ក្រសួងសុខាភិបាលកម្ពុជាបានក្រើនរំឮកឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះជំងឺផ្តាសាយបក្សី(H5N1) ក្រោយរកឃើញករណីឆ្លងថ្មីមួយលើមនុស្សម្នាក់នៅក្នុងស្រុកដងទង់ ខេត្តកំពត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា។
ក្រសួងបញ្ជាក់ថាស្រ្តីម្នាក់ អាយុ២១ឆ្នាំ រស់នៅក្នុងភូមិត្រពាំងឫស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត បានឆ្លងជំងឺផ្តាសាយបក្សី ហើយត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ក្រោយចាប់ផ្តើមឈឺ ដោយមានរោគសញ្ញាក្តៅខ្លួន ពិបាកដកដង្ហើម និងក្អក។ ក្រសួងបញ្ជាក់ថាក្រោយដឹងថាមានករណីឆ្លងថ្មី ក្រុមការងារជំនាញបានឆ្លើយតបទប់ស្កាត់ការឆ្លងបន្តទៅក្នុងសហគមន៍ និងចែកជូនថ្នាំតាម៊ីហ្លូ(Tamiflu)ដល់អ្នកប៉ះពាល់ជិតស្និទ្ធ។
បើតាមក្រសួងសុខាភិបាល វិធានការក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺផ្តាសាយបក្សី (H5N1) នេះ មានដូចជាការលាងដៃឱ្យបានញឹកញាប់បន្ទាប់ពីមានការប៉ះពាល់ជាមួយបក្សី ដាក់បក្សីឱ្យឆ្ងាយពីកុមារនិងកន្លែងរស់នៅ និងកុំបរិភោគសត្វបក្សីឈឺ ឬងាប់ជាដើម។ ក្រសួងបញ្ជាក់ថាជំងឺផ្ដាសាយបក្សី(H5N1)នេះមិនងាយឆ្លងពីមនុស្សទៅមនុស្សទេ ប៉ុន្តែវាក៏អាចបំប្លែងខ្លួនឆ្លងដូចនឹងជំងឺផ្ដាសាយតាមរដូវកាល។
គួរបញ្ជាក់ថាកាលពីខែកុម្ភៈ អាជ្ញាធរសុខាភិបាលកម្ពុជាបានរកឃើញក្មេងស្រីម្នាក់ អាយុ១១ឆ្នាំបានស្លាប់ដោយសារជំងឺគ្រុនផ្ដាសាយបក្សី។ ហើយកាលពីដើមខែតុលា ក្មេងស្រីម្នាក់ អាយុ២ឆ្នាំ និងបុរសម្នាក់អាយុ៥០ឆ្នាំ មកពីខេត្តព្រៃវែង ក៏បានស្លាប់ដោយសារជំងឺៗនេះផងដែរ៕