ជនអន្តោប្រវេសន៍មួយចំនួនដែលមើលទៅដូចជាហេវហត់អស់កម្លាំងហើយបានជាប់នៅលើស្ពានមួយក្នុងប្រទេសក្វាតេម៉ាឡា (Guatemala) ក្បែរព្រំប្រទល់ជាមួយនឹងប្រទេសម៉ិកស៊ិកបានសម្រេចចិត្តកាលពីថ្ងៃសៅរ៍ថា នឹងហែលទឹកដើម្បីឆ្លងទៅកាន់ប្រទេសម៉ិកស៊ិក។ អ្នកខ្លះបានបង់ប្រាក់១ដុល្លារ២៥សេនដើម្បីឆ្លងសាឡាង។
ប៉ូលិសម៉ិកស៊ិកបានឃើញពួកគេ ប៉ុន្តែមិនអាចធ្វើអ្វីបានដោយសារមានជនអន្តោប្រវេសន៍រាប់ពាន់នាក់ឆ្លងកាត់ស្ពាននោះដើម្បីចង់ចូលទៅក្នុងប្រទេសម៉ិកស៊ិក។ ពួកគេសង្ឃឹមថា នឹងអាចឆ្លងចូលទឹកដីសហរដ្ឋអាមេរិកតាមប្រទេសម៉ិកស៊ិកបាន។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា ជនអន្តោប្រវេសន៍ដែលធ្វើដំណើរតាមរថយន្តវ៉ែនដែលចេញពីប្រទេសហុងឌូរ៉ាស (Honduras) មក ហើយឥឡូវនេះ កំពុងស្ថិតនៅក្នុងប្រទេសក្វាតេម៉ាឡា ត្រូវតែបញ្ឈប់មុនពេលដែលពួកគេធ្វើដំណើរមកដល់សហរដ្ឋអាមេរិកបាន។ លោក ត្រាំ បានយកបញ្ហាជនអន្តោប្រវេសន៍ដែលធ្វើដំណើរតាមរថយន្តវ៉ែននេះ ជាបញ្ហានយោបាយនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតីនៅខែ វិច្ឆិកា ខាងមុខនេះ ដែលបានគំរាមកាត់បន្ថយជំនួយថ្នាក់តំបន់ បិទព្រំដែនរវាងសហរដ្ឋអាមេរិកនិងម៉ិកស៊ិក និងដាក់ពង្រាយកងកម្លាំងប្រសិនបើប្រទេសម៉ិកស៊ិកបរាជ័យក្នុងការផ្អាកលំហូរជនអន្តោប្រវេសន៍នោះ។
កាកបាទក្រហមបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា «មនុស្សជាច្រើន ជាពិសេសស្ត្រីនិងកុមារ ខ្សោះជាតិទឹក មានមេរោគឆ្លងចូលក្រពះ និងរបួសជើង ខណៈដែលពួកគេត្រូវដើរក្នុងដំណើរផ្លូវវែងឆ្ងាយ»៕