សកម្មភាពវាយប្រហារលើអ្នកការពារសិទ្ធិមនុស្ស និងការនិយាយរិះគន់រដ្ឋាភិបាល បានបន្តកើតមានក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ខណៈដែលស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាហាក់ដូចជាមិនដើរទៅមុខ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស ហៅកាត់ថា អង្គការលីកាដូ ដែលបានចេញផ្សាយរបាយការណ៍សង្ខេបដាច់ដោយឡែកមួយទៀតនៅថ្ងៃចន្ទនេះស្តីពី «ហានិភ័យនៃសំឡេងរិះគន់៖ ការរំលោភបំពានទៅលើអ្នកការពារសិទ្ធិមនុស្ស»។
អង្គការលីកាដូបានឲ្យដឹងថា នៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ អ្នកការពារសិទ្ធិមនុស្ស បុគ្គលឯករាជ្យ និងបុគ្គលសំខាន់ៗមួយចំនួនទៀតបានក្លាយជាជនរងគ្រោះក្នុងចំណោមជនរងគ្រោះដទៃទៀត នៅក្នុងស្ថានភាពនយោបាយដ៏ផុយស្រួយនៅកម្ពុជា។
សេចក្តីថ្លែងការណ៍របស់អង្គការលីកាដូដែលចេញស្របគ្នានឹងរបាយការណ៍សង្ខេបស្តីពីការរំលោភបំពានលើអ្នកការពារសិទ្ធិមនុស្សនាថ្ងៃចន្ទនេះបានសរសេរក្នុងន័យដើមថា៖
«នៅខែកក្កដា ឆ្នាំ២០១៦ អ្នកការពារសិទ្ធិមនុស្សបានទទួលរងនូវបទពិសោធន៍យ៉ាងជូរចត់សម្រាប់ការបញ្ចេញគំនិតរិះគន់របស់អ្នកទាំងនោះ។ អ្នកវិភាគនយោបាយគឺ លោកបណ្ឌិត កែម ឡីត្រូវបានគេលួចបាញ់ប្រហារទាំងកណ្តាលថ្ងៃ ហើយក្រោយមក ទោះជាជនសង្ស័យចម្បងត្រូវបានតុលាការផ្តន្ទាទោស បន្ទាប់ពីបើកសវនាការអស់រយៈពេលបួនម៉ោងក៏ដោយ ក៏រហូតមកដល់សព្វថ្ងៃ នៅមិនទាន់មានការស៊ើបអង្កេតដែលគួរឲ្យជឿទុកចិត្តណាមួយត្រូវបានធ្វើឡើងទៅលើឃាតកម្មនេះនៅឡើយទេ»។
ក្នុងរបាយការណ៍សង្ខេបចុងក្រោយរបស់អង្គការលីកាដូស្តីពី«ហានិភ័យនៃសំឡេងរិះគន់៖ ការរំលោភបំពានទៅលើអ្នកការពារសិទ្ធិមនុស្ស» បានលើកឡើងនូវការបភិតបំភ័យជាច្រើន ដែលអ្នកការពារសិទ្ធិមនុស្សកំពុងប្រឈមមុខនៅកម្ពុជាសព្វថ្ងៃ។
របាយការណ៍សង្ខេបនោះបានឲ្យដឹងបន្ថែមថា វិធីសាស្ត្រដដែលៗក្នុងការរឹតត្បិតសំឡេងអ្នកការពារសិទ្ធិមនុស្ស ត្រូវបានប្រើប្រាស់ ក្នុងនោះមានការប្រើប្រាស់ប្រព័ន្ធតុលាការដែលមានលក្ខណៈលម្អៀង ការប្រើប្រាស់អំពើហិង្សាដែលគាំទ្រដោយអាជ្ញាធរ ហើយការបង្រ្កាបលើការតវ៉ាហិង្សានានាត្រូវបានបន្ថែមទម្ងន់តាមរយៈការអនុម័តច្បាប់ថ្មីមួយចំនួន ដែលមានលក្ខណៈគាបសង្កត់ ហើយនឹងការត្រួតពិនិត្យចាប់ពិរុទ្ធតាមរយៈប្រព័ន្ធអ៊ិនធឺណេតជាដើម។
ការចេញរបាយការណ៍សង្ខេបរបស់អង្គការលីកាដូស្តីពីការរំលោភបំពានទៅលើអ្នកការពារសិទ្ធិមនុស្សនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីតុលាការបានដោះលែងអ្នកការពារសិទ្ធិមនុស្សបួននាក់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក និងមន្ត្រីជាន់ខ្ពស់ម្នាក់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឲ្យស្ថិតនៅក្រៅឃុំក្នុងសំណុំរឿងសូកប៉ាន់សាក្សី និងសមគំនិតសូកបាន់សាក្សី៕