ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សន្និសីទ​កំពូល​ទន្លេ​មេគង្គ ​ពិចារណា​​ពី​ការ​ប្រឈម​នៃ​ការ​អភិវឌ្ឍ


គម្រោង​សំណង់​ទំនប់​ទឹក​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​អំពី​អនាគត​នៃ​ទន្លេ​មេគង្គ​
គម្រោង​សំណង់​ទំនប់​ទឹក​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​អំពី​អនាគត​នៃ​ទន្លេ​មេគង្គ​
សន្និសីទ​កំពូល​របស់​ប្រទេស​៤​ដែល​មាន​ព្រំ​ដែន​នៅ​តាម​បណ្តោយ​ដងទន្លេ​មេគង្គ​ ​មាន​ប្រទេស​កម្ពុជា ​ឡាវ ​ថៃ​និង​វៀត​ណាម​ ​បាន​បញ្ចប់ដោយ​ទាញ​ការ​សន្និដ្ឋានថា​ ​មាន​តម្រូវការ​ឲ្យសិក្សា​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀតពី​ការ​កើន​ឡើង​នូវ​បញ្ហា​ការរីក​លូតលាស់​ប្រជា​ពលរដ្ឋ​ ​តម្រូវការ​ទឹក​ហើយ​នឹង​ផល​ប៉ះ​ពាល់នៃ​ការ​ផ្លាស់​ប្តូរអាកាស​ធាតុ​លើ​ទី​ជម្រាល។ ​គម្រោង​ទំនប់​ថាម​ពល​វារី​អគ្គិសនី​២ ​ដែល​ធ្វើ​ឡើង​ដោយ​ប្រទេស​ឡាវ ​បាន​ទទួល​ការ​យក​ចិត្ត​ទុកដាក់​យ៉ាង​ពិសេស ​ដោយ​មាន​ប្រ​ទេស​វៀត​ណាម​គាប​សង្កត់​ប្រ​ទេស​ឡាវ​ឲ្យ​ពន្យារ​ការងារ​រហូត​ទាល់​ការ​សិក្សា​បន្ថែម​ទៀត​ ត្រូវ​បាន​បញ្ចប់​នៅ​ឆ្នាំ​២០១៥។

​សន្និសីទ​ថ្នាក់​រដ្ឋ​មន្រ្តី​លើក​ទី២របស់​គណៈកម្មការ​ទន្លេ​មេគង្គ​ (MRC) បាន​អំពាវ​នាវឲ្យ​មានកិច្ច​សហប្រតិបត្តិការកាន់​តែធំ​ឡើងនៅ​ក្នុង​ការ​រៀប​ចំ​ចាត់​ចែង​ប្រភព​ទឹក​ដ៏​សំខាន់​របស់​ទន្លេ​នោះ។

នាយករដ្ឋ​មន្រ្តី ​ង្វៀន តាន់យុង (Nguyen Tan Dung) ​នៃ​ប្រទេស​វៀត​ណាម​ ​បាន​និយាយ​ថា ​ការ​ពង្រឹងកិច្ច​សហប្រតិបត្តិ​ការក្នុង​តំបន់​ ​ជា​ការ​ចាំ​បាច់​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ​មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តភាពនៅ​តាម​បណ្តោយ​ទន្លេ​មេគង្គ។ ​លោក​ព្រមានពី​ផលប៉ះ ពាល់​ជា​អវិជ្ជមាន​ដ៏​ធ្ងន់​ធ្ងរដែល​កំពុង​ប្រឈម​មុខ​នៅ​ក្នុង​តំបន់។ ​លោក ​បាន​ចង្អុល​បង្ហាញពី​សម្ពាធ​កំពុង​កាន់​តែ​កើន​ឡើង​លើ​ទឹក​និង​ការទាក់​ទិនធនធានក្នុង​អាង​ទន្លេ​មេគង្គដែល​ជា​ទី​កន្លែង​រស់​នៅរបស់​មនុស្ស​៦០​លាន​នាក់។

វៀតណាម​កំពុង​ប្រឈម​ការកើន​ឡើងនូវទឹក​ប្រៃចូលក្នុង​ដំបន់​ដីសណ្តរ​ទន្លេ​មេគង្គ​បណ្តាលមក​ពី​ការ​ចុះ​ទាប​នៃ​លំ​ហូរទឹក​សាប​ ​ដោយ​កាត់​បន្ថយ​ចំនួន១០​ភាគរយ​ក្នុង​រយៈ​ពេល៣​ទសវត្សរ៍​ចុងក្រោយ​នេះ។

​លោក​ង្វៀន ម៉ិញ​គួង ​(Nguyen Minh Quang) ​រដ្ឋមន្រ្តីក្រសួង​ធនធាន​ធម្មជាតិនិង​បរិដ្ឋាន​វៀតណាម​បាន​អំពាវនាវ​ដល់​ប្រទេស​ឡាវ​ឲ្យ​ពិ​គ្រោះ​យោបល់ជា​មួយ​ប្រទេស​នានា​នៅ​តាមបណ្តោយ​ទន្លេមេគង្គ​មុនពេល​ចាប់​ផ្តើម​សាង​សង់​ទំនប់​២​នៅ​ទន្លេមេគង្គ​ក្រោម។

ក៏ប៉ុន្តែ ​ឡាវ ​ក៏​កំពុង​បន្តដើម្បី​បញ្ចប់​ការ​ស្ថាបនាទំនប់​សាយ៉ាបូរី​ដ៏​ចម្រូង​ចម្រាស​ដែល​មាន​កម្លាំង១.២៨៥​ម៉េហ្គាវ៉ាត់​ដែរ។ ហើយ ​ពួក​បរិដ្ឋាន ​និយាយ​ថា ​ទំនប់​ Don Sahong ​ដែល​មាន​កម្លាំង​២៦០​ម៉េហ្គាវ៉ាត់ ​នៅជិត​ព្រំ​ដែន​ឡាវ​ជាមួយ​កម្ពុជា​ ​នឹង​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​លើ​ការ​ផ្លាស់​ទី​របស់ត្រី​ ​ដែល​ចិញ្ចឹមមនុស្ស​រាប់​លាន​នាក់​ជា​ពិសេស​ក្នុង​ប្រទេស​កម្ពុជា។

​អង្គការ​ទន្លេ​អន្តរជាតិ​ដែលជា​អង្គការ​មិនមែន​រដ្ឋាភិបាល​មាន​ទីតាំង​ក្នុង​សហរដ្ឋ​អាមេរិក​ ​និយាយ​ថា​ការងារ​លើ​គម្រោង​ទាំង​នោះ ​ត្រូវ​តែ​បញ្ឈប់​ជាបន្ទាន់។ ​លោកស្រី ផាន់ផន ឌីតេស(Painporn Deetes) ​សកម្ម​ជន​ទន្លេ​អន្តរជាតិ និយាយ​ថា ​ពួកមេដឹកនាំ ​គួរតែ​ថ្កោល​ទោសការ​រូតរះស្ថាបនា​ទំនប់​ទាំង​នោះ។

«នេះ ​ជាការ​រកាំ​ចិត្ត​ គ្មាន​ព័ត៌មាន​ពី​ស្ថានភាព​នៃ​ការ​សាង​សង់ទំ​នប់​យ៉ាង​ហោច​ណាស់​ក៏​២​ដែរ​ដែល​កំពុង​សាង​សង់នៅ​ខ្សែ​ទឹក​មេ។ ​ក៏ប៉ុន្តែ ​គណៈកម្មការ​ទន្លេ​មេ​គង្គ​ ​ត្រូវ​ការ​ចាត់​វិធានការជា​បន្ទាន់ពី​ការ​សម្រេច​នេះ​ហើយ​នឹង​ចាត់​វិធានការ​ពី​មេដឹកនាំ​ទាំងអស់។ ​វា ​មាន​សារៈ​សំខាន់​ណាស់សម្រាប់​ប្រទេស​ជា​សមាជិកទទួល​ស្គាល់​ថា ​នេះ​ ​ជា​ទន្លេ​អន្តរជាតិ។​ ​នេះ ​ជា​បញ្ហា​អន្តរជាតិ»។

ក៏ប៉ុន្តែ ​គណៈកម្មការ​ទន្លេ​មេគង្គ ​បាន​ត្រូវ​បង្កើត​នៅ​ឆ្នាំ១៩៩៥ជា​ការ​ស្រាវ​ជ្រាវ​ខាង​វិទ្យា​សាស្រ្ត​ ​គ្មាន​អំណាច​បង្ខំ​ឲ្យ​ប្រតិបត្តិ​ ​ផ្អែកលើរដ្ឋ​ជាសមាជិក​ដើម្បី​គាំទ្រការ​សន្យា​ដែល​បាន​ធ្វើ​ឡើង​នៅ​ជំនួប​សន្និសីទកំពូល។

​លោក​យុក សេងឡុង​មកពីអង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិវឌ្ឍន៍​ធនធាន​ជលផល ​ដែល​មាន​ទីតាំង​ក្នុង​ប្រទេស​កម្ពុជា ​និយាយ​ថា ​គណៈកម្មការ​នោះ គួរតែ​ធ្វើ​កំណែ​ទម្រង់ដើម្បី​ផ្តល់​អនុសាសន៍ដោយ​អង្គការ​សង្គម​ស៊ីវិល។

« លោក ​ដឹង​ទេ​ថា​ គណៈកម្មការ​ទន្លេ​មេគង្គ ​ត្រូវ​តែធ្វើ​កំណែ​ទម្រង់។ ​នៅស្ថាន​ភាពបច្ចុប្បន្ន​នេះ​ដូច​អ្វី​ដែល​យើង ​អាចនិយាយក្នុង​ឋានៈ​ជា​អង្គការ​សង្គម​ស៊ីវិល ​ថា​ គណៈ​កម្មការ​ទន្លេ​មេគង្គ​ ​ដូចជា​ខ្លា​ក្រដាស ​វា ​ដូចជា​អ្នក​រត់​សំបុត្រ​ ​វា ​គ្មាន​អំណាច​អ្វី​ទាល់​តែ​សោះ។ ​គ្មាន​អំណាច​ទាល់​តែ​សោះ​ដើម្បី​ដាក់​សម្ពាធលើ​ប្រទេស​ណាមួយ​ពិត​ប្រាកដដូចជា​សាធារណរដ្ឋ​ប្រជា​មានិតុ​ឡាវ​ដែល​ធ្វើ​ការ​សម្រេចដើម្បី​ស្ថាបនាទំនប់​សាយ៉ាបុរី ​និង​ទំនប់​ដនសាហុង»។

ពួក​អ្នក​បរិដ្ឋាន​ ​កំពុង​ប្រុងប្រៀបបង្កើន​យុទ្ធ​នាការ​ពន្យារ​គម្រោង​ទំនប់​ដន សាហុងដែល​តម្រូវ​ឲ្យបាន​ទទួល​ការ​សច្ចា​នុម័តពី​សភា​ឡាវ ​ដែល​ឥឡូវ​នេះ ​ត្រូវ​គេ​រំពឹងនៅ​ខែ​ធ្នូ។

​ឡាវ ​បាន​ប្រាប់​សន្និសីទ​កំពូលថា ​ខ្លួន ​នឹង​ពិចារណា​យ៉ាង​ប្រុង​ប្រយ័ត្នពី​ការ​ព្រួយ​កង្វល់​ពី​ផល​ប៉ះ​ពាល់នៃ​ការ​ស្ថាបនាទំនប់នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG