ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​អាមេរិក៖ កម្ពុជា​បន្ត​ទទួល​បាន​ចំណាត់​ថ្នាក់ទាប​បំផុត​ពាក់ព័ន្ធ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស


រូបឯកសារ៖ មន្ត្រីគយ​តៃវ៉ាន់ចាប់ខ្លួនជនសង្ស័យនៃអំពើឆបោក​តាមអនឡាញនៅកម្ពុជា ពេលពួកគេទៅដល់​តៃវ៉ាន់ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។
រូបឯកសារ៖ មន្ត្រីគយ​តៃវ៉ាន់ចាប់ខ្លួនជនសង្ស័យនៃអំពើឆបោក​តាមអនឡាញនៅកម្ពុជា ពេលពួកគេទៅដល់​តៃវ៉ាន់ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។

របាយការណ៍​ស្តី​ពី​ការជួញដូរ​មនុស្ស​របស់​ក្រសួង​ការបរទេស​អាមេរិក​បាន​បង្ហាញ​ថា​ ប្រទេស​កម្ពុជា​បន្ត​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទាប​បំផុត ​ពាក់ព័ន្ធ​នឹង​ការ​ចាត់​វិធាន​ការ​លុប​បំបាត់ឬទប់​ស្កាត់​ការ​ជួញ​ដូរ​មនុស្ស​ ដែល​នាំឱ្យ​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​កម្រិត ​៣ ឬ Tier 3។ កម្ពុជា​បាន​ទទួល​ចំណាត់​ថ្នាក់នេះ​ជាច្រើនឆ្នាំ​មក​ហើយ។

បើតាម​របាយការណ៍​ដែល​ចេញ​ផ្សាយជា​សាធារណៈ​នៅ​ថ្ងៃ​អង្គារ​នេះ​ ប្រតិបត្តិការ​ឆបោក​អនឡាញ​ ស្ថិតនៅ​ក្នុង​ចំណុច​ស្នូលនៃ​ការវាយ​តម្លៃ​ស្តី​ពី​ស្ថាន​ភាព​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា​។ អំពើ​ពុក​រលួយ​ និងការ​ពាក់ព័ន្ធ​របស់​មន្ត្រីរដ្ឋាភិបាល​ក៏​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​ការ​វាយ​តម្លៃ​ចំណាត់​ថ្នាក់​កម្រិត​ទី​ ៣ នៃការ​ចម្រើន​តិចតួច​ទៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស។

របាយការណ៍​បានសរសេរ​ថា​៖ «រដ្ឋាភិបាល​កម្ពុជា​ មិនទាន់​បាន​បំពេញ​ពេញលេញ​ចំពោះ​ការ​លុប​បំបាត់​ការ​ជួញដូរ​ហើយ​មិន​បាន​ធ្វើឱ្យ​មាន​កិច្ចខិត​ខំ​គួរឱ្យ​កត់​សម្គាល់ ដើម្បី​លុប​បំបាត់​សកម្មភាព​ជួញដូរ​ ដែល​ជា​ហេតុ​នាំឱ្យ​កម្ពុជា​បន្ត​ស្ថិត​នៅ​ក្នុង​កម្រិតទី ៣ (Tier 3។ កម្រិត​បី ​(Tier 3)​ មានន័យ​ថា ​រដ្ឋាភិបាល​ម្ចាស់​ប្រទេស​មិន​បាន​ប្រឹង​ប្រែងជា​ដុំ​កំភួន និង​តាម​បទ​ដ្ឋាន​ដូច​មាន​ចែង​នៅក្នុ​ង​ច្បាប់​ស្ដីពី​ការ​ការពារ​ជន​រងគ្រោះ​ដោយ​ការ​ជួញ​ដូរ​ (TVPA) កម្រិត​ពីរ​ស្ថិត​ក្នុង​បញ្ជី​តាម​ដាន​ (Tier 2 Watch List) បាន​សេចក្ដី​ថា​ទោះ​រដ្ឋាភិបាល​ម្ចាស់​ប្រទេស​បាន​ធ្វើ​កិច្ចការ​ជា​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់ តែ​មិន​ទាន់​បាន​បំពេញ​គ្រប់​និយាម​អប្បបរមា​ដែល​មាន​ចែង​ក្នុង​និយាម​អប្បបរមា​អំពី​ការ​ជួញ​ដូរ​មនុស្ស ហើយ​ចំនួន​ជន​រងគ្រោះ​នៅ​តែ​ច្រើន ខណៈ​រដ្ឋាភិបាល​មិន​ទាន់​ខិត​ខំ​ដល់​កម្រិត និង​មិន​បង្ហាញ​ភស្ដុតាង​ជា​តឹកតាង​គ្រប់គ្រាន់​ថា​ខ្លួន​បាន​ព្យាយាម»

ក្នុង​ការ​ចាត់​ថ្នាក់​កម្ពុជា​នៅ​កម្រិត​ ៣ នេះ របាយ​ការណ៍​បាន​លើកឡើង​អំពី​ការពាក់ព័ន្ធ​របស់​មន្ត្រី​កម្ពុជា​ខ្លះ​នៅក្នុង​សកម្មភាព​ដែល​មាន​ទំនាក់​ទំនងនឹង​ការជំរុញ​ឱ្យមានការ​ជួញដូរ​ តួយ៉ាង​នៅ​ក្នុង​អំពើ​ឧក្រិដ្ឋ​ឆបោក​តាម​បណ្តាញ​អ៊ិនធឺណិត​។

ប្រទេសខ្លះ​ទៀត​ក្នុងតំបន់​អាស៊ីអាគេ្នយ៍​ក៏បាន​ទទួល​ចំណាត់​ថ្នាក់ក្នុង​កម្រិត៣ដូច​កម្ពុជា​ដែរ​ដែល​រួមមាន​ព្រុយណេ និងមីយ៉ាន់ម៉ា​ ខណៈប្រទេស​ខ្លះ​ក្នុង​តំបន់​ដដែល​ដែល​ធ្លាប់​ស្ថិត​ក្នុង​កម្រិត ​៣ ​បាន​រំកិល​ខ្លួន​ឡើង​ទៅ​ឈរ​ក្នុង​កម្រិត ​២​ ដែល​រួមមាន​ម៉ាឡេស៊ី ទីម័រ​ខាង​កើត និង​វៀតណាម។ ប្រទេស​ឡាវ ត្រូវ​បាន​ចាត់​ចូល​ក្នុង​កម្រិត​២​ស្ថិត​ក្នុង​បញ្ជី​តាម​ដាន។

រូបឯកសារ៖ លួសត្រូវបានហ៊ុមព័ទ្ធរបងនៃបរិវេណនៃអគារឈ្មោះ Great Wall Park ដែលអាជ្ញាធរបានរកឃើញថាជាកន្លែងជួញដូរមនុស្ស ចាប់ជម្រិត និងធ្វើទារុណកម្ម នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២។
រូបឯកសារ៖ លួសត្រូវបានហ៊ុមព័ទ្ធរបងនៃបរិវេណនៃអគារឈ្មោះ Great Wall Park ដែលអាជ្ញាធរបានរកឃើញថាជាកន្លែងជួញដូរមនុស្ស ចាប់ជម្រិត និងធ្វើទារុណកម្ម នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២។

ជា​ការ​ឆ្លើយ​តប រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ ​និង​អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង ប្រាប់​វីអូអេ​ថា​កម្ពុជា​មិន​មាន​ការ​បកស្រាយ​បន្ថែម​លើ​ការវាយ​តម្លៃនៅ​ក្នុង​របាយការណ៍របស់​ក្រសួង​ការបរទេស​អាមេរិក​ឡើយ ដោយ​អ្នកស្រី​ថា​ការ​វាយ​តម្លៃ​នោះ​ហាក់​ដូច​ជា​មាន​ភាព​មិនច្បាស់​លាស់​ ហើយ​យោង​តែ​ទៅ​លើចំណុច​អវិជ្ជមាន។

អ្នកស្រី​ថ្លែង​ថា​៖ «ចង់និយាយថា ​ពិន្ទុគេមាន​បារ៉ែន​គេ​ បើ​សិន​ជា​គេ​គិត​ថា​វា​ត្រូវ​លេខ​ប៉ុន្មាន​វា​ប៉ុណ្ណឹង​ហើយ​។ ខ្ញុំ​អត់​មាន​អីត្រូវ​និយាយ​តទៅទៀត​ទេ ពីព្រោះថា​ យើង​អត់​ដឹង​ថា​ អ្នកដែល​គាត់​ដាក់​ពិន្ទុហ្នឹង គាត់​ផ្តោត​លើ​ស្អី​ដែល​សំខាន់​ ពីព្រោះ​ដូច​ខ្ញុំ​បាន​ជួប​ជាមួយ​ស្ថាន​ទូត​ពី​ម្សិល​អ៊ីចឹង​ គ្រាន់​តែ​ចង់​ប្រាប់​ថា​បើ​សិន​ជា​ផ្តោត​ទៅ​រឿង​ណា​មួយ​ ពីព្រោះ​អំពើ​ជួញដូរ​មនុស្ស​វា​មាន​ច្រើន​ករណី​ អ៊ីចឹង​ទៅ​បើ​ផ្តោត​ទៅ​រឿងអី​មួយ​ ហើយ​រឿង​ហ្នឹង​វា​ជា​រឿង​ដែល​វា​អវិជ្ជមាន។ អ៊ីចឹង​ ពិន្ទុ​ក៏​នៅ​លើ​កន្លែង​អវិជ្ជមាន​ហ្នឹង​ហើយ​ ពីព្រោះ​យើង​អត់​បាន​យក​អា​ចំណុច​ដទៃ​ទៀត​យក​មក​បូក​រួម​ជាមួយ»។

អ្នក​ស្រី ជូ ប៊ុនអេង បន្ថែម​ថា ​អាជ្ញាធរ​កម្ពុជា​នៅ​បន្ត​ធ្វើ​ការ​ទប់​ស្កាត់ និង​រកអ្នកពាក់ព័ន្ធក្នុង​ការ​បើក​ផ្លូវ​ឱ្យ​មាន​ឧ​ក្រិដ្ឋកម្ម​នេះ ហើយ​កម្ពុជា​ក៏​ចង់​ឃើញ​អាមេរិក​នឹង​ជួយ​យ៉ាងណា​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​មួយ​នេះ ព្រោះ​សហរដ្ឋអាមេរិក​បាន​ត្រឹម​តែ​ប្រកាស​ថា​ជួយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ការសហការ​ពិត​ប្រាកដ​នោះ​មិន​ទាន់​កើត​មាន​នៅ​ឡើយ។

ទោះយ៉ាងណា របាយការណ៍ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​បានបង្ហាញ​ទៀត​ថា​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ខ្លះ​ជាម្ចាស់​ ឬមានសកម្មភាព​ដោយផ្ទាល់​ តាមរយៈ​អាជីវកម្ម​នានា ដូចជា​នៅ​តាម​ទីតាំង​អគារ​ និង​ទីកន្លែង​ផ្សេងៗ​ដែល​ត្រូវ​បាន​ប្រើប្រាស់ ដោយ​ពួក​ប្រតិបត្តិករ​សកម្មភាព​ឆបោក​អនឡាញ ឬហៅ​ថា ​Scam ដើម្បី​កេង​ប្រវ័ញ្ច​ជន​រង​គ្រោះ​ក្នុង​អំពើ​ជួញ​ដូរ​កម្លាំង​ពលកម្ម​ ហើយ​មន្ត្រីទាំង​នោះ​បាន​ទទួល​អត្ថ​ប្រយោជន៍​ហិរញ្ញវត្ថុ​ពី​សកម្មភាព​ឧក្រិដ្ឋ​ទាំង​នោះ។ របាយ​ការណ៍កត់​សម្គាល់​ទៀតថា​ការ​ពាក់ព័ន្ធរ​បស់​មន្ត្រី និង​ក្រុម​វរជន​ដែល​មាន​សក្កានុពល​ខាង​សេដ្ឋកិច្ច​បាន​បង្ក​ឱ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដោយ​ចោះៗ​ និង​មាន​ហេតុ​ផល​នយោបាយ ដែល​នាំទៅ​ដល់​ការរា​រាំង​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​ឧក្រិដ្ឋជួញដូរ​មនុស្ស​ ដែល​នៅ​រីករាល​ដាល​អំឡុងពេលនៃ​ការ​ធ្វើ​របាយ​ការណ៍។

របាយការណ៍​សរសេរ​ថា៖ «រដ្ឋាភិបាល​បាន​បរាជ័យ​ជា​ដដែលៗ​ ដើម្បី​ពិនិត្យលើ​កម្មករ​កម្ពុជា​ និង​បរទេស​ ដើម្បីធ្វើ​ជា​សូចនាករ​បញ្ជាក់​ពី​ការជួញដូរ​ ហើយ​បាន​អន្តរាគមន៍​ក្នុង​ករណី​ខ្លះ ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹងជន​រងគ្រោះ​បរទេស​ពី​ប្រតិបត្តិ​ការឆបោក​អនឡាញ ដែលជា​ញឹកញាប់​ការអន្តរាគមន៍​នោះ កើត​ឡើង​តែ​ពេលណា​ដែល​រដ្ឋាភិបាល​បរទេស​មាន​ការ​តស៊ូ​មតិ​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន ​ហើយ​ត្រូវ​គ្នា​នឹង​កិច្ច​អន្តរាគមន៍​នោះ​»។

ទាក់ទិននឹង​ការ​បង្ក្រាប​ឧក្រិដ្ឋកម្មឆបោក​អនឡាញ​ អ្នកស្រី ជូ ប៊ុនអេង ថ្លែងថា ​រឿង​នេះ​បាន​ក្លាយ​ជា​ក្តី​បារម្ភ​របស់​សាកល​លោក ដែល​ទាំង​កម្ពុជា​និង​រដ្ឋាភិ​បាល​ប្រទេស​ផ្សេង​ទៀត​នៅបន្ត​រក​យុទ្ធសាស្ត្រ ដើម្បី​លុប​បំបាត់​ឧក្រិដ្ឋកម្ម​ដែល​មាន​ការ​ប្រើ​បច្ចេកវិទ្យាខ្ពស់​មួយ​នេះ។

អ្នកស្រី​បន្ថែមថា៖ «​ការងារ​នេះ​ វាមិន​មែន​ប្រទេស​ណាមួយ​តែម្នាក់ឯង​ ដែល​មាន​រឿង​ហ្នឹង​ទេ​ គឺ​កំពុង​តែ​ប្រទាក់​ក្រឡាគ្នា​នោះ​ស៊ឹងតែ​ទូទាំងតំបន់​ ទូទាំង​ពិភពលោក​ហើយ​ ព្រោះ​ប្រទេស​ណា​ក៏នៅ​តែ​និយាយ​ពីរឿង​ប្រព័ន្ធ​ឆបោក​តាមអនឡាញ​ តាម​បច្ចេកវិទ្យា​ទំនើប​ហ្នឹង​ដែរ​ ឥឡូវ​ហ្នឹង​វាមាន​ដល់​ AI វា​មាន​ដល់​អីទៀត​ថា​តើ​ត្រូវធ្វើ​យ៉ាង​ម៉េច​ដែល​អាចយកជោគ​ជ័យលើ​រឿងនោះ​បាន»។

រូបឯកសារ៖ មនុស្សដើរចូល​ទីស្នាក់ការ​របស់​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧។
រូបឯកសារ៖ មនុស្សដើរចូល​ទីស្នាក់ការ​របស់​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧។

ការ​បន្ត​ទទួល​បាន​កម្រិត ​៣ ​ក្នុង​កិច្ចខិតខំលុប​បំបាត់​ និង​ទប់​ស្កាត់​ការជួញដូរមនុស្ស​ ធ្វើ​ឱ្យ​កម្ពុជា​និង​ប្រទេស​ឯទៀត​ ដែល​ស្ថិតក្នុង​កម្រិត​ទាប​បំផុត​នេះ​ខា​តប្រយោជន៍មួយ​ចំនួន​ គឺ​សហរដ្ឋ​អាមេរិក​នឹង​មិន​ផ្តល់​ជំនួយ​ខ្លះ​ដែល​មិន​ជាប់ពាក់​ព័ន្ធនឹង​កិច្ចការ​មនុស្សធម៌ និង​ពាណិជ្ជ​កម្ម ហើយ​មូលនិធិខ្លះ​ដែល​ផ្តល់​ឱ្យមន្ត្រី​រដ្ឋាភិបាល​ ដើម្បី​ចូលរួម​កម្មវិធី​ផ្លាស់ប្តូរ​សិក្សា​ និងវប្បធម៌​អាច​ត្រូវ​បាន​ដក​មក​រក្សា​ទុក​វិញ។​

ប្រធានាធិបតី​សហរដ្ឋអាមេរិក​អាច​នឹងកំណត់​ ដើម្បី​ចង្អុល​ទៅ​នាយកប្រតិបត្តិនៃ​ធនាគារ ពហុភាគី​ និង​មូលនិធិរូបិយ​វត្ថុ​អន្តរ​ជាតិ​ឱ្យបោះ​ឆ្នោត​ជំទាស់​ ហើយ​ប្រើប្រាស់​កិច្ចប្រឹងប្រែង​របស់​ពួកគេ​ឱ្យ​អស់​លទ្ធភាព​ដើម្បី​ច្រាន​ចោល​ប្រាក់​កម្ចី ឬការប្រើប្រាស់​ផ្សេងៗ​ទៀត​នៃ​ស្ថាប័នមូល​និធិ​នានា​ចំពោះ​ប្រទេស​ដែល​គេ​ចាត់​ចូល​កម្រិត​ ៣ វៀរលែង​តែ​កិច្ចការមនុស្ស​ធម៌ កិច្ចការ​ពាក់ព័ន្ធ​ពាណិជ្ជ​កម្ម​ និង​ជំនួយ​ដែលពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍជាក់​ស្តែង។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ លោក អំ សំអាត យល់ថា​កម្ពុជា​ត្រូវ​បង្កើន​ការ​ប្រឹង​ប្រែង​របស់​ខ្លួន​លើ​ការទប់​ស្កាត់​អំពើជួញដូរ​ដែល​នៅ​សម័យ​កាល​នេះ​ អាចធ្វើឡើង​តាម​បច្ចេកវិទ្យា​ទំនើបៗ ដែលតោង​ឱ្យ​មាន​ការ​បណ្តុះ​បណ្តាល​មន្ត្រី​ជំនាញ ដើម្បី​ទប់ស្កាត់ ឬលុបបំបាត់​ឧក្រិដ្ឋកម្ម​នេះ។

លោកថ្លែងថា៖ ​«ការបណ្តុះ​បណ្តាល​ទៅលើ​មន្ត្រី​ ដែល​ទាក់ទង​ជាមួយនឹង​ការបង្ក្រាប​ និងការ​ទប់ស្កាត់​ការ​ជួញដូរ​មនុស្សហ្នឹង​ត្រូវ​បណ្តុះ​បណ្តាល​បន្ថែម ​ពីព្រោះ​បទល្មើស​កាន់​តែទំនើបកម្ម ​ជាពិសេស​ទាក់​ទង​នឹង​ប្រព័ន្ធ​បច្ចេកវិទ្យា​ហ្នឹង។ អ៊ីចឹង​មន្ត្រីកម្ពុជា​ទាំង​អស់​ត្រូវ​តែ​មាន​ការបណ្តុះ​បណ្តាល​ជំនាញ​បន្ថែម​ទាក់ទង​នឹង​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​ការ​ពិនិត្យ​មើល​ឱ្យ​ឃើញ​ពី​ការ​ជួញដូរ​មនុស្ស»។

លោក​បន្ថែម​ថា ​កម្ពុជា​នឹ​ងខាតបង់​អត្ថប្រយោជន៍ ​បើ​សិន​ប្រទេស​នេះ​ខកខាន​មិន​បាន​ធ្វើឱ្យ​ល្អ​ប្រសើរ​លើ​ចំណាត់​ថ្នាក់នៃ​ការ​ដោះ​ស្រាយ​អំពើជួញ​ដូរ​មនុស្ស​នេះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG