ក្រសួងសុខាភិបាលកម្ពុជាបានក្រើនរំឭកប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់និងប្រុងប្រយ័ត្ន បន្ទាប់ពីក្រសួងបានរកឃើញករណីឆ្លងវីរុសបំប្លែងថ្មី ប្រភេទ Omricron JN.1 ចំនួន ៤ ករណី កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣។
សេចក្តីប្រកាសនេះបានឲ្យដឹងថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបង្ហាញពីការរកឃើញវីរុសបំប្លែងថ្មីប្រភេទ Omicron JN.1 ចំនួន ៤ ករណី ហើយបច្ចុប្បន្ននេះអ្នកជំងឺទាំង ៤ នាក់ បានទទួលការព្យាបាលជាសះស្បើយទាំងអស់គ្នា ប៉ុន្តែពួកគេបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។
ក្រសួងសុខាភិបាលបញ្ជាក់ថា៖ «តាមចំណាត់ថ្នាក់របស់អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់អំពីវីរុសបំប្លែងថ្មីប្រភេទ Omicron JN.1 នេះ មិនសូវមានសភាពធ្ងន់ធ្ងរទេ គឺជាវីរុសបំប្លែងថ្មីដែលជាប្រភេទចាប់អារម្មណ៍ VOI ( Variant of Interest) មិនមែនជាវីរុសបំប្លែងថ្មីដែលជាប្រភេទព្រួយបារម្ភ VOC (Variant of Concern) នោះទេ»។
បើតាមក្រសួងសុខាភិបាល វិធានការក្នុងការបង្ការវីរុសបំប្លែងប្រភេទថ្មីនេះ មានដូចជាការពាក់ម៉ាស ការលាងដៃជាមួយសាប៊ូ ឬជែល មិនត្រូវចូលរួមជាមួយព្រឹត្តិការណ៍ដែលមានមនុស្សច្រើន បន្តការទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានគ្រប់ដូស និងទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យ បើសិនជារកឃើញថា ខ្លួនមានផ្ទុកនូវវីរុសកូវីដ១៩ នេះ៕