ក្រោយពីកិច្ចប្រជុំពីរថ្ងៃដើម្បីដោះស្រាយបញ្ហារំលោភបំពានដីធ្លីរបស់ជនជាតិ ដើមភាគតិចក្នុងខេត្តរតនគីរី ក្រុមហ៊ុនវៀតណាមឈ្មោះ Hoang Anh Gia Lai (HAGL) ដែលបានទទួលដីសម្បទានសេដ្ឋកិច្ចដាំដំណាំកៅស៊ូពីរដ្ឋាភិបាលកម្ពុជា បានប្រកាសថា ខ្លួននឹងមិនឈូសឆាយ និងមិនអភិវឌ្ឍលើដីពលរដ្ឋចំនួន៣ភូមិក្នុងចំណោមភូមិជាង១០របស់ជនជាតិដើមភាគតិចនោះទេ។
សេចក្តីថ្លែងការណ៍រួមមួយចេញពីកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍នោះ បានឲ្យដឹងថា ក្រុមហ៊ុន Hoang Anh Gia Lai បានបញ្ជាក់ថា៖ ក្រុមហ៊ុនយល់ព្រមថា នឹងមិនឈូសឆាយ មិនអភិវឌ្ឍ មិនជ្រៀតជ្រែក មិនទន្ទ្រាន មិនប៉ះពាល់ដល់ដីរបស់អ្នកភូមិកាជូត ភូមិកេត និងភូមិណាយ រួមមានដីដែលសហគមន៍ទាំងនេះប្រើប្រាស់តាមទំនៀមទម្លាប់ប្រពៃណីនោះទេ ទោះដោយវិធីណាក៏ដោយ នាពេលបច្ចុប្បន្ន ឬអនាគត។
កិច្ចព្រមព្រៀងដូចនេះបានធ្វើឡើងក្នុងកិច្ចប្រជុំមួយនៅខេត្តសៀមរាប ដែលមាន តំណាងក្រុមហ៊ុន តំណាងអង្គការអង្គេតការណ៍ តំណាងសារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) របស់ធនាគារពិភពលោក និងតំណាងពលរដ្ឋបានចូលរួមផងដែរ។
លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា ដែលបានជួយផ្នែកការតស៊ូមតិបានអបអរសាទរចំពោះការបញ្ឈប់ការឈូសឆាយដីភូមិចំនួន៣ដែលមិនទាន់រងការប៉ះពាល់នេះ។
«យើងគិតថា នេះជាសញ្ញាមួយល្អសម្រាប់យើង ដែលធ្វើការជាមួយគ្នាទាំង សហគមន៍ក៏ដូចជាខាងក្រុមហ៊ុន ព្រោះក្រុមហ៊ុនបានលើកឡើងថា ក្រុមហ៊ុនចង់ធ្វើការអភិវឌ្ឍឲ្យមានការចូលរួមជាមួយសហគមន៍ជាមួយអ្នកដែលពាក់ព័ន្ធ ព្រោះថាដីសម្បទានដែលគាត់ទទួលបានគឺមានរយៈពេលយូរ»។
លោក សាល់ ហ្នើយ តំណាងពលរដ្ឋរងគ្រោះម្នាក់ ដែលចូលរួមក្នុងកិច្ចប្រជុំនោះដែរ បានថ្លែងថា ទោះជាមានការត្រូវគ្នាទាក់ទងនឹងភូមិចំនួន៣មែន តែការពិភាក្សាដោះស្រាយនៅបន្តទៀត ដើម្បីរកដំណោះស្រាយចំពោះការប៉ះពាល់នៅភូមិជាង១០ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ពលរដ្ឋជនជាតិដើមភាគតិច។
«នៅតវ៉ាតទៅទៀត។ ក្នុងកិច្ចប្រជុំ យើងពិគ្រោះយោបល់អ្វីដែលយើងមិនទាន់ ឯកភាពគ្នា។ យើងត្រូវដោះស្រាយគ្នាឲ្យវាសមស្របតាមនីតិវិធី»។
ក្រុមហ៊ុនវៀតណាម Hoang Anh Gia Lai បានចាប់ផ្តើមប្រតិបត្តិការឈូសឆាយដីសម្បទានចំនួន៤៧.០០០ហិកតាក្នុងខេត្តរតនគីរី ក្រោយពីក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណពីរដ្ឋាភិបាលកាលពីឆ្នាំ២០១០ ដែលក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សអះអាងថា បានធ្វើឲ្យប៉ះពាល់ផ្ទាល់ និងមិនផ្ទាល់ដល់ពលរដ្ឋយ៉ាងតិច២ពាន់គ្រួសារ។
ក្រុមជនជាតិដើមភាគតិចចំនួន១៧ ក្នុងខេត្តរតនគីរីភាគឦសាន ប្រទេសកម្ពុជា និងអង្គការអន្តរជាតិមួយចំនួន បានដាក់ពាក្យប្តឹងរួមគ្នាមកកាន់សារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាផ្នែកមួយរបស់ធនាគារពិភពលោកក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដែលគេរកឃើញថា ស្ថាប័ននេះមានការវិនិយោគជាមួយនឹងក្រុមហ៊ុនវៀតណាមមួយឈ្មោះ Hoang Anh Gia Lai ទាក់ទងនឹងការរំលោភបំពានដីធ្លី បំផ្លាញជីវភាពរស់នៅរបស់ពលរដ្ឋ បំផ្លាញវប្បធម៌ និងបរិស្ថាន។ស្ថាប័ន IFC បានចុះត្រួតពិនិត្យ និងដោះស្រាយបញ្ហានេះដែរកន្លងមក។
លោក ដេវីដ ប្រេត (David Pred)នៃអង្គការ Inclusive Development International (IDI) ដែលជាអង្គការជួយជំរុញឲ្យមានដំណោះស្រាយ បានអះអាងថា ការព្រមព្រៀង ដែលធានាថា ដីរបស់ពលរដ្ឋចំនួន៣ភូមិនេះមិនរងការឈួសឆាយ មានសន្តិសុខ ដោយសារការប្តេជ្ញារបស់ក្រុមហ៊ុននេះ គឺជាជំហានសំខាន់ណាស់ក្នុងការរារាំងផលប៉ះពាល់។ តែភាគីទាំងពីរនឹងបន្តការ ពិភាក្សាគ្នាលើដីដែលបានឈូស ឆាយ ហើយដែលលោកនិយាយថា ការពិភាក្សាកំពុងឈានដល់ដំណាក់កាលលំបាក។
«ពេលនេះការពិភាក្សាគ្នារកវិធីដោះស្រាយថា តើផលប៉ះពាល់ទាំងនោះត្រូវសងសំណងដល់ពលរដ្ឋវិញឬយ៉ាងណានោះ កំពុងឈានដល់ការលំបាកខ្លាំងឡើងៗ»។
លោកថ្លែងថា ពលរដ្ឋបានរងផលប៉ះពាល់ខ្លាំងណាស់ ដូចជាបាត់បង់ព្រៃឈើ ព្រៃអារក្សដែលជនជាតិដើមភាគតិចពឹងផ្នែកលើសម្រាប់ការទ្រទ្រង់ជីវភាពពួកគេ កន្លែងកប់ខ្មោចតាមប្រពៃណី ទំនៀមទម្លាប់ពួកគេ អ្នកខ្លះបាត់បង់ដីស្រែចម្ការវិលជុំ។ សហគមន៍ខ្លះបាត់បង់ដីទាំងស្រុង ដោយសារក្រុមហ៊ុននេះ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរឹបអូសយក។
ទោះជាយ៉ាងណាក៏ដោយ ភាគីក្រុមហ៊ុន និងអ្នកភូមិនឹងពិភាក្សាជាមួយនឹង អាជ្ញាធរ ដើម្បីធ្វើប្លង់ និងបោះព្រំដីសម្រាប់ពលរដ្ឋចំនួន៣ភូមិនោះ។ ហើយលោកថ្លែងថា ការបន្តពិភាក្សានៅសៀមរាបនោះនឹងធ្វើដល់ថ្ងៃទី២០ ខែកញ្ញាខាងមុខបន្ទាប់ពីចាប់ផ្តើមកាលពីថ្ងៃទី១៥ ខែកញ្ញាមក៕