លោក Roy Moore បានបង្កើតអាជីពពីការរិះគន់អ្វីដែលលោកយល់ឃើញថា ជាបញ្ហាញាំញីនៅអាមេរិក ជាពិសេសពាក់ព័ន្ធនឹងរឿងផ្លូវភេទ។
លោក Roy Moore ដែលជាបេក្ខជនសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋបាននិយាយថា៖
«ភាពអសីលធម៌ ការរំលូតកូន ការរួមភេទតាមរន្ធគូថ អំពើលីលាខាងផ្លូវភេទកំពុងតែកើតមានពាសពេញទឹកដីរបស់យើង»។
ឥឡូវនេះ ស្រ្តីមួយចំនួនបានចោទប្រកាន់លោក Mooreពីការប្រព្រឹត្តអំពើបៀតបៀនផ្លូវភេទលើពួកគេ កាលពីពីរបីទសវត្សរ៍មុន នៅពេលដែលពួកគេស្ថិតនៅក្នុងវ័យជំទង់ ហើយលោក Moore ស្ថិតនៅក្នុងវ័យ ៣០ឆ្នាំ។
លោក Jeff Flake សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋបាននិយាយថា៖
«រឿងនេះពិតជាគួរឲ្យស្អប់ខ្ពើមណាស់»។
សមាជិកគណបក្សសាធារណរដ្ឋ ដែលមានទំនោរនឹងបង្ហាញពីសំណើកាត់បន្ថយពន្ធដារ ត្រូវបង្ខំចិត្តចេញមកនិយាយពីរឿងនេះ។
«ប្រសិនបើមានការពិតនៅក្នុងរឿងនេះ គាត់ [លោក Moore] ត្រូវតែដកខ្លួនចេញ ហើយ [ត្រូវតែធ្វើ] ឥឡូវនេះ»។
លោក Moore ដែលជាអតីតចៅក្រមតុលាការកំពូលប្រចាំរដ្ឋ ត្រូវបានដកចេញពីតំណែងចំនួនពីរដង។ ទីមួយគឺនៅពេលដែលលោកបដិសេធមិនដកចេញរូបសំណាកវិន័យព្រះ Ten Commandments ពីអគារសាធារណៈមួយ។ បន្ទាប់មកគឺនៅពេលដែលលោកបដិសេធមិនទទួលស្គាល់ការដាក់ឲ្យស្របច្បាប់នូវការរៀបការរវាងអ្នកមានភេទដូចគ្នានៅសហរដ្ឋអាមេរិក។ ឥឡូវនេះ លោកជាបេក្ខជនប្រជែងតំណែងក្នុងព្រឹទ្ធសភា ហើយយុទ្ធនាការរបស់លោក Moore កំពុងតែជួបប្រទះវិបត្តិ។
លោក Roy Moore បានមានប្រសាសន៍ថា៖
«ខ្ញុំមិនដែលប្រព្រឹត្តមិនគប្បីលើផ្លូវភេទជាមួយនរណាម្នាក់ទេ... មុនពេលបោះឆ្នោត ដែលនាំឲ្យមានការចោទប្រកាន់ដូចគ្នានេះ គឺពិតជាមិនគួរឲ្យជឿ»។
មន្រ្តីក្នុងជួរបក្សរបស់លោកត្រាំមិនបានបោះបង់លោក Moore ចោលទេ។
អ្នកស្រី Kellyanne Conway ទីប្រឹក្សាលោកប្រធានាធិបតីត្រាំបាននិយាយថា
«វានឹងជារឿងមិនធ្លាប់មានពីមុនមកដ៏គ្រោះថ្នាក់មួយសម្រាប់យើងគ្រប់គ្នា មិនថានរណាម្នាក់ទេ នៅក្នុងប្រទេសនេះ គឺថា នឹងត្រូវរងការកាត់ផ្តាច់ចេញ ដោយសារតែរបាយការណ៍សារព័ត៌មាន។ នេះជាលទ្ធិប្រជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ»។
ប៉ុន្តែសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋបានសម្រុកទៅបង្ហោះសារនៅលើបណ្តាញសង្គមទ្វីធឺ ដោយមានមួយចំនួនដកខ្លួនពីការគាំទ្រលោក Moore ហើយមួយចំនួនទៀតអំពាវនាវឲ្យលោកដកខ្លួនចេញពីការប្រជែងយកតំណែងសមាជិកព្រឹទ្ធសភា។
ដៃគូប្រជែងរបស់លោកពីគណបក្សប្រជាធិបតេយ្យក៏បានបញ្ចេញសំឡេងផងដែរ៖
លោក Doug Jones បេក្ខជនសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យបាននិយាយថា៖
«នេះជាបញ្ហារបស់គាត់។ គាត់ត្រូវតែដោះស្រាយបញ្ហានោះ ហើយប្រជាពលរដ្ឋនៅរដ្ឋ Alabama ត្រូវការចម្លើយ»។
សមាជិកគណបក្សសាធារណរដ្ឋកាន់កាប់កៅអីមួយភាគធំ ដោយមានលើសកៅអីចំនួនពីរនៅក្នុងព្រឹទ្ធសភា ដែលសំឡេងនេះចែកជាពីរ ប្រសិនបើសមាជិកគណបក្សប្រជាធិបតេយ្យឈ្នះនៅរដ្ឋ Alabama ដែលជារដ្ឋដែលមានប្រជាជនភាគច្រើនគាំទ្រគណបក្សសាធារណរដ្ឋ។
លោក Tom Perez ប្រធានគណៈកម្មាការជាតិប្រជាធិបតេយ្យ (Democratic National Committee) ដែលគ្រប់គ្រងគណបក្សប្រជាធិបតេយ្យនៅអាមេរិក បាននិយាយថា៖
«សមាជិកគណបក្សប្រជាធិបតេយ្យអាចប្រកួត និងឈ្នះគ្រប់ទីកន្លែង»។
ខណៈដែលសមាជិកគណបក្សប្រជាធិបតេយ្យកំពុងតែពង្រឹងខ្លួន សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋកំពុងប្រឈមជាមួយនឹងការពិតមួយ ដែលនោះគឺ ពួកគេអាចបាត់បង់កៅអីព្រឹទ្ធសភា ឬត្រូវចូលរួមជាមួយនឹងបុរសម្នាក់ ដែលសមាជិកមួយចំនួននៅក្នុងជួរបក្សខ្លួនប្រកាសថា មិនសមនឹងចូលបម្រើការ៕
ប្រែសម្រួលដោយណឹម សុភ័ក្រ្តបញ្ញា