ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កំណើន​គំហុក​នៃ​អ្នក​គាំទ្រ​ Facebook លោក​​ហ៊ុន សែន​​នាំ​ឲ្យ​សង្ស័យ​ថា​ចំណាយ​លុយ​ទិញ


បើ​តាម​គេហទំព័រ socialbakers.com នៅ​ត្រឹម​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៦ ទំព័រ Facebook របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​មាន​អ្នក Like ជាង​៣​លាន​នោះ មាន​អ្នក​ Like ពី​ប្រទេស​ឥណ្ឌា​ប្រមាណ​ជា​១១​ភាគ​រយ​ឬ​ស្មើ​ជាង​៣៣០.០០០​​គណនី។ (ថត​ពី​គេហទំព័រ socialbakers.com)
បើ​តាម​គេហទំព័រ socialbakers.com នៅ​ត្រឹម​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៦ ទំព័រ Facebook របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​មាន​អ្នក Like ជាង​៣​លាន​នោះ មាន​អ្នក​ Like ពី​ប្រទេស​ឥណ្ឌា​ប្រមាណ​ជា​១១​ភាគ​រយ​ឬ​ស្មើ​ជាង​៣៣០.០០០​​គណនី។ (ថត​ពី​គេហទំព័រ socialbakers.com)

នៅថ្ងៃ​ពុធ​នេះ​ អ្នកវិភាគ​និង​តាម​ដាន​ការ​វិវឌ្ឍ​នយោបាយ​កម្ពុជា​យល់​ថា ​ការ​កើន​ឡើង​ចំនួន​អ្នក​គាំទ្រ​ក្នុង​​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ជា​គំហុក ​គឺ​អាច​មាន​ទាក់ទិន​នឹង​ការប្រើ​ប្រាស់​ថវិកា​ដើម្បី​ជំរុញ​ការ​គាំទ្រ​នេះ។

នៅថ្ងៃ​ពុធ​នេះ​ អ្នកវិភាគ​និង​តាម​ដាន​ការ​វិវឌ្ឍ​នយោបាយ​កម្ពុជា​យល់​ថា ​ការ​កើន​ឡើង​ចំនួន​អ្នក​គាំទ្រ​ក្នុងទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ជា​គំហុក ​គឺ​អាច​មាន​ទាក់ទិន​នឹង​ការប្រើ​ប្រាស់​ថវិកា​ដើម្បី​ជំរុញ​ការ​គាំទ្រ​នេះ។​

ការ​លើក​ឡើង​នេះ​គឺ ​ក្រោយ​ពេល​ដែល​លោក​ ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ​ហ៊ុន សែន​ ​ប្រកាស​ថា ​អ្នក​គាំ​ទ្រ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កើន​ជាង​៣លាន​នាក់​ ​ធ្វើ​ឲ្យ​លោកឈរ​ក្នុង​លំដាប់​លេខ១​ ​ធៀប​ទៅ​នឹង​ទំព័រ​ហ្វេសប៊ុក​ផ្សេងៗ​ទៀត​ក្នុង​ប្រទេស​កម្ពុជា។​ ​លោក​នាយក​រដ្ឋមន្ត្រី​ ​ក៏​ធា្លប់​និយាយ​លេងសើច​ថា​លោក​ក្លាយ​ជា​ «​នាយក​រដ្ឋមន្ត្រី​ហ្វេសប៊ុក»​ផង​ដែរ​ ចំពោះ​ចំនួន​អ្នក​គាំ​ទ្រ​ដ៏ច្រើន​ដាច់​គេ​នេះ។​

រូបថតគេហទំព័រ socialbakers.com នេះ​បង្ហាញ​ទំព័រ Facebook មាន​អ្នក Like ច្រើន​ជាង​គេ​នៅ​កម្ពុជា​និង​ទូទាំង​ពិភពលោក​ នៅ​ត្រឹម​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៦។ ទំព័រ Facebook របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​មាន​អ្នក Like ជាង​៣​លាន​នោះ មាន​អ្នក Like ច្រើន​ជាង​គេ​ក្នុង​ពិភពលោក ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា ទំព័រ​របស់​លោក​ជាប់​លេខ​៤ ដោយ​មាន​អ្នក​គាំទ្រ​ប្រមាណ​១.៧​លាន​នាក់ នៅ​ពី​ក្រោយ​ទំព័រ VOA Khmer ទំព័រ Post Khmer (ភ្នំពេញប៉ុស្តិ៍) និង Sam Rainsy (សម រង្ស៊ី)​។ (ថត​ពី​គេហទំព័រ socialbakers.com)
រូបថតគេហទំព័រ socialbakers.com នេះ​បង្ហាញ​ទំព័រ Facebook មាន​អ្នក Like ច្រើន​ជាង​គេ​នៅ​កម្ពុជា​និង​ទូទាំង​ពិភពលោក​ នៅ​ត្រឹម​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៦។ ទំព័រ Facebook របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​មាន​អ្នក Like ជាង​៣​លាន​នោះ មាន​អ្នក Like ច្រើន​ជាង​គេ​ក្នុង​ពិភពលោក ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា ទំព័រ​របស់​លោក​ជាប់​លេខ​៤ ដោយ​មាន​អ្នក​គាំទ្រ​ប្រមាណ​១.៧​លាន​នាក់ នៅ​ពី​ក្រោយ​ទំព័រ VOA Khmer ទំព័រ Post Khmer (ភ្នំពេញប៉ុស្តិ៍) និង Sam Rainsy (សម រង្ស៊ី)​។ (ថត​ពី​គេហទំព័រ socialbakers.com)

នា​ថ្ងៃ​ពុធ​នេះ​សារព័ត៌មាន​ The Phnom Penh Post​ បាន​ផ្សាយ​ថា​ អ្នក​គាំទ្រ​ឬ «like»​ ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នា​ពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​គឺ​ភាគ​ច្រើន​ ​លើស​លុប​គឺ​នៅ​ប្រទេស​ឥណ្ឌា​ ​ហើយ​មាន​តែ​២០​ភាគរយ​ប៉ុណ្ណោះនៃ​ចំនួន​អ្នក​គ្រាំទ្រ​ថ្មី​ស្ថិត​ក្នុង​ប្រទេស​កម្ពុជា។

លោក​ស្រី​ចក់ សុភាព ​នាយិការ​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ ​CCHR​ ដែល​ធ្វើ​ការ​អង្កេត​លើ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​នៅ​កម្ពុជា​ផង​នោះ​ ​បានប្រាប់ VOA​ ថា លោក​ស្រី​មាន​ការ​«ភ្ញាក់ផ្អើល»​ចំពោះ​របាយការណ៍​ដែល​បង្ហាញ​នោះ​ហើយ​នេះ​វា​កាន់​តែ​សរ​បញ្ជាក់​ថា​ចំនួន​អ្នក​គាំ​ទ្រ​ក្នុង​ទំព័រ​ហ្វេសប៊ុក​គឺ​មិន​មាន​តម្លាភាព​ដោយ​សារ​តែ​គេ​អាច​ចំណាយ​ប្រាក់​កាស​ដើម្បី​ជំរុញ​ឲ្យ​មានអ្នក​គាំទ្រ​ដ៏ច្រើន​បែប​នោះ។ ​

«តាមរយៈ​របាយការណ៍​នេះ​គឺ​ប្រហែល​ជា​អាច​ជា​ការដាស់​តឿន​អ្នកដែល​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ដែរ​អំពី ​ដែល​គេ​ហៅថា​បច្ចេកទេស​នៃ​ការ​ដែល​ទាក់ទាញនូវ​ប្រជាប្រិយភាព​នេះ។​ហើយ​កន្លង​មក​ខ្ញុំ​ធ្លាប់​ ជជែក​គ្នា​ដែរ​អំពី​ការ​ទាក់ទាញ​ការ​គាំទ្រ​ឬ​like​ហ្នឹងដោយ​ការ​ដែល​យើង​បង់​លុយ​ នោះដែរ​ថា​វា​អត់​មាន​សុក្រឹតភាព​នោះ​ទេ»។​

លោកស្រី​ចក់ សុភាព​បន្ត​ថា​ចំនួន​អ្នកគាំទ្រ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​គឺ​មិន​បញ្ជាក់​ពី​ប្រជា​ប្រិយភាព​របស់​បុគ្គល​នោះ​ផងដែរ​ តែ​ការ​ឆ្លើយ​ឆ្លង​នឹង​ប្រសិទ្ធភាព​ការងារ​ គឺ​ជា​កត្តា​សំខាន់។​

លោក​ស្រី​បញ្ជាក់​ថា៖​ «ហើយ​ខ្ញុំ​ជឿ​ជាក់​ថា​អ្នក​នយោបាយ​ មួយ​ចំនួន​ឬ​ក៏​ស្ថាប័ន​មួយ​ចំនួន​ គឺ​ប្រើ​ប្រាស់​ថវិកា​ដើម្បី​ផ្សព្វផ្សាយ។​ ​ខ្ញុំ​យល់​ថា​ការផ្សព្វផ្សាយ​នេះ​គឺ​វា​មិនមាន​ជា​ការ​ចោត​នោះ​ទេ​ ​សំខាន់​គឺ​អ្នក​ប្រើ​ប្រាស់​ខ្លួន​ឯង​ហ្នឹង​ ​ត្រូវ​តោង​យល់​ថា​ ​ចំនួន​ដែល​ទទួល​បាន​ការគាំ​ទ្រ​នេះ​គឺ​មិនបាន​បង្ហាញ​ពី​ប្រជា​ប្រិយ​ភាព​របស់​យើង​ឬ​ ​ក៏​ការ​ដែល​គេ​គាំទ្រ​ទៅ​លើ​ខ្លឹមសារ​របស់​យើង​ទាំង​ស្រុង​ហ្នឹង​ទេ​។​ ​ក៏​ប៉ុន្តែ​ យើង​ត្រូវ​ធ្វើ​ការ​វាស់វែង​ ​លើ​ពល​រដ្ឋ​ឬ​ប្រិយ​មិត្ត​របស់​យើង ​គាត់​បាន​ឆ្លង​ឆ្លើយ​ជា​មួយ​យើង​ឬ​ក៏​ធ្វើ​ការ​ជជែក​បន្ថែម​ទៀត​»។​

ស្រដៀង​គ្នា​នោះ​ដែរ​ ​លោក​ ​ង៉ែត​ ម៉ូសេ​ប្រធាន​ផ្នែក​ បច្ចេកវិទ្យា​សារគមនាគមន៍​និងព័ត៌មាន​វិទ្យា​ ​ICT នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ ​ហៅ​កាត់​ថា​Central​ ​ពន្យល់​ថា​ ​អ្នក​ប្រើ​ប្រាស់​ ហ្វេស​ប៊ុក​អាច​ប្រើ​ ​ថវិកា​ក្នុង​ការជំរុញ​ ​មាន​ការ​ផ្សាយ​ពាណិជ្ជកម្ម​ ​ដល់​សារ​ដែល​បង្ហោះ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ខ្លួន ​បាន​ដល់​អ្នក​គាំទ្រ​និង​អ្នក​ប្រើប្រាស់​ ​ហ្វេសប៊ុក​ច្រើន​ផ្សេង​ទៀត​ ដើម្បី​ចុច​ «like»។​

លោក​បញ្ជាក់​ថា​៖ ​«យក​លុយ​ទៅ​ទិញ​ like​ហ្នឹង​គឺ​អត់​បាន​ទេ​ ក៏​ប៉ុន្តែ​យើង​អាច​ធ្វើ​អញ្ចេះ​បាន​ គឺ​យើង​ Pay​ [បង់]​លុយ ​ដើម្បី​គេ​ហៅ​ ​ថា​ Boost Page ​ឬ​ក៏​ B​oost Posts ​មាន​ន័យ​ថា​ដាក់​ Page ​ឬក៏​ Post​របស់​យើង​ហ្នឹង​ ​ឲ្យ​គេ​ឃើញ​ច្រើន​ ​ហើយ​ជ្រើសរើស​ទីតំាង​ណា​ឲ្យ​គេ​ឃើញ​ច្រើន។​ ​ពេល​ហ្នឹង​ហើយ​គឺ​យើង​បាន​ទទួល​ការ​ ​like​ នៅ​ខាង​ណោះ​បាន​ច្រើន។​ ​ មាន​ន័យ​ថា​អ្នក​នៅ​ម្តុំ​នោះ​គឺ​ឃើញ​យើង​ច្រើន​ជាង​ យើង​ជ្រើស​រើស​ប្រទេស​ទៅ​ ថា​តើ​ប្រទេស​ណា​ ត្រូវ​ឃើញ​ post ​ឬ​page​របស់​យើង​ណឹង​ ត្រូវ​បាន​ឃើញ​ជាទូទៅ​នៅ​លើ​account​ របស់​គេ​»។​

អ្នក​ជំនាញ​រូ​ប​នេះ​ ក៏​ឲ្យ​យោបល់​ផង​ដែរ​ថា​ អ្នក​កាន់​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ហ៊ុន សែន​គួរ​តែ​បង្ហាញ​ទិន្នន័យ​ក្នុង​ទំព័រ​របស់​លោក​ហ៊ុន សែន​ ​ដើម្បី​បញ្ជាក់​គណនីភាព​និង​តម្លាភាព​នោះ។

តាម​សារព័ត៌មាន​The Phnom Penh Post​ ​ដែល​បាន​ដក​ស្រង់​ទិន្នន័យ​ចេញ​ពី​ ​ក្រុម​ហ៊ុន​ទិន្នន័យ​ Socialbakers.com​ ក៏​បាន​ផ្សាយ​ថា​ ការ​ចុច​ ​«like»​ ​ជា​គំហុក​ ប្រហែល​២៥​ម៉ឺន​៥ពាន់​នាក់​ លើ​ទំព័រ​ហ្វេស​ប៊ុក​លោក​ហ៊ុន សែន ​ពេល​ថ្មីៗ​នេះ​ គឺ​មក​ពី​ប្រទេស​ឥណ្ឌា​ ​ខណៈ​ពេល​ អ្នកចុច​ ​ ​«like»​ ក្នុង​រយៈ​ពេល​ ​៣០ថ្ងៃ​ចុង​ក្រោយ​នេះ​ ​មាន​ច្រើន​មក​ពី​ប្រទេស​ហ្វីលីពីន​ មីយ៉ាន់ម៉ា​ ឥណ្ឌូនេស៊ី ​តួកគី​ ​និង​ ម៉ិកស៊ី​កូ​ជាដើម។​ ការ​ចុច​like ​ដ៏​គំហុក​លើ​ទំព័រ​ហ្វេសប៊ុក​លោក​ហ៊ុន សែន​ ធ្វើ​ឲ្យ​លោក​វ៉ាដាច់​ ​ហ្វេសប៊ុក​របស់​ប្រធាន​គណបក្ស​ជំទាស់​លោក​ សម រង្ស៊ី​ ​ដែល​មាន​អ្នក​គាំទ្រ​ត្រឹម​តែ​២លាន​២សែន​នាក់​ត្រឹមថ្ងៃ​ពុធ​នេះ។

ប៉ុន្តែ​សម្រាប់​អ្នកគាំទ្រ​ក្នុង​ប្រទេស​កម្ពុជា​វិញ​គឺ​លោក សម រង្ស៊ី​នៅតែ​នាំ​មុខ​ដដែល​ដោយ​មាន​អ្នកគាំទ្រ​១,៨៣លាន​ហើយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​មាន​១,៧៣លាន។ ​

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​សុខ​ ឦសាន្តបាន​ទាត់ចោល​របាយ​ការណ៍​និង​ការ​ចោទ​ថាប្រធាន​គណបក្ស​កាន់​អំណាច​លោក​ ​ហ៊ុនសែន​ ​ប្រើប្រាស់​ថវិកា​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​ចុច​like​ ​លើ​ទំព័រ​លោក​នោះ​ទេ។​ ​លោក​ថា​អ្នកដែល​គាំទ្រ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ហ៊ុន សែន​និង​ឥស្សរជន​ផ្សេង​ទៀត​គឺ​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

«យើង​មិន​ជឿ​ ​យើង​យក​ការ​និយាយ​ខាង​ក្រៅ​ជា​ការណ៍​មិនបាន​នោះ​ទេ។​ ​ខ្លះ​គេ​ចោទ​ថា​ ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ជួល​គេ​like​ទៅ​ទៀត។​ ជួល​គេ​ចូល​ទៅ​ទៀត។​ ​អីចឹង បាន​ខ្ញុំ​ជំរាប​ថា​អ្នកខាង​ក្រៅ​ប្រ​ទេស​មក​ គឺ​វា​គ្មាន​ប្រយោជន៍​ឲ្យ​គេ​like​នោះ​ទេ។​ ​វា​អត់ពាក់ព័ន្ធ​នឹង​ផល​ប្រយោជន៍​ ហើយ​នឹង​មាន​ទំនាក់​ទំនង​គ្នា។ ​ហើយ​ប្រសិន​បើ​មាន​ក៏វា​ចំនួន​តិចតួច​ដែរ ​បើ​សិន​ណា​គេ​ចង់​លេង​អី​ចឹង​ ក៏​ប៉ុន្តែ​ ​បញ្ហា​សំខាន់​គឺ​ ​នៅ​លើ​ផល​ប្រយោជន៍​ប្រជាជន។​ ​ប្រជាជន​ចង់​បាន​ ​សំណូមពរ​ជា​ ​ករណី​នេះ​ ​ករណី​នោះ​ ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះ​ស្រាយ។​ អញ្ចឹង​ទេ​ភាគច្រើន​គឺ​សុទ្ធតែ​ជា​ប្រ​ជា​ជន​កម្ពុជា​ នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឯង​»។​

លោក​ ​សុខ​ ឦសាន្ត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ក្នុង​រយៈ​ត្រឹម​៦ខែនេះ​ ​គឺ​ចង់​បំពេញ​ចន្លោះ​ខ្វះ​ខាត​ចំពោះ​ការ​ងារ​របស់​រដ្ឋបាល​លោក​ ​ហើយ​ពេល​នេះ​គឺ​បាន​ទទួល​ការ​គាំ​ទ្រដ៏​ច្រើន​ពី​ប្រជាពលរដ្ឋ​កម្ពុជា។​

នា​ពេល​ថ្មី​នេះ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ដែល​កាន់​អំណាច​ជាង​៣០ឆ្នាំ​បាន​ ​ប្រកាស​ឲ្យអ្នក​គាំទ្រ​និង​ប្រជា​ពលរដ្ឋ​ផ្ញើ​ជា​សារ​ទៅ​កាន់​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ដើម្បី​ឲ្យ​មាន​ការ​ដោះ​ស្រាយ បញ្ហា​ទាំងនោះ​ដោយ​ផ្ទាល់​ផង​ដែរ។​ ជា​មួយ​គ្នា​នោះ​ដែរ​ ​លោក​ក៏​បាន​ជំរុញ​ឲ្យ​មន្ត្រី​ខ្លួន​គ្រប់​ស្ថាប័ន​ធ្វើ​ការ​បង្កើត​គណនី​ហ្វេសប៊ុក​ ​របស់​អង្គភាព​និង​ផ្ទាល់ខ្លួន​ផង​ដែរ។​

អ្នកឃ្លាំ​មើល​ ការវិវឌ្ឍ​នយោបាយ​ក្នុង​ប្រទេស​ កម្ពុជា​យល់ថា​ការព្យាយាម​បង្កើន​ ​ប្រជា​ប្រិយភាព​របស់​លោក​ហ៊ុន សែន​ក្នុង​បណ្តាញ​សង្គម​ ​ហ្វេសប៊ុក​បែប​នេះ​ ​គឺ​ត្រៀមខ្លួន​ដើម្បី​ការបោះ​ឆ្នោត​នា​ឆ្នាំ​២០១៧​និង​២០១៨​ខាង​មុខ៕

XS
SM
MD
LG