ការបង្កើតក្រុមការងារនៅតាមស្ថាប័នរដ្ឋដើម្បីឃ្លាំមើលទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បន្តកើតមាន ខណៈដែលលោកនាយករដ្ឋមន្ត្រីកាន់តែបង្កើនភាពសកម្មរបស់លោកលើបណ្តាញសង្គមដ៏ពេញនិយមមួយនេះ។
អ្នកវិភាគនយោបាយកម្ពុជា និងសកម្មជនសិទ្ធិមនុស្សយល់ឃើញស្រដៀងគ្នាថា ការបង្កើតក្រុមការងារនេះ អាចជួយឲ្យមន្ត្រីរដ្ឋាភិបាល ដឹងពីក្តីកង្វល់ប្រជាពលរដ្ឋខ្មែរ ដែលធ្វើទំនាក់ទំនងជាមួយលោកនាយករដ្ឋមន្ត្រីនៅលើបណ្តាញសង្គមនេះ តែពួកគេថា ក្រសួងស្ថាប័នរដ្ឋគួរបង្កើតក្រុមការងារសកម្មផ្សេងទៀតសម្រាប់ឃ្លំាមើល និងដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្មែរនៅតាមមូលដ្ឋានភូមិឃុំ។
យោងទៅតាមសេចក្តីសម្រេចរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលធ្វើឡើងកាលពីចុងខែកុម្ភៈ ឆ្នាំ ២០១៦ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានសម្រេចបង្កើតក្រុមការងារសម្រាប់តាមដានព័ត៌មានក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកហ៊ុន សែន ជានាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលនៅកម្ពុជា។
សេចក្តីសម្រេចនោះ បានបញ្ជាក់ថា មន្ត្រី៦រូប នឹងស្ថិតនៅក្នុងក្រុមការងារនេះ ហើយមានតួនាទី និងភារកិច្ចតាមដានមតិមហាជនដែលបង្ហោះនៅក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់ លោកនាយករដ្ឋមន្ត្រី។
លោកផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ប្រាប់ VOA ថា ការបង្កើតក្រុមការងារនេះ គឺធ្វើឡើងទៅតាមការចង់បានរបស់លោកនាយករដ្ឋមន្ត្រី ដែលខិតខំបង្កើនការទំនាក់ទំនងជាមួយប្រជាពលរដ្ឋនៅលើទំព័រហ្វេសប៊ុករបស់លោក ក្នុងគោលបំណងដោះស្រាយបញ្ហានានាដែលបានកើតឡើងនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
«អានេះ គឺជាការចូលរួមចំណែកមួយ របស់សម្តេចដែលធ្វើឲ្យព័ត៌មានហ្នឹង បានគ្រប់ជ្រុងជ្រោយ ហើយមានការចូលរួម ជម្រាបឆ្លើយ ឬក៏ដោះស្រាយ នៅលើទំព័រហ្វេសប៊ុក របស់សម្តេច ដើម្បីសម្តេចលោកតាមដាន មិនមែនឲ្យអ្នកដទៃ តាមដានមើលសម្តេចទេ អ្នកទាំងអស់នេះ តាមដានមើលព័ត៌មានដែលបញ្ចេញ ឬសំណូមពរ ឬការមិនសប្បាយចិត្ត របស់ប្រជាពលរដ្ឋទៅលើហ្វេសប៊ុករបស់សម្តេច»។
កាលពីដើមខែកុម្ភៈនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យមន្ត្រីសាធារណៈរបស់ខ្លួនបង្កើតក្រុមការងារ ហ្វេសប៊ុក រៀងៗខ្លួន និងយកចិត្តទុកដាក់ដោះស្រាយបញ្ហានានារបស់ប្រជា ពលរដ្ឋដែលបាន រាយការណ៍នៅលើបណ្តាញសង្គម ហ្វេសប៊ុក។ ក្រសួងធម្មការនិងសាសនា ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម ក្រសួងរ៉ែ និងថាមពល ក្រសួងយុត្តិធម៌ និងក្រសួងអប់រំជាដើមបានចាប់ផ្តើមបង្កើតគណៈកម្មការតាមដានហ្វេសប៊ុក ដែលមានសមាជិកយ៉ាងហោចណាស់ចំនួន៤រូប ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់។
ក៏ប៉ុន្តែអ្នកវិភាគនយោបាយកម្ពុជា និងសកម្មជនសិទ្ធិមនុស្សថ្លែងថា ការជឿលើតែព័ត៌មានដែលចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន មិនគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងរាល់បញ្ហាសង្គមដែលកំពុងកើតមានរាល់ថ្ងៃនោះឡើយ។
លោកអ៊ូ វីរៈ ជាអ្នកវិភាគនយោបាយកម្ពុជា និងជាប្រធានវេទិការអនាគត ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយក្នុងស្រុកថ្លែងថា ការជឿទុកចិត្តទៅលើប្រភពព័ត៌មានដែលចែករំលែកលើបណ្តាញសង្គមហ្វេសប៊ុក អាចគ្រោះថា្នក់ដល់ប្រទេសជាតិ។ លោកពន្យល់ថា៖
«តាមពិតហ្វេសប៊ុក ក៏ជាប្រភពព័ត៌មានដ៏ល្អៗដែរ ប៉ុន្តែគ្រាន់ថា ជាទូទៅគណៈរដ្ឋមន្ត្រី គាត់យកចិត្តទុកដាក់ចាត់ទុក ហ្វេសប៊ុកជាប្រភពមួយជាការពិចារណា។ ប៉ុន្តែត្រូវតែបង្កើតយន្តការប្រភពផ្លូវការជាច្រើនផ្សេងទៀតដូចជាការសិក្សាបែបវិទ្យាសាស្ត្រ ដូចជាក្រុមក្នុងការគិត វិភាគ និងស្វែងរកព័ត៌មាន ទទួលព័ត៌មាន ដូចជាក្រុមទទួលព័ត៌មាន និងពាក្យបណ្តឹងពីប្រជាពលរដ្ឋ។ ឧទាហរណ៍បង្កើតក្រុមដើម្បីឲ្យប្រជាពលរដ្ឋគាត់អាច ជូនដំណឹងមកជាផ្លូវការ ព្រោះតាមអីហ្វេសប៊ុក ជួនកាលក្មេងបង្ហោះលេង។ ជួនកាលបង្ហោះមែនទែន យើងអត់ដឹង មួយណាពិតមួយណាមិនពិត»។
លោកបន្ថែមថា ប្រទេសក្បែរខាងកម្ពុជា ដូចជាប្រទេសថៃ មិនបានយកហ្វេសប៊ុក ធ្វើជាយន្តការសំខាន់ សម្រាប់រកផ្លូវដោះស្រាយបញ្ហានោះទេ។ លោកនិយាយថា៖
«អត់ទេ គេអត់ធ្វើអញ្ចឹងទេ ដោយសារអ្វី? ដោយសារ គេមានយន្តការខុសៗគ្នា ក្នុងការទទួលខុសត្រូវខុសៗគ្នា។ គេអត់មើលហ្វេសប៊ុកទំព័ររបស់នាយករដ្ឋមន្ត្រីអញ្ចឹងទេ។ ជាទូទៅ ប្រសិនបើប្រជាពលរដ្ឋមានបញ្ហាជម្លោះ គេទៅតុលាការ គេមានយន្តការតាំងពីថ្នាក់លើ ដល់មូលដ្ឋាន ដល់ថ្នាក់ភូមិថ្នាក់ឃុំអីអញ្ចឹងទៅ។ បើសិនក្នុងករណីយើងចាប់ផ្តើមបើកចំហររដ្ឋាភិបាល គេហៅថា e-government។ E-government ហ្នឹងគឺបានន័យថា រដ្ឋាភិបាលបើកចំហរ ទៅតាមបណ្តាញអេឡិកត្រូនិក»។
លោកបន្តថាការបង្កើតឲ្យមានយន្តការ e-government ឬរដ្ឋាភិបាលអេឡិកត្រូនិក គឺជាជម្រើសល្អ តែថា រដ្ឋាភិបាលមិនអាចពឹងតែលើប្រភពព័ត៌មានលើបណ្តាញសង្គមនោះឡើយ។
«អាហ្នឹងគឺល្អ ខ្ញុំស្វាគមន៍។ ប៉ុន្តែយើងត្រូវគិតថា ប្រជាពលរដ្ឋជាច្រើនអ្នកដែលគាត់មិនអាច ដាក់ព័ត៌មានទៅហ្នឹង ឬក៏តវ៉ានៅតាមបណ្តាញហ្វេសប៊ុកហ្នឹងទេ។ អញ្ចឹងហើយ គេបើក e-government នេះ គឺជាប្រភពដើម្បីចែកចាយព័ត៌មាន ទាក់ទងរឿងរដ្ឋ។ ក៏ប៉ុន្តែ គេប្រើប្រភពផ្សេងៗច្រើន ប្រភពផ្សេងទៀត ធ្វើម៉េចដើម្បីឲ្យប្រជាពលរដ្ឋគាត់មាន ព័ត៌មានគ្រប់ជ្រុងជ្រោយ ហើយនឹងទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ពីបញ្ហាអំពីប្រជាពលរដ្ឋគ្រប់ជ្រុងជ្រោយ។ ក៏ប៉ុន្តែទោះបីម៉េចក៏ដោយ មិនអាចជំនួសប្រព័ន្ធតុលាការត្រឹមត្រូវ ឬមួយប្រព័ន្ធដោះស្រាយបញ្ហាដូចជាប្រព័ន្ធរដ្ឋបាលត្រឹមត្រូវទេ»។
លោកអំ សំអាត ប្រធានបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ និយាយថា ក្រសួង និងស្ថាប័នរបស់រដ្ឋ គួរផ្តោតលើការបង្កើតក្រុមការងារជាក់លាក់មួយ សម្រាប់ដោះស្រាយបញ្ហាដែលកើតមាននៅតាមមូលដ្ឋាន ជាជាងការតាមដានតែព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុក បើទោះជាបណ្តាញសង្គមនេះ បានរួមចំណែកដល់ការដោះស្រាយបញ្ហាបន្ទាន់មួយចំនួនក្តី។ លោកថា ការផ្តេកផ្តួលខ្លាំងទៅលើបណ្តាញសង្គម អាចធ្វើឲ្យមន្ត្រីថ្នាក់មូលដ្ឋានស្ពឹកស្រពន់ និងមិនមានការទទួលខុសត្រូវចំពោះការងារបម្រើរាស្ត្ររបស់ពួកគេ។
«ខ្ញុំគិតថា សម្តេចនាយករដ្ឋមន្ត្រី ការងារប្រទេសជាតិធំៗ ច្រើនណាស់ ហើយបញ្ហាដែលកើតឡើងតាមមូលដ្ឋាន និងអាជ្ញាធរដែនដីនោះ វាគួរណាស់តែអាជ្ញាធរដែនដីហ្នឹងត្រូវធ្វើការ ហើយបើអាជ្ញាធរដែនដីណា វាអសកម្ម ពួកអាជ្ញាធរមូលដ្ឋានណា ដែលអសកម្ម គួរតែចាត់វិធានការទៅលើ ពួកអាជ្ញាធរហ្នឹងវិញ ដើម្បីឲ្យការបម្រើសេវាសាធារណៈដល់ប្រជាពលរដ្ឋហ្នុង វាមានប្រសិទ្ធភាព»។
លោកថា ការចាត់តាំងឲ្យមានមនុស្សច្រើន នៅក្នុងក្រុមការងារតាមដានទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន នៅតាមក្រសួង ឬស្ថាប័ននីមួយៗ បង្ហាញថា ក្រសួង ឬស្ថាប័នទាំងនោះ មិនសូវមានការងារធ្វើ និងមានពេលទំនេរច្រើន។ លោកថា ការណ៍នេះហើយ ដែលបញ្ហាសំខាន់ៗដែលបានកើតឡើង ដូចជាវិបត្តិដីធ្លី និងអំពើពុករលួយ មិនត្រូវបានដោះស្រាយឆាប់រហ័ស។
យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន បានអះអាងថា ក្រុមសង្គមស៊ីវិលមិនដែលមើលឃើញចំណុចវិជ្ជមានរបស់រដ្ឋាភិបាលក្នុងការប្រើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីដោះស្រាយក្តីកង្វល់របស់ប្រជាពលរដ្ឋខ្មែរនោះទេ។
«សង្គមស៊ីវិលគាត់និយាយតែអញ្ចឹងឯង តាំងពីដើមមក គាត់មិនដែលឃើញវិជ្ជមានទេ ពីព្រោះគាត់ទទួលលុយដើម្បីនិយាយអាក្រក់ អញ្ចឹងហើយ ដើម្បីបានលុយតទៅទៀត។ សាមញ្ញបំផុត។ បើមិនបានដោះស្រាយបានទេ មិនមែនសង្គមខ្មែរបានដល់ពេលនេះទេ»។
លោកបញ្ជាក់ថា បញ្ហាដែលបាន ដោះស្រាយរួចតាមរយៈការទំនាក់ទំនងលើបណ្តាញសង្គមហ្វេសប៊ុក រួមមានការមិនឲ្យបង់ប្រាក់សម្រាប់ការធ្វើដំណើរលើផ្លូវជាតិលេខបួន ការមិនយកពន្ធផ្លូវសម្រាប់ម៉ូតូជាដើម។
តាមរយៈការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកដ៏សកម្មនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសកាលពីពេលកន្លងមកថា រដ្ឋាភិបាលរបស់លោកបានក្លាយជា រដ្ឋាភិបាលអេឡិកត្រូនិក ឬ e-government។ យ៉ាងណាក៏ដោយ ក្រុមសង្គមស៊ីវិលធ្លាប់បានលើកឡើងថា ការប្រើប្រាស់បណ្តាញសង្គម មិនអាចឆ្លើយតបនឹងចំណុចអវិជ្ជមានធំៗ ដូចជាអំពើពុករលួយ បក្សពួកនិយម កម្សោយអភិបាលកិច្ច និងប្រព័ន្ធតុលាការដែលមិនទាន់ឯករាជ្យបានទេ៕