ្គិសនីកាន់អាជ្ញាបណ្ណរកស៊ីលក់ភ្លើងខ្លួនឯងចំនួនជាង១០០អាជ្ញាបណ្ណ ដែលផ្ទុយនឹងមាត្រា១១និង១២នៃច្បាប់ស្តីពីអគ្គិសនី ដែលហាមឃាត់មិនឱ្យមន្ត្រីអាជ្ញាធរអគ្គិសនីទាំងអស់រកស៊ីលក់ភ្លើង។ លោកពន្យល់ថាការដាក់ពាក្យសុំអាជ្ញាបណ្ណខ្លួនឯង និងការរៀបចំប្រជុំផ្តល់អាជ្ញាបណ្ណដោយមន្ត្រីអាជ្ញាធរខ្លួនឯងនេះ ធ្វើឱ្យអ្នកផ្គត់ផ្គង់ភ្លើងទាំងនោះអាចកំណត់តម្លៃភ្លើងយកចំណេញខ្ពស់ខ្លាំងជាងតម្លៃពិតប្រាកដ។ ឧទាហរណ៍ភ្លើងអគ្គិសនីរបស់អគ្គិសនីកម្ពុជាមានតម្លៃប្រមាណក្រោម១ពាន់រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ប៉ុន្តែអ្នករកស៊ីឯកជនបានយកតម្លៃចាប់ពី១២០០រៀលរហូតដល់៤០០០រៀលនៅតំបន់ខ្លះក៏មាន ដែលធ្វើឱ្យតម្លៃអគ្គិសនីនៅកម្ពុជាមានតម្លៃខ្ពស់ជាងប្រទេសក្នុងតំបន់។
ប្រជាពលរដ្ឋខ្មែរនៅតាមជនបទមួយចំនួនបានត្អូញត្អែរពីតម្លៃភ្លើងអគ្គិសនីថ្លៃនិងប្រើប្រាស់មិនបានគ្រប់គ្រាន់។
កំពុងអង្គុយខាងមុខផ្ទះជាមួយគ្រួសារ លោក សោម វ៉ាន់ អាយុ៧២ឆ្នាំ ជាពលរដ្ឋរស់នៅឃុំខ្សែត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
«នៅកំពង់រោទិ៍ ភ្លើងរដ្ឋគឺ៦០០រៀលក្នុងមួយគីឡូវ៉ាត់ ឯនៅទីនេះភ្លើងឯកជនតម្លៃ១២០០រៀល។ ១២០០រៀលបើថាថ្លៃគឺថ្លៃហើយ ព្រោះថាស្រុកស្រែជីវភាពមិនមែនរកលុយបានរាល់ថ្ងៃទេ។ ប៉ុន្តែចេះតែទ្រាំប្រើទៅ ធ្វើម៉េចបើស្រុកវាអញ្ចឹង»។
ចំណែកឯអ្នកស្រី ច្រេង សុភា អាយុ៣៤ឆ្នាំ ជាពលរដ្ឋនៅឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល បានត្អូញថា ភ្លើងអគ្គិសនីដែលផ្គត់ផ្គង់ដោយអ្នករកស៊ីភ្លើងឯកជននាពេលថ្មីៗនេះបានបង្កើតភាពមិនប្រក្រតីជាពិសេសការដាច់ភ្លើងជាញឹកញាប់។
«ភ្លើងនៅទីនេះដាច់សឹងរាល់ថ្ងៃ ដាច់ព្រឹកក៏មាន ដាច់ល្ងាចក៏មាន ពេលព្រឹកមានភ្លើង៤ទៅ៥ម៉ោងដាច់ទៅវិញទៀតហើយ ដាច់៣ទៅ៤ម៉ោងទើបមកវិញ។ ភ្លើងគាត់មាន៣០០គីឡូវ៉ាត់អញ្ចឹង អាចផ្គត់ផ្គង់បាន៥០ផ្ទះ ប៉ុន្តែគាត់បន្ថែមដល់៧០ទៅ៨០ផ្ទះដូច្នេះប្រើអត់គ្រប់។ ពិបាកណាស់ពេលខ្លះគ្រាន់តែលាងឆ្នាំងដាំបាយមិនទាន់បានទាំងដោតភ្លើងផង ដាច់ភ្លើងបាត់ទៅហើយ»។
អ្នកស្រី សុភា សម្ដែងការខឹងសម្បារថានៅពេលដែលភ្លើងដាច់ញឹកញាប់បែបនេះ បែរជាធ្វើឱ្យគ្រួសារអ្នកស្រីនិងអ្នកភូមិផ្សេងទៀតចំណាយថ្លៃភ្លើងលើសពីពេលមុនដល់ទៅជិតពីរដងទៅវិញ។
លោក ជ្រិន ស្រៀង ប្រធានឃុំនៅទីនោះ ថ្លែងថាក្រុមហ៊ុនដែលផ្គត់ផ្គង់ភ្លើងអគ្គិសនីនៅតំបន់នោះកំពុងតែព្យាយាមដោះស្រាយភាពរអាក់រអួលនេះហើយ។
«ព័ត៌មានដែលផ្ដល់ឱ្យហ្នឹងគឺថាភ្លើងដែលយើងកុម្ម៉ង់ទិញពីវៀតណាមពីដំបូងគឺមានចំនួនល្មមហ្នឹងប្រើ ប៉ុន្តែនៅពេលដែលយើងចែកចាយទៅឃុំដទៃៗទៀតគឺត្រូវខ្វះហើយ។ ព័ត៌មានពីក្រុមហ៊ុនគឺថាក្រុមហ៊ុនកំពុងទំនាក់ទំនងខាងវៀតណាមដើម្បីយកមកប្រើប្រាស់ឱ្យបានគ្រប់គ្រាន់»។
បើតាមរបាយការណ៍របស់អាជ្ញាធរកម្ពុជា នៅឆ្នាំ២០១២កម្ពុជាអាចផលិតថាមពលអគ្គិសនីចេញពីប្រេងឥន្ធនៈ វារីអគ្គិសនី និងធ្យូងថ្ម ជាដើម បានត្រឹមតែចំនួន១៤២៣លានkWh (million kilowatt-hour) ប៉ុណ្ណោះ ចំណែកឯតម្រូវការមានរហូតដល់ជាង៣៥២៧លាន kWh ជាហេតុធ្វើឱ្យកម្ពុជានាំចូលអគ្គិសនីប្រមាណ៦០ភាគរយពីវៀតណាម ថៃ និងឡាវ។
តម្លៃអគ្គិសនីខ្ពស់មិនត្រឹមតែប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋក្រីក្រនៅតាមជនបទប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឱ្យកម្ពុជាមិនមានភាពប្រកួតប្រជែងខ្ពស់ក្នុងការទាក់ទាញវិនិយោគទុនបរទេសផងដែរ។
ក្រុមអ្នកវិនិយោគទុនបានត្អូញត្អែរជាប្រចាំថាបញ្ហាហេដ្ឋារចនាសម្ព័ន្ធនិងតម្លៃអគ្គិសនីថ្លៃធ្វើឱ្យពួកគេចំណាយថ្លៃដើមខ្ពស់ក្នុងការផលិតនៅកម្ពុជា។
ប៉ុន្តែបើតាមមន្ត្រីជាន់ខ្ពស់ម្នាក់នៅអគ្គិសនីកម្ពុជា (EDC) និយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះដែរនោះឱ្យដឹងថាមូលហេតុដែលរដ្ឋាភិបាលមិនផ្គត់ផ្គង់អគ្គិសនីនៅតាមជនបទ តែបែរជាផ្ដល់អាជ្ញាបណ្ណផ្គត់ផ្គង់ភ្លើងនេះទៅឱ្យឯកជនវិញ ដោយសាររដ្ឋាភិបាលពុំមានលទ្ធភាពពង្រីកការផ្គត់ផ្គង់របស់ខ្លួនបានទូទាំងប្រទេសស្របពេលដែលរដ្ឋាភិបាលដាក់គោលដៅឱ្យភូមិឃុំទាំងអស់មានភ្លើងអគ្គិសនីប្រើប្រាស់នៅត្រឹមឆ្នាំ២០២០។ មន្ត្រីនៅអគ្គិសនីកម្ពុជាដដែលឱ្យដឹងទៀតថារដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្នកំពុងតែវិនិយោគលើប្រភពថាមពលផ្សេងៗដូចជារោងចក្រអគ្គិសនីដើរដោយធ្យូងថ្មនៅខេត្តព្រះសីហនុ និងវ៉ារីអគ្គិសនីជាដើម ហើយប្រសិនបើគម្រោងទាំងនោះបញ្ចប់ការសាងសង់ រដ្ឋាភិបាលរំពឹងថាខ្លួនអាចពង្រីកការផ្គត់ផ្គង់អគ្គិសនីបានទូលំទូលាយនិងក្នុងតម្លៃទាបជាងមុន។
លោក ប្រាង ជលសារ អគ្គនាយករងទទួលបន្ទុកកិច្ចការបច្ចេកទេសនៃអគ្គិសនីកម្ពុជាស្នើមិនធ្វើអត្ថាធិប្បាយតាមខ្សែទូរស័ព្ទនោះទេ។ ចំណែកឯលោក ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាមិនអាចទំនាក់ទំនងបានទេពីរថ្ងៃមកនេះ៕