ពលរដ្ឋអាមេរិកាំងវ័យក្មេងជាច្រើននាក់មិនសូវធ្វើចំណាកស្រុកដូចមុនទេ ចាប់តាំងពីវិបត្តិសេដ្ឋកិច្ចពិភពលោកមក ប៉ុន្តែនៅពេលដែលពួកគេធ្វើចំណាកស្រុក ពួកគេទៅរស់នៅតំបន់ផ្សេងៗ ដែលខុសពីមុនពេលវិបត្តិសេដ្ឋកិច្ចបានកើតឡើងនៅក្នុងចន្លោះឆ្នាំ២០០៧និងឆ្នាំ២០០៩។ ក្នុងរយៈពេលបីឆ្នាំមុនវិបត្តិសេដ្ឋកិច្ចនេះ ពលរដ្ឋអាមេរិកាំងបានធ្វើចំណាកស្រុកទៅទីក្រុង Riverside នៃរដ្ឋកាលីហ្វ័រញ៉ា ទីក្រុង Phoenix Atlanta Houston និងទីក្រុង Charlotte នៃរដ្ឋ North Carolina នេះបើតាមការស្ទង់មតិអំពីសហគមន៍អាមេរិកាំងរបស់ការិយាល័យជំរឿនអាមេរិក។
លោក William Frey អ្នកជំនាញខាងប្រជាសាស្ត្រប្រចាំវិទ្យាស្ថានស្រាវជ្រាវ Brookings បានលើកឡើងថា «អ្នកចំណាកស្រុកទាំងនោះគឺជាក្រុមពលរដ្ឋដែលទៅកន្លែងថ្មីដើម្បីទិញផ្ទះ និងរកការងារថ្មីធ្វើ»។ ការធ្វើចំណាកស្រុកបានផ្លាស់ប្តូរក្នុងអំឡុងវិបត្តិសេដ្ឋកិច្ច និងប៉ុន្មានឆ្នាំក្រោយវិបត្តិសេដ្ឋកិច្ចនេះ។
ក្នុងចន្លោះឆ្នាំ២០០៧ ដល់ឆ្នាំ២០១២ នៅសហរដ្ឋអាមេរិក តំបន់ទីក្រុងដែលទាក់ទាញការធ្វើចំណាកស្រុករបស់ក្រុមពលរដ្ឋដែលកើតនៅចន្លោះឆ្នាំ១៩៨១ ដល់ឆ្នាំ ១៩៩៦ រួមមាន ទីក្រុង Denver Houston រដ្ឋធានីវ៉ាស៊ីនតោន ទីក្រុង Austin និង Seattle។ ហើយពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ ទីក្រុងដែលមានចំនួនពលរដ្ឋវ័យក្មេងទៅរស់នៅច្រើនជាងគេ រួមមានតំបន់ទីក្រុង Houston Denver Dallas Seattle និង Austin។
លោក Frey បានបន្ថែមទៀតថា៖ «ពលរដ្ឋវ័យក្មេងមិនអាចរកការងារដែលពួកគេចង់ធ្វើ ហើយពួកគេក៏មិនអាចទិញផ្ទះដែលពួកគេចូលចិត្តដែរ។ ប៉ុន្តែ ពួកគេចង់នៅកន្លែងណាដែលសម្បូរសកម្មភាពសម្រាប់ពលរដ្ឋវ័យក្មេង និងដែលមានភាពឡូយឆើត ឬក៏ទីកន្លែងណាដែលពួកគេហៅថា មានអ្វីដែលគួរឲ្យចាប់អារម្មណ៍»។
ជារួម ក្រុមពលរដ្ឋអាមេរិកាំងវ័យក្មេងកំពុងតែធ្វើចំណាកស្រុកក្នុងអត្រាទាប ចាប់តាំងពីឆ្នាំ១៩៩៦មក។ នៅឆ្នាំ២០១៧ អត្រាចំណាកស្រុករបស់ពួកគេគឺមានត្រឹមតែ ១៧ភាគរយប៉ុណ្ណោះ ដែលទាបជាងអត្រាចំណាកស្រុកមុនវិបត្តិសេដ្ឋកិច្ចដែលមានអត្រាជិត ២៣ភាគរយ។
លោក Frey រំពឹងថា អត្រាចំណាកស្រុករបស់ពលរដ្ឋអាមេរិកាំងវ័យក្មេងនឹងកើនឡើង ប៉ុន្តែលោកបានខកចិត្តនៅពេលដែលអត្រានេះនៅតែទាប។ លោកបានលើកឡើងថា៖ «ការចំណាកស្រុកគឺល្អដល់សេដ្ឋកិច្ច ដោយសារតែពលរដ្ឋងាយនឹងសម្របតាមស្ថានភាពសេដ្ឋកិច្ចដែលបានផ្លាស់ប្តូរ បើសិនជាពួកគេផ្លាស់ទីទៅរស់នៅកន្លែងដែលមានការងារធ្វើ»។
លោក Frey បានបន្ថែមទៀតថា៖ «ជាពិសេស បើសិនជាការចំណាកស្រុកធ្វើឡើងដើម្បីទិញផ្ទះ និងដើម្បីចាប់ផ្តើមវិនិយោគលើអនាគតថ្មីដើម្បីបង្កើនទ្រព្យសម្បត្តិ នោះខ្ញុំគិតថា វាសំខាន់ ហើយពលរដ្ឋវ័យក្មេងទាំងនោះក៏មិនមានអារម្មណ៍ថា ពួកគេនៅជាប់គាំងមួយកន្លែង ហើយមិនត្រូវបានគេអើពើ»។
អ្នកស្រាវជ្រាវរូបនេះក៏មើលឃើញសញ្ញាខ្លះៗដែលថា ក្រុមពលរដ្ឋអាមេរិកាំងវ័យក្មេងកំពុងចាប់ផ្តើមផ្លាស់ទីទៅរស់នៅតំបន់ជាយក្រុង និងតំបន់ទីប្រជុំជនតូចៗ និងទីក្រុងនានាដែលស្ថិតភាគកណ្តាលសហរដ្ឋអាមេរិក ជាជាងតំបន់ភាគខាងកើត ឬភាគខាងលិច ដែលជាតំបន់ពេញនិយម។
លោក William Frey បានលើកឡើងថា៖ «ខ្ញុំសូមណែនាំថា នៅពេលដែលយើងពិនិត្យមើលអត្រាចំណាកស្រុក ដែលចេញផ្សាយ យើងនឹងឃើញបន្តិចម្តងៗថា ការផ្លាស់ទីកើតឡើងនៅតាមតំបន់ដែលមានស្ថានភាពសេដ្ឋកិច្ចសកម្ម និងសេដ្ឋកិច្ចប្រសើរ ជាងតំបន់ដែលមានភាពឡូយឆើត»៕
ប្រែសម្រួលដោយ ទែន សុខស្រីនិត