ស្ត្រី២នាក់បានចោទប្រកាន់លោក Moore ពីការប្រព្រឹត្តអំពើបៀតបៀនផ្លូវភេទកាលពីពួកគេស្ថិតនៅក្នុងវ័យជំទង់ ឯលោក Moore ស្ថិតក្នុងវ័យ ៣០ប្លាយ។ ស្ត្រី៣នាក់ផ្សេងទៀតបាននិយាយប្រហាក់ប្រហែលគ្នាថា នៅចុងទសវត្សរ៍ឆ្នាំ១៩៧០ លោក Moore តាមណាត់ពួកគេ នៅពេលលោកនៅជាចៅក្រមតុលាការកំពូលប្រចាំរដ្ឋ ហើយពួកគេជាសិស្សវិទ្យាល័យនៅឡើយ។
មេដឹកនាំគណបក្សសាធារណរដ្ឋដែលមានសំឡេងភាគច្រើនក្នុងព្រឹទ្ធសភា លោក Mitch McConnell និង ប្រធានសភាលោក Paul Ryan ហើយនឹងអតីតបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋចំនួន២រូបទៀត គឺលោក Mitt Romney និង សមាជិកព្រឹទ្ធសភាលោក John McCain សុទ្ធតែបាននិយាយថា លោក Moore ដែលមានវ័យ ៧០ឆ្នាំនេះគួរតែដកខ្លួនចេញពីការប្រជែងយកតំណែង។
លោក McConnell បានប្រាប់អ្នករាយការណ៍ថា ស្ត្រីដែលបានបង្ហាញមុខនោះ សុទ្ធតែ អាច «ជឿជាក់បានទាំងស្រុង» ហើយលោក Moore «ច្បាស់ណាស់មិនសក្តិសមនៅក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិកទេ»។
លោក Moore បានឆ្លើយតបវិញដោយសារយ៉ាងខ្លីតាមប្រព័ន្ធសង្គម Twitter ថា «លោក Mitch McConnell ជាទីស្រឡាញ់ បើហ៊ាន ចូលមក»។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ មិនទាន់ធ្វើអត្ថាធិប្បាយលើស្ថានភាពនេះទេ។
លោក Moore កំពុងប្រឈមនឹងលោក Doug Jones ដែលជាសមាជិកគណបក្សប្រជាធិបតេយ្យ និង អតីតរដ្ឋអាជ្ញា នៅក្នុងការប្រជែងយកតំណែងព្រឹទ្ធសភាដែលនៅសល់៣ឆ្នាំ ដែលកាលពីមុនជាតំណែងលោក Jeff Sessions ដែលបានចុះចេញពីតំណែងនេះទៅចូលរួមក្នុងគណៈរដ្ឋមន្ត្រីរបស់លោកត្រាំ ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
ការចោទប្រកាន់នានា
លោក Moore បានបន្ទោសប្រព័ន្ធផ្សាយព័ត៌មានថាវាយប្រហារមកលើយុទ្ធនាការរបស់លោក ហើយថ្លែងថាលោកនឹងប្តឹង The Washington Post ដែលជាកាសែតបានចុះផ្សាយពីការចោទប្រកាន់ដែលលេចឡើងមុនគេ ពីស្ត្រី៤នាក់នៅក្នុងបទសម្ភាសន៍សម្រាប់ចុះផ្សាយ។
ស្ត្រីទី៦ ដែលបានចោទប្រកាន់លោក Moore ថាស្ទាបនាង ខណៈដែលនាងនៅការិយាល័យមេធាវីរបស់លោកនៅរដ្ឋ Alabama កាលពីឆ្នាំ១៩៩១។ ខុសពីករណីមុនៗដែលទាក់ទិននឹងក្មេងវ័យជំទង់ អ្នកស្រី Tina Johnson កាលពេលនោះមានអាយុ ២៨ឆ្នាំ ហើយកំពុងមានបញ្ហាលែងលះប្តី។ អ្នកស្រីពេលនោះកំពុងស្ថិតនៅក្នុងការិយាល័យមេធាវីជាមួយម្តាយរបស់អ្នកស្រី ដែលបានជួលលោក Moore ដើម្បីដោះស្រាយករណីបីបាច់ថែរក្សាកូនប្រុសរបស់អ្នកស្រី។
នៅពេលដែលអ្នកស្រីនិងម្តាយចាកចេញពីការិយាល័យរបស់លោក Moore អ្នកស្រី Johnson ថ្លែងថាលោក Moore បានស្ទាបគូថរបស់នាង។ អ្នកស្រីបាននិយាយថា៖ «គាត់មិនបានក្តិចទេ គាត់ចាប់គូទខ្ញុំ»។
កាលពីពាក់កណ្តាលខែវិច្ឆិកានេះ អ្នកស្រី Beverly Young Nelson បានចោទប្រកាន់ថា លោក Moore បានបំពានលើរាងកាយអ្នកស្រីកាលពីយប់មួយ នៅចុងទសវត្សរ៍ឆ្នាំ១៩៧០ បន្ទាប់ពីអ្នកស្រីបានបញ្ចប់ការងាររបស់អ្នកស្រីនៅភោជនីយដ្ឋានសាច់អាំងមួយ ដែលជាភោជនីយដ្ឋានដែលលោក Moore ទៅជាញឹកញាប់នៅទីក្រុង Gadsden នៃរដ្ឋ Alabama។ លោក Moore បានអះអាងថាមិនស្គាល់ស្ត្រីម្នាក់នេះទេ ប៉ុន្តែអ្នកស្រី Nelson បាននិយាយថានៅឆ្នាំ ១៩៧៧ លោកបានជូនពរអ្នកស្រីថា «រីករាយថ្ងៃបុណ្យណូអែល» នៅសៀវភៅប្រចាំឆ្នាំនៅវិទ្យាល័យរបស់អ្នកស្រី។
«ចំពោះនារីដែលផ្អែមល្អែម និង ស្រស់ស្អាតជាងគេ រីករាយថ្ងៃបុណ្យណូអែល ពី Roy Moore D.A.» នេះជាសំណេរ ដែលសំដៅទៅលើការងាររបស់លោកជាមេធាវីប្រចាំរដ្ឋនៅពេលនោះ។
លោក Phillip Jauregui ដែលជាមេធាវីការពារលោក Moore កាលពីសប្តាហ៍មុន បានចោទជាសំនួរថាតើ លោក Moore ពិតជាបានសសេរអក្សរទាំងអស់នោះដែរឬទេ។
នៅក្នុងសារដែលលោកបានដាក់នៅលើបណ្តាញសង្គម Facebook និង Twitter លោក Moore ច្រានចោលការចោទប្រកាន់ពីអ្នកស្រី Nelson និង ស្ត្រីម្នាក់ទៀតឈ្មោះ Leigh Corfman ដែលនិយាយថាលោក Moore បានផ្តើមបៀតបៀនផ្លូវភេទអ្នកស្រីនៅពេលអ្នកស្រីមានអាយុ១៤ឆ្នាំ។ លោក Moore បន្ថែមថាលោក «មិនបានទាក់ទងក្មេងៗមិនទាន់គ្រប់អាយុទេ»។
លោក Moore ដែលជាចៅក្រមម្នាក់ និងដែលត្រូវដកហូតចេញពីតំណែងប្រធានតុលាការកំពូល២លើក បានថ្លែងថាលោកកំពុងស៊ើបអង្កេតពី «ប្រភព និង ការជំរុញ» ឲ្យមានការចោទប្រកាន់ទាំងនេះ។
លោកថ្លែងថា៖ «តើយើងកំពុងស្ថិតក្នុងដំណាក់កាលរបស់នយោបាយអាមេរិកដែលការចោទប្រកាន់ខុសអាចឈ្នះការបំពេញកិច្ចការបំរើសាធារណៈជនអស់រយៈពេល៤០ឆ្នាំ ហើយការចោទប្រកាន់ពីសំណាក់បណ្តាញសាព័ត៌មាននិង អ្នកនយោបាយដើម្បីថ្កោលទោសជនស្លូតត្រង់ម្នាក់ ហើយនឹងអាចប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតជាតិដ៏សំខាន់មួយមែនទេ?»
វិបត្តិនយោបាយ
ការស្ទង់មតិនយោបាយបង្ហាញថា លោក Moore និង លោក Jones ពីគណបក្សប្រជាធិបតេយ្យគឺកំពុងប្រជែងគ្នាយ៉ាងកៀកបំផុតនៅក្នុងរដ្ឋនយោបាយអភិរក្ស ដែលបោះឆ្នោតយ៉ាងច្រើនឲ្យលោក ត្រាំ នៅពេលបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំមុន។
លោកត្រាំ ខណៈដែលកំពុងធ្វើដំណើរនៅក្រៅប្រទេសនោះ បានបដិសេធមិនឆ្លើយសំនួរទាក់ទិននឹងលោក Moore។ លោកថ្លែងថា៖ «ខ្ញុំត្រូវតែត្រឡប់ទៅប្រទេសវិញដើម្បីដឹងថាអ្វីដែលកំពុងកើតឡើង»។
លោកត្រាំ ប្រឈមនឹងវិបត្តិនយោបាយក្នុងការដោះស្រាយរឿងលោក Moore។ បេក្ខជននេះអាចមិនអើពើពីសំណូមពររបស់លោកប្រធានាធិបតីឲ្យចេញពីការប្រជែងតំណែង ដោយសារលោកត្រាំ គាំទ្រគូប្រជែងលោក Moore នៅការបោះឆ្នោតគណបក្សសាធារណរដ្ឋកាលពីខែកញ្ញា ដោយចាត់តាំងសមាជិកព្រឹទ្ធសភាគឺលោក Luther Strange។ ប៉ុន្តែបន្ទាប់ពីលោក Moore បានឈ្នះឆ្នោត លោកត្រាំបញ្ចេញសំឡេងគាំទ្រវិញ។
បន្ថែមពីនេះ បើសិនជាលោកត្រាំនិយាយដូចសមាជិកគណបក្សសាធារណរដ្ឋផ្សេងទៀត ដែលជឿលើការចោទប្រកាន់របស់ស្ត្រីទាំងនោះទៅលើលោក Mooreនោះ អ្នករិះគន់លោកត្រាំ ប្រហែលជាចោទជាសំនួរថាហេតុអ្វីជឿស្ត្រីទាំងនោះ ប៉ុន្តែមិនជឿស្ត្រីទាំង១១នាក់ដែលបានចោទប្រកាន់លោកត្រាំពីការស្ទាប និង ថើបដោយមិនមានការយល់ព្រម នៅអំឡុងការបោះឆ្នោតប្រធានាធិបតី។ លោកត្រាំ បានមានប្រសាសន៍ថា ពួកគេគឺជាអ្នកកុហក ហើយសន្យាថានឹងប្តឹងពួកគេ ប៉ុន្តែមិនបានដាក់ពាក្យបណ្តឹងឡើយ។
លោក McConnell និង មន្ត្រីពីគណបក្សសាធារណរដ្ឋផ្សេងទៀតបានបង្កគំនិតមួយដើម្បីបង្កើតការសសេរឈ្មោះបេក្ខជនលើសន្លឹកឆ្នោតដើម្បីយកឈ្នះលោក Moore។ អ្នកខ្លះបានឲ្យយោបល់អំពី ការព្យាយាមដ៏ប្លែកដែលចង់រក្សាអាសនៈសភានៅក្នុងដៃគណបក្សសាធារណរដ្ឋជាមួយនឹងការសសេរឈ្មោះចូលលើសន្លឹកឆ្នោត ខណៈដែលអ្នកផ្សេងទៀតបានឲ្យយោបល់ថា លោក Sessions ចុះចេញពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ហើយព្យាយាមយកតំណែងព្រឹទ្ធសភាវិញដែលលោកបានកាន់អស់រយៈពេល២០ឆ្នាំមកហើយ។
សមាជិកគណបក្សសាធារណរដ្ឋផ្សេងទៀតបានថ្លែងថា បើសិនជាលោក Moore ឈ្នះឆ្នោតបានអាសនៈនៅក្នុងព្រឹទ្ធសភាដែលមានសមាជិក១០០នាក់នោះ ពួកគេនឹងព្យាយាមដេញលោកចេញភ្លាមៗ ពីព្រោះតែលោកមិនសក្តិសមតាមក្រមសីលធម៌ជាសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកទេ៕