ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ឥណ្ឌា​ស្វះស្វែង​បង្កើន​ភាព​ជា​ដៃ​គូ​ជាមួយ​ទ្វីប​អាហ្រ្វិក


ក្រុម​មន្រ្តី​នៃ​ប្រជាជាតិ​ក្នុង​ទ្វីប​អាហ្វ្រិក​ចូលរួម​កិច្ចប្រជុំ​នៅ​ថ្ងៃទី​១ នៃ​កិច្ចប្រជុំ​កំពូល​រយៈពេល​៤ថ្ងៃ​រវាង​ឥណ្ឌា និង​ប្រជាជាតិ​ទាំង​៥៤​របស់​អាហ្វ្រិក នៅ​ក្នុង​ក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥។
ក្រុម​មន្រ្តី​នៃ​ប្រជាជាតិ​ក្នុង​ទ្វីប​អាហ្វ្រិក​ចូលរួម​កិច្ចប្រជុំ​នៅ​ថ្ងៃទី​១ នៃ​កិច្ចប្រជុំ​កំពូល​រយៈពេល​៤ថ្ងៃ​រវាង​ឥណ្ឌា និង​ប្រជាជាតិ​ទាំង​៥៤​របស់​អាហ្វ្រិក នៅ​ក្នុង​ក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥។

ឥណ្ឌា​បាន​ស្វះស្វែង​ពង្រឹង​ភាព​ជា​ដៃ​គូ​ផ្នែក​សេដ្ឋកិច្ច ​និង​នយោបាយ ​ជាមួយ​បណ្តា​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​មួយ​នៅ​ក្នុង​រដ្ឋធានី​ញូវដេលី ដោយ​មាន​ប្រមុខ​រដ្ឋ​ជាង​៤០​រូប​មក​ពី​ទ្វីប​នេះ​បាន​ចូលរួម​។

ឥណ្ឌា​បាន​ស្វះស្វែង​ពង្រឹង​ភាព​ជា​ដៃ​គូ​ផ្នែក​សេដ្ឋកិច្ច ​និង​នយោបាយ ​ជាមួយ​បណ្តា​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​មួយ​នៅ​ក្នុង​រដ្ឋធានី​ញូវដេលី (New Delhi)​ ដោយ​មាន​ប្រមុខ​រដ្ឋ​ជាង​៤០​រូប​មក​ពី​ទ្វីប​នេះ​បាន​ចូលរួម​។ ឥណ្ឌា​ក៏​បាន​ប្រកាស​ពី​ទឹក​ប្រាក់​ចំនួន​ ១០​ពាន់​លាន​ដុល្លារ​អាមេរិក​ ក្នុង​រូបភាព​ជា​ឥណទាន (ប្រាក់​កម្ចី) ​ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍ​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក។ ​

ដោយ​ហៅ​ប្រទេស​ឥណ្ឌា​និង​អាហ្រ្វិក ​ជា​ចំនុច​ភ្លឺ​ពីរ​នៃ​សេចក្តី​សង្ឃឹម​ និង​ឱកាស​នៅ​ក្នុង​សេដ្ឋកិច្ច​សាកល​ លោក Narendra Modi នាយក​រដ្ឋ​មន្រ្តី​ឥណ្ឌា​ព្យាយាម​រក​ការគាំទ្រ​ពីបណ្តា​ប្រទេស​ក្នុង​ទ្វីប​អាហ្វ្រិក​កាល​ពី​ចុង​ខែ​តុលា​ ​ជាមួយ​នឹង​ការ​សន្យាបង្កើត​ «ភាព​ដៃ​គូ​សម្រាប់​ភាព​រុងរឿង​មួយ»។

លោក​បាន​និយាយ​ថា​៖ «យើង​នឹង​ជួយ​ភ្ជាប់​ទ្វីប​អាហ្វ្រិក​ពី​ក្រុង​គែរ (Cairo) ដល់​ក្រុង Cape Town និង​ពី​ក្រុង Marrakesh ដល់​ក្រុង​ Mombassa ជួយ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ថាមពល​ និង​ប្រព័ន្ធ​ធារាសាស្ត្រ ជួយ​បន្ថែម​តម្លៃ​លើ​ធនធាន​នៅ​ទ្វីប​អាហ្រ្វិក និង​ជួយ​រៀបចំ​បង្កើត​តំបន់​ព័ត៌មានវិទ្យា​ និង​ឧស្សាហកម្ម»។

កិច្ច​ប្រជុំ​កំពូល​ឥណ្ឌា​-​អាហ្វ្រិកលើក​ទី​៣ គឺ​ជា​ការផ្សព្វផ្សាយ​ការ​ទូត​ដ៏​មាន​មហិច្ឆិតា​បំផុត​របស់​ឥណ្ឌា​ នៅ​ក្នុង​ការ​ឈោងទៅ​ដល់​ទ្វីប​អាហ្រ្វិក​ ដែល​មាន​តំណាង​មក​ពី​សឹង​គ្រប់​ប្រទេស​ទាំង​៥៤​នៅ​ទ្វីប​នេះ។

ប្រមុខ​រដ្ឋ​ដែល​បាន​ចូលរួម​ មាន​ដូចជា លោក​ Jacob Zuma​ ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង​ លោក Robert Mugabe ​ប្រធានាធិបតី​ស៊ីមបាវ៉េ (Zimbabwe) ​លោក​ Mohammadu Buhari ប្រធានាធិបតី​នីហ្សេរីយ៉ា (Nigeria) និង​លោក​ Abdel Fattah al-Sisi ប្រធានាធិបតី​អេហ្ស៊ីប។​ ប្រមុខ​រដ្ឋ​ជាច្រើន​បាន​ជួបជុំ​គ្នា​ដើម្បី​ទទួលទាន​អាហារ​ពេល​ល្ងាច​ផ្លូវការ​មួយ ដោយ​បាន​ស្លៀក​សម្លៀកបំពាក់​ឥណ្ឌា​ដែល​មាន​ពណ៌​ឆើតឆាយ។

ដូច​ប្រទេស​ចិន​ដែល​បាន​បង្កើត​វត្តមាន​ដ៏​ច្រើន​លើស​លប់​នៅ​ទ្វីប​អាហ្វ្រិក ឥណ្ឌា​ចង់​ពង្រឹង​ចំណង​សេដ្ឋកិច្ច​ ខណៈ​ដែល​ខ្លួន​ស្វះស្វែង​ចូល​ទៅ​ឲ្យ​ដល់​ប្រភព​ធនធាន​ធម្មជាតិ​ដ៏​សំបូរ​បែប​របស់​ទ្វីប​មួយ​នេះ​ ជាពិសេស​គឺ​ប្រេង​តែ​ម្តង។ ទោះ​ជា​ពាណិជ្ជកម្ម​របស់​ឥណ្ឌា​ជាមួយ​អាហ្វ្រិក​បាន​កើន​ទ្វេ​ដង​ដល់៧០​ពាន់​លាន​ដុល្លារ​អាមេរិក​ ក្នុង​រយៈពេល​មិន​ដល់​មួយ​ទសវត្សរ៍​ក៏​ដោយ ចំនួន​នេះ​នៅ​តែ​ទាប​ជាងប្រទេស​ចិន​ដែល​មាន​២០០ពាន់​លាន​ដុល្លារ​អាមេរិក​។

លោក Modi បាន​ថ្លែង​ពី​ការ​ធ្វើ​ឲ្យ​ស៊ី​ជម្រៅ​ដល់​ចំណង​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​។ លោក​បាន​ប្រកាស​បន្ថែម​ទឹក​ប្រាក់ឥណទាន​ថ្មី​ចំនួន​១០ពាន់​លាន​ដុល្លារ​អាមេរិក និង​ជំនួយ​៦០០​លាន​ដុល្លារ​អាមេរិក​ផ្សេង​ទៀត​ ​ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​របស់​រដ្ឋាភិបាល​ក្រុង​ញូវដេលី​ក្នុង​ការ​ជួយ​អភិវឌ្ឍ​ទ្វីប​អាហ្វ្រិក។​ ជំនួយ​ភាគ​ច្រើន​របស់​ឥណ្ឌា​ទៅ​ទ្វីប​អាហ្វ្រិក​ផ្តោត​លើ​ស្ថាប័ន​អប់រំ ​និង​បចេ្ចកទេស និង​នៅ​ក្នុង​វិស័យ​ផ្សេង​ទៀត​ដូចជា សុខាភិបាល ឱសថ​ក្នុងតម្លៃ​សមរម្យ​ កសិកម្ម និង​បច្ចេកវិទ្យា។

លោក​បាន​អំពាវនាវ​ឲ្យ​ទ្វីប​អាហ្វ្រិក​ចូល​រួម​ក្នុង​សម្ព័ន្ធ​មួយ​នៃ​ «ប្រទេស​សំបូរ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ» សម្រាប់​ថាមពល​ស្អាត​ ដែល​លោក​ចង់​ផ្តួចផ្តើម​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាកាសធាតុ​នា​ពេល​ខាង​មុខ​នេះនៅ​ក្នុង​ទីក្រុង​ប៉ារីស។

លោក​ Modi បាន​និយាយ​ថា៖ «នៅ​ពេល​ព្រះ​អាទិត្យ​លិច​បាត់​ទៅ​ ផ្ទះ​រាប់​លាន​ខ្នង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ និង​នៅ​ទ្វីប​អាហ្វ្រិក​មាន​ភាព​ងងឹត។ យើង​ចង់​បំភ្លឺ​ជីវិត​របស់​ប្រជាជន​យើង​ និង​ផ្តល់​ថាមពល​ដល់អនាគត​របស់​ពួកគេ​។ ប៉ុន្តែ​យើង​ចង់​ធ្វើ​រឿង​នេះ​តាម​វិធី​មួយ​ដែល​ព្រិល​ទឹកកក​នៅ​ភ្នំ​ Kilimanjaro នឹង​មិន​បាត់បង់ និង​ផែន​ទឹកកក​ដែល​បំពេញ​ទន្លេ​គង្គា​ (Ganga River) ​នឹង​មិន​រលាយសាបសូន្យ​ ហើយ​កោះ​របស់​យើង​នឹង​មិន​ត្រូវ​ពន្លិច​នោះ​ទេ»។

មេដឹកនាំ​ឥណ្ឌា​រូប​នេះ​ក៏​ចង់​ឲ្យ​រដ្ឋាភិបាល​ក្រុង​ញូវដេលី ​និង​ទ្វីប​អាហ្រ្វិក​ឲ្យ​និយាយ​ក្នុង​ «សំឡេង​តែ​មួយ» នៅ​កិច្ច​ពិភាក្សា​ពាណិជ្ជកម្ម​ពិភពលោក​ដើម្បី​ធានា​ថា​ ពួកគេ​ឆ្លុះ​បញ្ចាំង​ពី​ក្តី​កង្វល់​នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ និង​ជំរុញ​ឲ្យ​មាន​កំណែ​ទម្រង់​ស្ថាប័ន​នានា​ដូចជា​ អង្គការ​សហប្រជាជាតិ​ជា​ដើម។

លោក​ Modi និយាយ​ថា៖ «នេះ​ជា​ពិភពលោក​នៃ​ប្រទេស​សេរី និង​សេចក្តី​ប្រាថ្នា​ដែល​ភ្ញាក់​ឡើង​វិញ។ ស្ថាប័ន​របស់​ពួកយើង​មិន​អាច​ធ្វើ​ជា​តំណាង​ឲ្យ​ពិភពលោក​របស់​យើង​បាន​ទេ​ ប្រសិន​បើ​ពួកគេ​មិន​ផ្តល់​សំឡេង​ឲ្យ​ទ្វីប​អាហ្រ្វិក ដែល​មាន​ប្រទេស​ជា​សមាជិក​ច្រើន​ជាង​១ភាគ៤នៅ​ក្នុង​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ​ ឬ​ជា​ ទ្វីប​ដែល​មាន​ប្រជាធិបតេយ្យ​ធំ​បំផុត​របស់​ពិភពលោក​ ដែល​មាន​១​ភាគ​៦​នៃ​មនុស្ស​ជាតិ»។

កម្មវិធី​ផ្សព្វផ្សាយ​ទៅ​កាន់​ទ្វីប​អាហ្រ្វិក​របស់​លោក Modi គឺ​ជា​ផ្នែក​មួយ​នៃ​របៀប​វារៈ​គោល​នយោបាយ​ការបរទេសដ៏​ទូលំទូលាយ​របស់​លោក​ ក្នុង​ការ​ព្យាយាម​ពង្រីក​ឥទ្ធិពល​របស់​ឥណ្ឌា​នៅ​លើ​ពិភពលោក៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG