ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​ធ្វើ​ទស្សនកិច្ច​នៅ​ប៉ាគីស្ថាន ដោយ​មិន​ប្រកាស​មុន


នាយករដ្ឋមន្រ្តី​ឥណ្ឌាលោក​ Narendra Modi (ខាងស្តាំ) ដើរ​ជាមួយ​នឹង​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​លោក Nawaz Sharif នៅ​ក្រុង​ Lahore ប្រទេស​ប៉ាគីស្ថាន​ នា​ថ្ងៃ​ទី២៥ ខែ​ធ្នូ ឆ្នាំ​២០១៥។
នាយករដ្ឋមន្រ្តី​ឥណ្ឌាលោក​ Narendra Modi (ខាងស្តាំ) ដើរ​ជាមួយ​នឹង​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​លោក Nawaz Sharif នៅ​ក្រុង​ Lahore ប្រទេស​ប៉ាគីស្ថាន​ នា​ថ្ងៃ​ទី២៥ ខែ​ធ្នូ ឆ្នាំ​២០១៥។

នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​ឥណ្ឌា​ លោក Narendra Modi ​បាន​ធ្វើ​ទស្សនកិច្ចក្នុង​ប្រទេស​ប៉ាគីស្ថាន ដោយ​មិន​ប្រកាស​ឲ្យ​ដឹង​មុន នៅ​ថ្ងៃ​សុក្រ​ម្សិល​មិញ​នេះ។ នេះ​ជា​ទស្សនកិច្ច​របស់​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​ដំបូង​ទៅ​កាន់​ប្រទេស​ប៉ាគីស្ថាន ក្នុង​រយៈ​ពេល​ជាង​១០​ឆ្នាំ​មក​នេះ​។

លោក Modi ​បាន​ត្រឡប់​មក​កាន់​ប្រទេស​ឥណ្ឌា​វិញ​នៅ​ថ្ងៃ​សៅរ៍​នេះ គឺ​មួយ​ថ្ងៃ​ក្រោយ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់​លោក ទៅ​កាន់​រដ្ឋធានី Lahore ​ដែល​នៅ​ទីនោះ​លោក​បាន​ជួប​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​ប៉ាគីស្ថាន លោក Nawaz Sharif។ នេះ​ជា​កិច្ច​ប្រជុំមួយដែល​កម្រ​កើត​ឡើង។

រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ប៉ាគីស្ថាន Aizaz Chaudhry បាន​ថ្លែង​ថា ក្នុង​ចំណោម​សេចក្តី​សម្រេច​ដែល​បាន​ធ្វើ​ឡើង​នោះ គឺ​ចំណង​ទាក់​ទង​រវាង​ប្រទេស​ទាំង​ពីរ នឹង​ត្រូវ​ពង្រឹង​ឡើង ហើយការ​ទាក់​ទង​គ្នា​រវាង​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​ ក៏​នឹង​ត្រូវ​ពង្រឹងឡើង​ដែរ ដើម្បី​បង្កើត​ឲ្យ​មាន​បរិយាកាស ដែល​អនុញ្ញាត​ឲ្យ​ដំណើរ​ការ​សន្តិភាព​អាច​ឆ្ពោះ​ទៅមុខ​បាន។

សហគមន៍​អន្តរជាតិ​ទាម​ទារ​ឲ្យ​មាន​ការ​កែ​លម្អ​ការ​ទាក់​ទង​គ្នារវាង​ប្រទេស​ឥណ្ឌា ​និង​ប៉ាគីស្ថាន ដោយ​មាន​ការ​ភ័យ​ខ្លាច​ពី​ការ​កើត​មានសង្គ្រាម​រវាង​ប្រទេស​ប្រដាប់​ដោយ​អាវុធ​បរមាណូ ដែល​ប្រឆាំង​គ្នា​នោះ។

ប៉ុន្តែ​លោក Modi ​កំពុង​តែ​អំពាវនាវឲ្យ​ប្រទេស​ប៉ាគីស្ថាន​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ក្នុង​តំបន់។ លោក​បាន​ធ្វើ​ការ​អំពាវ​នាវ​ស្រដៀងគ្នា​នេះ​ដែរ ទៅ​កាន់​ក្រុម​មេ​ដឹកនាំ​ប្រទេស​អាហ្វហ្គានីស្ថាន ​មុន​ពេល​លោក​អញ្ជើញ​ទៅ​ដល់​ប្រទេស​ប៉ាគីស្ថាន​នៅ​ថ្ងៃ​សុក្រ។

«យើង​ដឹង​ហើយ​ថា ​ជោគ​ជ័យ​របស់​អាហ្វហ្គានីស្ថាន​នឹង​តម្រូវ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ និង ការ​គាំ​ទ្រ​ពី​សំណាក់ប្រទេស​ជិត​ខាង​នីមួយ​ៗ។ ហើយ​យើង​ទាំង​អស់​គ្នា​ក្នុង​តំបន់​នេះ ដែល​មាន​ឥណ្ឌា ប៉ាគីស្ថាន អ៊ីរ៉ង់ និង​ប្រទេស​ឯ​ទៀត​ចាំ​បាច់​ត្រូវ​តែសាមគ្គីគ្នា ដោយ​មាន​ការ​ទុក​ចិត្ត​គ្នា និង សហការ​ជាមួយ​គ្នា​នៅ​ពី​ក្រោយ​គោល​ដៅ​រួមមួយ» នេះ​ជា​សម្តី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី Modi ៕

XS
SM
MD
LG