មេដឹកនាំកំពូលរបស់អ៊ីរ៉ង់បានប្តេជ្ញាសងសឹកចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិកដែលបានសម្លាប់ឧត្តមសេនីយ៍ Qassem Soleimani មេបញ្ជាការយោធាកំពូលរបស់អ៊ីរ៉ង់ប្រចាំតំបន់ និងលោក Abul Mehdi Mohandes មេបញ្ជាការកងជីវពលនិកាយ Shi'ite។
ទោះយ៉ាងណា ប្រជាជនអ៊ីរ៉ាក់ជាច្រើនបានអបអរតាមដងផ្លូវក្រុងបាកដាដ បន្ទាប់ពីបានដឹងអំពីការស្លាប់នេះ។
នៅក្នុងប្រទេសដែលមានពួកអ្នកកាន់សាសនាឥស្លាមនិកាយ Sunni ភាគច្រើន ដូចជា ប្រទេសអេហ្ស៊ីប អារ៉ាប៊ីសាអូឌីត និងប្រទេសនៅតំបន់ឈូងសមុទ្រពែក ប្រតិកម្មជាសាធារណៈមានលក្ខណៈវិជ្ជមាន រីឯជនជាតិម៉ូស្លីមនិកាយ Shi'ite មានប្រតិកម្មខុសៗគ្នា។
អ្នកកាន់ទុក្ខរាប់ពាន់នាក់បានដើរតាមដងផ្លូវទីក្រុង Kerman ដែលមានផ្ទះរបស់ឧត្តមសេនីយ៍ Qassem Soleimani មេបញ្ជាការកងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ដើម្បីបង្ហាញការសោកសៅចំពោះមរណភាពរបស់លោក បន្ទាប់ពីសហរដ្ឋអាមេរិកបានវាយប្រហារក្បួនឡានរបស់លោកនៅជិតអាកាសយានដ្ឋានក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់។
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់បានថ្លែងប្រឆាំងការវាយប្រហារតាមអាកាសរបស់អាមេរិក និងបានប្តេជ្ញាសងសឹក។ លោក Ramadan Sharif អ្នកនាំពាក្យកងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានស្រក់ទឹកភ្នែក នៅពេលអ្នកយកព័ត៌មានទូរទស្សន៍អ៊ីរ៉ង់ម្នាក់បានសួរអំពីប្រតិកម្មរបស់លោកចំពោះការស្លាប់របស់លោក Soleimani។ លោកបាននិយាយថា ស.រ.អា.និងអ៊ីស្រាអែលនឹងមិនបានសប្បាយចិត្តយូរទេ។ ពួកគេនឹងមានទុក្ខសោក និងកាន់ទុក្ខ។
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei បានប្តេជ្ញាសងសឹកដោយហិង្សាហើយលោកបានប្រកាសកាន់ទុក្ខរយៈពេល៣ថ្ងៃចំពោះកមរណភាពមនុស្សជំនិតដែលជាដៃស្តាំរបស់លោកនេះ។ លោកប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani បានប្រកាសថា ការសម្លាប់ Soleimani ធ្វើឲ្យអ៊ីរ៉ង់តាំងចិត្តប្រឈមជាមួយអាមេរិកកាន់តែខ្លាំង៕