ក្រុមអ្នករងគ្រោះដោយសារទំនាស់ដីធ្លីក្នុងប្រទេសកម្ពុជាចំនួន៤សហគមន៍ផ្សេងៗគ្នាបានប្រកាសថា នឹងដឹកនាំធ្វើបាតុកម្មរយៈពេល១ខែ ចាប់ពីថ្ងៃទី២០ ខែមករាខាងមុខនេះ រហូតដល់ថ្ងៃទី២០ខែកុម្ភៈ នៅទីលានប្រជាធិបតេយ្យ។
សហគមន៍ទាំង៤ ដែលគ្រោងធ្វើបាតុកម្មនោះ រួមមានសហគមន៍នៅតំបន់បឹងកក់ សហគមន៍ (SOS) នៅជិតព្រលានយន្តហោះ សហគមន៍បូរីកីឡា និងសហគមន៍៣មករា។
នៅក្នុងសេចក្តីជូនដំណឹងរបស់សហគមន៍ទាំង៤ ដែលបានផ្ញើរជូនដល់សាលាក្រុងភ្នំពេញ បានបញ្ជាក់ថា គោលបំណងនៃការធ្វើបាតុកម្មរយៈពេល១ខែនេះគឺដើម្បីទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដោះស្រាយរឿងទំនាស់ដីធ្លីនៅសហគមន៍ទាំង៤។
ទាមទារឲ្យដោះលែងសកម្មជនដីធ្លី ព្រះសង្ឃ និងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១៩នាក់ ដែលកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារ និងស្នើសុំឲ្យគណបក្សគ្រប់គ្រងបញ្ចប់ភាពទាល់ច្រកផ្នែកនយោបាយ និងបញ្ឈប់ការគាបសង្កត់មកលើគណបក្សដែលមានសំឡេងភាគតិច។
លោកស្រីយ៉ោម បុប្ជា តំណាងអ្នកតវ៉ាមកពីសហគមន៍បឹងកក់ និងជាម្ចាស់ពានរង្វាន់អហិង្សាពីមជ្ឈមណ្ឌលអហិង្សានៅសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៤ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ គណបក្សសង្គ្រោះជាតិបានចូលរួមប្រជុំសភាក៏ពិតមែន ក៏ប៉ុន្តែគណបក្សគ្រប់គ្រងអំណាចនៅតែបន្តលេងល្បែងនយោបាយគាបសង្កត់មកលើគណបក្សសំឡេងភាគតិចដែលរួមមានការចាប់ខ្លួនសកម្មជនគណបក្សដាក់ពន្ធនាគារជាដើម។
លោកស្រីនិយាយថា៖ «តាមពិតយើងអត់ចង់ធ្វើបាតុកម្មអ្វីទេ។ ប៉ុន្តែដោយសារយើងអត់មានជម្រើស ពីព្រោះថា យើងរង់ចាំដំណោះស្រាយហ្នឹងយូរឆ្នាំមកហើយ នៅតែអត់មានដំណោះស្រាយ ហើយនៅតែបន្តការចាប់ខ្លួន»។
លោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលាក្រុងភ្នំពេញ បានបញ្ជាក់ថា លោកមិនទាន់បានពិនិត្យសេចក្តីជូនដំណឹងស្តីពីការធ្វើបាតុកម្មនេះនៅឡើយទេ។ ប៉ុន្តែជាទូទៅ សាលាក្រុងភ្នំពេញមិនអនុញ្ញាតឲ្យមានការដឹកនាំធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលទេ ដោយលើកហេតុផលថា វាប៉ះពាល់និងខូចខាតសណ្តាប់ធ្នាប់សាធារណៈ។
លោកនិយាយថា៖ «បើមិនទាន់បានដាក់សុំគោលការថ្នាក់ដឹកនាំផង ម្ត៉េះបានដឹងថា សុំបានឬមិនបាន?»
លោកស្រីមូរ សុខហួរ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិមិនចូលរួមការដឹកនាំធ្វើបាតុកម្មនេះទេ។ ក៏ប៉ុន្តែ ប្រសិនណាបើក្រុមបាតុកម្មដង្ហែញត្តិមករដ្ឋសភា ឬមកកាន់ទីស្នាក់ការគណបក្សសង្គ្រោះជាតិ នោះគណបក្សនឹងត្រៀមចាំទទួល។
លោកស្រីនិយាយថា៖ «ជាគោលការណ៍ យើងជាអ្នកតំណាងរាស្ត្រ យើងគាំទ្រ»។
លោកអំ សំអាត ប្រធានក្រុមស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូបានបញ្ជាក់ថា ការធ្វើបាតុកម្មនេះវាជាសញ្ញាមួយឲ្យរដ្ឋាភិបាលដោះស្រាយឲ្យបានល្អិតល្អន់រឿងវិវាទដីធ្លី និងការចាប់ខ្លួនសកម្មជនគណបក្សនយោបាយឡើងវិញ និងកុំយកប្រព័ន្ធតុលាការជាឧបករណ៍នយោបាយ។
លោកនិយាយថា៖«ប្រព័ន្ធតុលាការត្រូវតែឯករាជ្យ មិនមែនប្រព័ន្ធតុលាការជាឧបករណ៍អ្នកនយោបាយនោះទេ។ នេះគឺជាសិទ្ធិទាមទាររបស់ពួកគាត់ដើម្បីចង់បានប្រទេសមួយ ដែលប្រកបទៅដោយលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ»។
យ៉ាងតិចមានសកម្មជនគណបក្សសង្គ្រោះជាតិ ព្រះសង្ឃ និងសកម្មជនដីធ្លីនៅតំបន់បឹងកក់ចំនួន១៩នាក់ត្រូវបានតុលាការសម្រេចឃុំខ្លួនក្នុងពន្ធនាគារក្រោមបទចោទប្រកាន់ផ្សេងៗគ្នា ដែលរហូតមកដល់ពេលនេះមានរយៈពេលជិត២ខែ ហើយមិនទាន់ត្រូវបានដោះលែងមកវិញនៅឡើយ៕