ក្រសួងព័ត៌មានប្រកាសឈប់ផ្តល់បណ្ណសម្គាល់អ្នកសារព័ត៌មានជូនអ្នកយកព័ត៌មាន ដែលបម្រើការងារនៅស្ថាប័នកាសែត The Cambodia Daily និងវិទ្យុអាស៊ីសេរី ដោយសារតែអង្គភាពព័ត៌មានទាំងពីរនេះ បានប្រកាសឈប់ដំណើរការ និងបិទការិយាល័យរបស់ខ្លួននៅកម្ពុជាជាឯកតោភាគី។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មានដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ។
សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន ចេញនៅថ្ងៃទី៥ ខែតុលាប្រកាសឱ្យដឹងថា អគ្គនាយកដ្ឋានមិនផ្តល់បណ្ណសារព័ត៌មានដល់បុគ្គលិកដែលបម្រើការងារឲ្យសារព័ត៌មាន The Cambodia Daily និងវិទ្យុអាស៊ីសេរីតទៅទៀតនោះទេ។
សេចក្តីជូនដំណឹងដែលមានបោះត្រារបស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន តែមិនមានចុះលេខានោះ បានបញ្ជាក់ពីមូលហេតុនៃការឈប់ចេញបណ្ណនេះ ក្នុងន័យដើមថា៖ «ដោយសារអង្គភាពសារព័ត៌មានទាំង២នេះបានប្រកាសឈប់ដំណើរការ និងបិទការិយាល័យរបស់ខ្លួននៅកម្ពុជាដោយឯកតោភាគី កាលពីខែកញ្ញា ឆ្នាំ២០១៧»។
VOA មិនអាចទាក់ទងមន្ត្រីក្រសួងព័ត៌មាន រួមទាំងលោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មាន ដើម្បីសុំការអធិប្បាយលម្អិតបន្ថែមបានទេ នៅថ្ងៃព្រហស្បតិ៍នេះ។
កាសែត The Cambodia Daily បានប្រកាសបិទការចេញផ្សាយរបស់ខ្លួន កាលពីថ្ងៃទី៤ ខែកញ្ញា បន្ទាប់ពីបរាជ័យក្នុងការប្រឆាំងនឹងការចេញវិក្ក័យបត្រទារពន្ធដ៏ច្រើនលើសលប់ ប្រមាណជាង៦លានដុល្លារអាមេរិក ចេញដោយអគ្គនាយកដ្ឋានពន្ធដារ។ កាសែតជាភាសាអង់គ្លេស ដែលបានដំណើរការជាង២៤ឆ្នាំនេះ តែងជំទាស់នឹងវិក្ក័យបត្រពន្ធដោយមានក្ដីមន្ទិលចំពោះការគណនា និងសវនកម្មគណនាចេញជាតម្លៃដ៏មហាសាលនេះ។
ចំណែកវិទ្យុអាស៊ីសេរីបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១២ខែកញ្ញា ប្រកាសផ្អាកដំណើរការការិយាល័យព័ត៌មានរបស់ខ្លួននៅរាជធានីភ្នំពេញមួយរយៈទាំងបង្ខំ។ ក្នុងសេចក្តីថ្លែងការណ៍នោះ វិទ្យុអាស៊ីសេរីចោទថា រដ្ឋាភិបាលកំពុងធ្វើទុក្ខបុកម្នេញបណ្ដាញសារព័ត៌មានឯករាជ្យ និងគូបដិបក្ខនយោបាយ នៅមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។
ការប្រកាសផ្អាកប្រតិបត្តិការនៅរាជធានីភ្នំពេញរបស់វិទ្យុអាស៊ីសេរីនេះធ្វើឡើង បន្ទាប់ពីក្រសួងព័ត៌មានបញ្ជាឲ្យបិទស្ថានីយវិទ្យុជាង៣០ជាបន្តបន្ទាប់ ដែលបានជួលម៉ោងផ្សាយឲ្យវិទ្យុអាស៊ីសេរី និងវិទ្យុ VOA នៅទូទាំងប្រទេស។
ការបិទស្ថាប័នព័ត៌មានមួយចំនួននៅកម្ពុជាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះត្រូវបានគេមើលឃើញថា កើតឡើងពេលរដ្ឋាភិបាលកម្ពុជាកំពុងធ្វើការរឹតត្បិត សេរីភាពព័ត៌មាននៅកម្ពុជា។ ស្ថាប័ន និងអង្គការជាតិ អន្តរជាតិមួយចំនួនដែលការពារសេរីភាពព័ត៌មាន និងសិទ្ធិមនុស្សនៅជុំវិញពិភពលោកបានទទូចឲ្យរដ្ឋាភិបាលកម្ពុជាធ្វើឲ្យស្ថានភាពសេរីភាពព័ត៌មាន និងដំណើរការលទ្ធិប្រជាធិបតេយ្យត្រឡប់ទៅរកស្ថានភាពដូចដើមវិញ៕