ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Pence សន្យា​បង្ហាញ​ភស្តុតាង​ដើម្បី​បដិសេធ​ការ​ចោទ​ពី​ការ​រំលោភបំពាន​ផ្លូវ​ភេទ​របស់​លោក​ Trump


លោក Mike Pence បេក្ខជន​អនុប្រធានាធិបតី​ពី​គណបក្ស​សាធារណរដ្ឋ​ ក្នុង​ពេល​ពិភាក្សា​ដេញ​ដោល​នៅ​សាកល​វិទ្យាល័យ​ Longwood កាល​ពី​ថ្ងៃទី​៤ ខែ​តុលា។
លោក Mike Pence បេក្ខជន​អនុប្រធានាធិបតី​ពី​គណបក្ស​សាធារណរដ្ឋ​ ក្នុង​ពេល​ពិភាក្សា​ដេញ​ដោល​នៅ​សាកល​វិទ្យាល័យ​ Longwood កាល​ពី​ថ្ងៃទី​៤ ខែ​តុលា។

នៅ​ពេល​ដែល​លោក​ Donald Trump ​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ប្រកែក​ដាច់​អហង្ការ​អំពី​ការ​ចោទ​ប្រកាន់​ជា​ច្រើន​ថា​លោក​បាន​រំលោភ​ខាង​ស្នេហា​លើ​ស្ត្រី​ លោក ​Mike Pence ​បេក្ខជន​អនុ​ប្រធានា​ធិបតី​របស់​លោក​សន្យា​ថា​ ភស្តុតាង​ដែល​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​នេះ​នឹង​ត្រូវ​លាត​ត្រដាង​ឱ្យ​ដឹង។​

ជន​ដែល​លោក​ Trump ​បាន​ជ្រើស​រើស​ឱ្យ​ធ្វើជា​បេក្ខជន​អនុប្រធានា​ធិបតី​របស់​លោក​បាន​និយាយ​កាល​ពីថ្ងៃ​សុក្រ​នៅ​ក្នុង​កម្មវិធី​ This Morning​ របស់​បណ្តាញ ទួរទស្សន៍​ CBS ​កាល​ពី​ថ្ងៃ​សុក្រថា «នៅ​មុន​ដំណាច់​ថ្ងៃ​នេះ​ នឹង​មាន​ភស្តុតាង​ថែម​ទៀត​ដែល​នាំ​ឱ្យ​មាន​ការ​សង្ស័យ​សាធារណៈ​អំពី​ការ​ចោទ​ប្រកាន់​ថ្មីៗ​ទាំង​នេះ»។

លោក ​Pence​ បាន​និយាយ​បន្ថែម​ថា​ «សូម​រង់ចាំ​ស្តាប់។ ​ខ្ញុំ​ដឹង​ថា​នឹង​មាន​ព័ត៌មាន​ថែម​ទៀត​ដែល​នឹង​គាំទ្រ​ការ​អះអាង​របស់​លោក​ Trump​ ដែល​ថា​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ខុស​ទាំង​អស់»។

នៅ​ក្នុង​សេចក្តី​សម្ភាសន៍​មួយ​ចំនួន​តាម​ទូរទស្សន៍​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ លោក Pence ​បាន​បន្ទោស​បណ្តាញ​ផ្សាយ​ព័ត៌មាន​ថា​បាន​ធ្វើការ​ចោទ​ប្រកាន់​ដោយ​មិន​បាន​បង្ហាញ​ភស្តុតាង​ប្រឆាំងនឹង​លោក ​Trump ​ដោយ​លោកបាន​ចោទ​ប្រកាន់​ពួក​អ្នក​ចោទ​ប្រកាន់​លោក​ថា​ ជា​ផ្នែក​មួយ​នៃ​ការ​រួម​គំនិត​ធ្វើ​អំពើ​ទុច្ចរិត​ដើម្បី​បង្ខូច​កិត្តិយស​លោក​ជា​មេដឹកនាំ​នៃ​ចលនា​នយោបាយ​មួយ​នៅ​ក្រៅ​ចលនា​នយោបាយ​ធំៗ។

លោក​ Trump ​បាន​និយាយ​នៅ​ក្នុង​ការ​ប្រជុំឃោសនា​បោះឆ្នោត​មួយ​កាល​ពីថ្ងៃ​ព្រហស្បតិ៍​នៅ​ West Palm Beach​ រដ្ឋ​ Florida ​ថា​«ក្រុម​របស់ ​Clinton ​ឋិត​នៅ​កណ្តាល​ប្រព័ន្ធ​អំណាច​នេះ។​ ជន​ទាំង​ឡាយ​ណា​ដែល​ប្រឆាំង​នឹងការ​ត្រួតត្រា​របស់​ពួក​គេ​នឹង​ត្រូវ​ចោទ​ប្រកាន់ថា​ជា​អ្នក​ចូល​ចិត្ត​ខាង​កាមគុណ ជា​អ្នកប្រកាន់​ពូជសាសន៍​ ជា​អ្នក​ស្អប់​ជន​បរទេស​ និង​ជា​អ្នក​គ្មាន​សីលធម៌»។

លោក​ស្រី​ Clinton​ មិន​បាន​ឃោសនា​បោះឆ្នោត​ទេ​នៅ​ថ្ងៃ​សុក្រ​ ក៏​ប៉ុន្តែ​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា បាន​ធ្វើការ​ឃោសនា​បោះឆ្នោត​ក្នុង​នាម​លោកស្រី​នៅ​ក្នុង​ការ​ប្រជុំ​ឃោសាន​ នៅ​ក្នុង​ក្រុង ​Cleveland ​រដ្ឋ​ Ohio។

លោក អូបាម៉ា​បាន​មាន​ប្រសាសន៍​អំពី​រឿង​ចម្រូង​ចម្រាស់​របស់​លោក ​Trump ​ដោយ​លោក​បាន​និយាយ​យោង​ដល់​កំណត់​សម្គាល់​ដែល​លោក​ស្រី​ Michelle Obama​ បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ ដោយ​មិន​បានបញ្ចេញ​ឈ្មោះ​លោក ​Trump លោកស្រី​ អូបាម៉ា​ បាន​មាន​ប្រសាសន៍​ថា​ ការ​និយាយ​អំពី​ស្ត្រី​និង​រាងកាយ​ស្ត្រី​ដែល​បាន​ត្រូវ​ថត​សំឡេង​មាន​«ភាពឃោរឃៅ​និង​គួរឱ្យ​ខ្លាច»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG