ក្រសួងមហាផ្ទៃបានដាក់មន្រ្តីសវនកម្មចំនួន ៧ នាក់ ក្នុងក្របខណ្ឌក្រសួងឱ្យស្ថិតក្រោមការស៊ើបអង្កេត បន្ទាប់ពីមានការសង្ស័យថា មន្ត្រីទាំងនោះជាប់ពាក់ព័ន្ធនឹងការដកយកថវិកាពីឃុំមួយចំនួន អំឡុងពេលចុះបំពេញការងារក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ និងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង។
ចំណាត់ការរបស់ក្រសួងមហាផ្ទៃកើតឡើង ក្រោយមានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុកអំពីភាពមិនប្រក្រតីនៃការបំពេញការងាររបស់មន្ត្រីទាំង ៧ នាក់នោះ ដែលក្នុងនោះមានឧត្តមសេនីយ៍ កែវ សារ៉ាវុធ ដែលជាប្រធានក្រុមការងារចុះទៅធ្វើសវនកម្មក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ស្ពឺ។ ភាពមិនប្រក្រតីនោះសំដៅលើការដកយកប្រាក់ពីសាលាឃុំក្នុងមួយឃុំចំនួន ១លានរៀល ពេលក្រុមការងារលោក កែវ សារ៉ាវុធ ចុះធ្វើសវនកម្មនៅការិយាល័យសាលាឃុំ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ ប្រាប់វីអូអេកាលពីថ្ងៃពុធថា បច្ចុប្បន្នដំណើររឿងនេះកំពុងស្ថិតនៅក្នុងដំណាក់កាលស៊ើបអង្កេត និងសិក្សាស្រាវជ្រាវបន្ត ព្រោះសមាសភាពក្រុមការងាររបស់លោក កែវ សារ៉ាវុធ មានច្រើននាក់។ ទោះយ៉ាងណា លោកថា ពួកគេបានទទួលស្គាល់កំហុសថា បានទទួលយកលុយនោះមែន ហើយលុយដែលទទួលបានពីបណ្តាឃុំទាំងនោះ គឺជាទឹកចិត្ត និងការរាប់អានគ្នាមិនមែនជាថ្នូរ ឬការគាបសង្កត់ ឬក៏ការដាក់សម្ពាធនោះទេ។
លោកថ្លែងថា៖ «ក្នុងនោះគឺលោកបញ្ជាក់ថា វាមិនមែនជាការដាក់នូវកំណត់ ឬក៏ការទាមទារនោះទេ។ វាគឺជាការរៀបចំទទួលអាហារហូបចុកក្នុងន័យថា ជាម្ចាស់ផ្ទះនៅមូលដ្ឋានទទួលភ្ញៀវឬក៏ទទួលថ្នាក់លើជាដើម ឬក៏ក្នុងន័យមនោសញ្ចេតនាអីផ្សេងៗនៅក្នុងការជូនជាសាំង ជូនជាស្អីៗអ៊ីចឹងជាដើមនោះទេបាទ»។
លោកបន្ថែមថា នេះគ្រាន់តែជាការអះអាងរបស់ក្រុមមន្ត្រីទាំងនោះប៉ុណ្ណោះ ហើយអ្វីដែលអាចនឹងធ្វើឱ្យដឹងច្បាស់ជាងនេះ គឺការស៊ើបអង្កេតបន្ថែមរបស់ក្រសួងដែលកំពុងខិតខំស្រាវជ្រាវរកថា អ្វីទៅជាមូលហេតុឱ្យពិតប្រាកដដើម្បីផ្តល់យុត្តិធម៌ដល់ភាគីពាក់ព័ន្ធទាំងអស់។
នៅក្នុងសារអត្ថាធិប្បាយលើបណ្តាញសង្គមហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៤ នេះ ឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ ដែលមានតួនាទីជាអគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃនិងមន្ត្រី ៦ នាក់ទៀត ត្រូវបានគេសង្ស័យថា បានជាប់ពាក់ព័ន្ធនឹងការយកថវិកាមួយឃុំចំនួន ១លានរៀល ពីឃុំចំនួន ១០ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ស្ពឺ។
បើតាមសារដដែល ក្រសួងមហាផ្ទៃបានអញ្ជើញលោក កែវ សារ៉ាវុធ ចូលមកបំភ្លឺក្នុងអគ្គនាយកដ្ឋានកាលពីថ្ងៃទី ២១ ខែឧសភានេះ ហើយលោកព្រមទទួលស្គាល់កំហុសថា ខ្លួនបានដឹកនាំក្រុមការងារចុះធ្វើសវនកម្មនៅតាមបណ្តាឃុំមួយចំនួនក្នុងស្រុកសាមគ្គីមានជ័យពិតប្រាកដមែន។ ក្រុមការងាររបស់លោក កែវ សារ៉ាវុធ ក៏បានចុះធ្វើសកម្មភាពនៅស្រុកចំនួន ៣ ទៀតរបស់ខេត្តកំពង់ស្ពឺ។
ក្រសួងមហាផ្ទៃបញ្ជាក់ថា៖ «ជាលទ្ធផលលោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ ទទួលស្គាល់ករណីនេះ និងថា ពិតជាបានដឹកនាំក្រុមការងារ ៧ រូប ធ្វើសវនកម្មនៅខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៤ ដោយប្រើមធ្យោបាយធ្វើដំណើរដោយរថយន្តផ្ទាល់ខ្លួនចំនួន ២ គ្រឿង និងទើបតែធ្វើសវនកម្មបានចំនួន ៤ ស្រុកប៉ុណ្ណោះ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពី លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ តាមទូរស័ព្ទបានទេ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ថា ការកិបកេងថវិកានេះជាផ្នែកមួយនៃការប្រព្រឹត្តអំពើពុករលួយដែលជាបញ្ហាដ៏ធំ និងធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តច្បាប់របស់ប្រទេស។
លោកថ្លែងថា៖ «ពាក់ព័ន្ធនឹងបញ្ហានឹងដែរ យើងក៏ឃើញថា វាមានភាពមិនស្មើគ្នាហើយនឹងកង្វះការគ្រប់គ្រងការចាត់ចែងនិងគាំទ្រទៅដល់សហគមន៍ ជាពិសេសគឺការរំលោភអំណាចដោយសារតែប្រើប្រាស់នូវឥទិ្ធពលនិងកិត្តិយសខុសគោលការណ៍ដែលវាបង្ហាញឱ្យឃើញអំពីភាពអនាធិបតេយ្យឬក៏ធ្វើឱ្យអំពើពុករលួយវាអាចរីករាលដាលបាននៅក្នុងសង្គមកាន់តែខ្លាំង»។
លោកបន្ថែមថា រដ្ឋាភិបាលគួរតែធ្វើការត្រួតពិនិត្រឡើងវិញទៅលើបញ្ហាទាំងអស់នេះ ហើយដាក់ចេញគោលការណ៍អនុវត្តច្បាប់ដោយយុត្តិធម៌ព្រមទាំងស៊ើបអង្កេតទៅលើបញ្ហាផ្សេងៗ ជុំវិញកិច្ចការសវនកម្មស្ថាប័នរដ្ឋ ដើម្បីកុំឱ្យរឿងស្រដៀងនឹងអ្វីដែលបានកើតឡើងនៅខេត្តកំពង់ស្ពឺនោះ អាចកើតឡើងជាថ្មីទៀត៕
វេទិកាបញ្ចេញមតិ