នៅក្នុងកិច្ចប្រជុំមួយរបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃពុធ ក្រុមមន្ត្រីទទួលបន្ទុកសន្តិសុខឆ្លងដែនបានពិភាក្សាអំពីលទ្ធភាពនៃការប្រើប្រាប់ឧបករណ៍បច្ចេកវិទ្យាថ្មីសម្រាប់ត្រួតពិនិត្យ លើការកំណត់អត្តសញ្ញាណ ឬឯកសារពាក់ព័ន្ធផ្សេងៗរបស់បុគ្គលដែលធ្វើដំណើរចេញ-ចូលប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានលើទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង។
ខណៈមានការពិភាក្សាជុំវិញការផ្លាស់ប្តូរក្នុងការដំឡើងឧបករណ៍បច្ចេកទេសថ្មីខាងលើនេះ អ្នកជំនាញលើកឡើងនូវក្តីបារម្ភចំពោះការប្រើប្រាស់ឧបករណ៍ដែលអាចដាក់គោលដៅកំណត់សម្គាល់សកម្មជន ឬអ្នករិះគន់រដ្ឋាភិបាលដែលចេញ-ចូលប្រទេសកម្ពុជា។
យោងតាមទំព័រហ្វេកប៊ុកផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នាយឧត្តមសេនីយ៍ លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានលើកឡើងសំណើសុំផ្លាស់ប្តូរឧបករណ៍បច្ចេកទេសបំពាក់បន្ថែមឧបករណ៍ផ្ទុកទិន្នន័យ និងកែសម្រួលដើម្បីលើកកម្ពស់កម្មវិធីផ្នែកទន់នៃប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា ហៅកាត់ថា (CBMS)។
ការដំឡើងប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជាថ្មី មានសមត្ថភាពត្រួតពិនិត្យឯកសារធ្វើដំណើរក្លែងបន្លំ និងក្លែងក្លាយ ការរក្សាផ្ទៀងផ្ទាត់ជាមួយបញ្ជីមុខសញ្ញា ផ្ទៀងផ្ទាត់ផ្ទៃមុខជាក់ស្ដែងជាមួយរូបថតខាងក្នុងលិខិតឆ្លងដែន ការរក្សាទុក និងផ្ទៀងផ្ទាត់ក្រយ៉ៅដៃ ការរក្សាទុកទិន្នន័យប្រវត្តិធ្វើដំណើរ និងទិន្នន័យដំណើរចេញ-ចូល ដោយមានបំពាក់ឧបករណ៍សំខាន់ៗ ដូចជាម៉ាស៊ីនមេមជ្ឈមណ្ឌលកណ្ដាល (HQ Server) ម៉ាស៊ីនមេតាមបណ្ដាប៉ុស្ដិ៍ច្រកទ្វារអន្ដរជាតិ ឧបករណ៍បំពេញការងារក្នុងការបញ្ជានិងត្រួតពិនិត្យចល័តតាមកំពង់ផែជាដើម។
អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក គៀត ច័ន្ទថារិទ្ធ បានលើកឡើងថា ការដំឡើងប្រព័ន្ធគ្រប់គ្រងព្រំដែននេះ មិនមែនជាកិច្ចការថ្មីទេ គឺវាគ្រាន់តែជាការផ្លាស់ប្តូរប្រព័ន្ធកុំព្យូទ័រតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «គ្រាន់តែបញ្ជាក់ជូនថាអត់មានរឿងអីថ្មីទេ អត់មានប្រព័ន្ធថ្មីអីណាមក ប្រព័ន្ធហ្នឹងប្រើមកចង់ ១០ ឆ្នាំហើយ។ បាទព្រោះឥឡូវយើងប្រើវា ៧ ឆ្នាំហើយ វាផុត។យើងដឹងហើយប្រព័ន្ធម៉ាស៊ីនកុំព្យូទ័រគេប្រើ ៤ ឆ្នាំ ហើយយើងប្រើ ៦-៧ ឆ្នាំ ហើយអ៊ីចឹងយើងខ្លាចវាគាំងទិញអាថ្មីមកជំនួសអាចាស់ ទិញកុំព្យូរទ័រចង់និយាយអ៊ីចឹង»។
សេចក្តីរាយការណ៍ដែលចេញផ្សាយដោយសំឡេងសហរដ្ឋអាមេរិក (VOA) ជាភាសាអង់គ្លេសកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា អ្នកជំនាញជាច្រើនកំពុងបង្ហាញការព្រួយបារម្ភ ដែលការបញ្ជារបស់រដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់ថវិកាចំនួនប្រមាណ ១ លានដុល្លារ ឱ្យទៅក្រុមហ៊ុនក្នុងស្រុកមួយសម្រាប់គម្រោងបច្ចេកវិទ្យាផ្ទៀងផ្ទាត់ផ្ទៃមុខ ដែលអាចបើកផ្លូវឱ្យបច្ចេកវិទ្យានេះត្រូវបានប្រើជំទាស់នឹងប្រជាពលរដ្ឋ និងអ្នកការពារសិទ្ធិមនុស្ស។
បទបញ្ជាដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងត្រូវបានចេញផ្សាយកាលពីខែមិនា នៅក្នុងបណ្តុំនៃឯកសារផ្សេងៗរបស់រដ្ឋាភិបាល នឹងត្រូវផ្តល់មូលនិធិឱ្យទៅក្រុមហ៊ុន HSC Co. Ltd.,ដឹកនាំដោយសេដ្ឋីម្នាក់ឈ្មោះ សុខ ហុង ដែលកាលពីមុនបានបោះពុម្ពលិខិតឆ្លងដែនកម្ពុជា និងបានដំឡើងកាមេរ៉ា CCTV នៅក្នុងរាជធានីភ្នំពេញ។
បទបញ្ជាដែលធ្វើឡើងកាលពីខែតុលា ទំនងជាសញ្ញាផ្ទាល់ដំបូងមួយរបស់ចំណាប់អារម្មណ៍កម្ពុជាក្នុងការធ្វើឱ្យការកត់ចំណាំមុខ ហើយដែលធ្វើអ្នកជំនាញជាច្រើនមានការបារម្ភថា គំនិតផ្តួចផ្តើមបែបនេះអាចត្រូវបានប្រើប្រាស់ដើម្បីកំណត់គោលដៅអ្នករិះគន់រដ្ឋាភិបាល និងបង្កើតបានប្រព័ន្ធឃ្លាំមើលដ៏រឹងមាំមួយ ដែលស្រដៀងគ្នាទៅនឹងប្រទេសចិន។ ទាំងក្រសួងមហាផ្ទៃ និងក្រុមហ៊ុនមិនផ្តល់ចម្លើយទៅនឹងសំណួរនានារបស់វីអូអេ ថាតើមានភាពចាំបាច់យ៉ាងណាខ្លះសម្រាប់ការអនុវត្តគម្រោងនោះ។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងព្រំដែនក្នុងន័យដើម្បីសម្រួលឱ្យមានអភិបាលកិច្ចល្អនោះមិនមានជាបញ្ហាឡើយ។ ប៉ុន្តែអ្នកស្រីថា ការឈានមួយកម្រិតទៀតក្នុងការងាកទៅប្រើប្រាស់ប្រព័ន្ធបចេ្ចកវិទ្យាទំនើប អាចនឹងមានភាពងាយស្រួលក្នុងការកំណត់អត្តសញ្ញាណរបស់បុគ្គលណាមួយ ហើយវាក៏អាចបង្កឱ្យមានផលប៉ះពាល់ដល់ឯកជនភាព និងការគ្រប់គ្រងទិន្នន័យ ប្រសិនបើការប្រើបច្ចេកវិទ្យានោះ ហួសពីការងារសន្តិសុខទូទៅ។
អ្នកស្រីថ្លែងថា៖ «ប៉ុន្តែទន្ទឹមនឹងភាពងាយស្រួលហ្នឹង វាអាស្រ័យលើចេតនានៃការប្រើប្រាស់ហ្នឹង ថាតើការប្រើប្រាស់ហ្នឹងក្នុងគោលបំណងបែបណា គ្រប់គ្រងសនិ្តសុខទូទៅ ឬក៏វានឹងអាចឈានទៅដល់ការដៅមុខសញ្ញាបុគ្គលណាម្នាក់ ហើយនឹងការគ្រប់គ្រងទិន្នន័យហ្នឹង តើអាចរក្សាបាននូវឯកជនភាព ឬក៏ទិន្នន័យទូទៅពាក់ព័ន្ធនឹងការងារទាំងអស់ហ្នឹង មានការគ្រប់គ្រងបានល្អដែរឬយ៉ាងណា»។
ស្រដៀងគ្នានេះដែរ នាយកទទួលបន្ទុកកិច្ចការទូទៅនៅអង្គការសិទ្ធិមនុស្សលីកាដូលោក អំ សំអាត ប្រាប់វីអូអេថា ការដំឡើងប្រព័ន្ធគ្រប់គ្រងព្រំដែនថ្មី ជាការរឹតបន្តឹងទៅលើសន្តិសុខសុវត្ថិភាពចំពោះការចេញ-ចូលប្រទេសកម្ពុជា ចំពោះជនដែលត្រូវបណ្តាប្រទេសផ្សេងៗដាក់ក្នុងបញ្ជីខ្មៅ។
លោកថា ការដំឡើងប្រព័ន្ធថ្មីនេះ ក៏អាចមានផលប៉ះពាល់ដល់ឯកជនភាពរបស់មនុស្សទូទៅផងដែរ។
លោកថ្លែងថា៖ «ចំណុចនេះវាមានគុណសម្បតិ្ត និងគុណវិបត្តិ អ៊ីចឹងបើយើងមើលពីគុណវិបត្តិរបស់រដ្ឋាភិបាលគឺការគ្រប់គ្រង ក្នុងការត្រួតពិនិត្យនៅតាមបណ្តាព្រំដែនហ្នឹងឱ្យមានប្រសិទ្ធភាព។ ប៉ុន្តែវាក៏អាចប៉ះពាល់ មានការរិះគន់ថា ប៉ះពាល់ទៅដល់ឯកជនភាពរបស់បុគ្គល ដោយសារការប្រព័ន្ធគ្រប់គ្រងហ្នឹងតឹងរឹងហ្នឹងផងដែរ ដែលធ្វើឱ្យដល់អត្តសញ្ញាណរបស់ពួកគេ»។
យ៉ាងណាក៏ដោយ រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូអេតាមទូរសព្ទថា ការប្រើប្រាស់បច្ចេកវិទ្យាខាងលើជាកិច្ចការសន្តិសុខ ហើយមិនមែនមនុស្សគ្រប់គ្នាបានដឹងថា វាត្រូវប្រើបានយ៉ាងដូចម្តេចខ្លះនោះទេ។ លោកថា នេះជារឿងសន្តិសុខជាតិ ដែលមិនអាចឱ្យដឹងជាសាធារណៈបានទេ៕