ការជួយសង្គ្រោះជនចំណាកស្រុក ដែលរសាត់អណ្ដែតគ្មានទីដៅនៅក្នុងសមុទ្រមេឌីទែរ៉ាណេ នៅតែបន្តខ្លាំងក្លាទៅមុខជានិច្ចកាលពីថ្ងៃសៅរ៍ម្សិលមិញ ដោយមន្ត្រីរដ្ឋាភិបាលអេស្ប៉ាញបានជួយសង្គ្រោះជនភៀសខ្លួនជាង ១៥០ នាក់ ដែលធ្វើដំណើរតាមទូកតូចៗ ហើយកងកម្លាំងសន្តិសុខទុយណេស៊ីបានជួយសង្គ្រោះជនចំណាកស្រុកតាមទូកជាង ១ រយនាក់ផ្សងទៀត ដែលក្នុងនោះមានស្ត្រីមានផ្ទៃពោះ ៧ នាក់ និងកុមារ ៣ នាក់ ផងដែរ។
ការជួយសង្គ្រោះជនចំណាកស្រុកមកពីទ្វីបអាហ្វ្រិក ដែលស្វែងរកជីវិតរស់នៅប្រសើរជាងមុននៅក្នុងទ្វីបអឺរ៉ុបទាំងនេះ បានកើតឡើង ស្របពេលដែលមន្ត្រីរដ្ឋាភិបាលលីប៊ី និងអ៊ីតាលី បានបញ្ជាក់ថា ជនចំណាកស្រុកប្រហែល ១ ម៉ឺននាក់ ត្រូវបានជួយសង្គ្រោះពីសមុទ្រនៅក្បែរប្រទេសលីប៊ី នៅក្នុងសប្ដាហ៍នេះ។ ទីភ្នាក់ងារព័ត៌មានបារាំង ដកស្រង់សម្ដីរបស់មន្ត្រីទាំងនោះ ដែលបាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ៥៤ នាក់ដែរ បានលង់ទឹកស្លាប់។
ជនចំណាកស្រុកដែលស្វែងរកជំនួយទាំងនេះ ជារឿយៗត្រូវគេបញ្ជូនទៅកាន់តំបន់ Sicily ប្រទេសអ៊ីតាលី ប៉ុន្តែដំណើរការនេះត្រូវបានរាំងស្ទះនៅក្នុងសប្ដាហ៍នេះ នៅមុនកិច្ចប្រជុំ G ៧ ចូលមកដល់។
មេដឹកនាំនៃបណ្ដាប្រទេសនានា ដែលក្នុងនោះមានទាំងលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ផងដែរ បានស្ដាប់ការអង្វរកររបស់ប្រទេសអ៊ីតាលី ដែលជាប្រទេសរៀបចំកិច្ចប្រជុំនេះ។ រដ្ឋាភិបាលអ៊ីតាលីបានអំពាវនាវឲ្យប្រទេសក្រុម G ៧ ទាំងអស់ បង្កើនការវិនិយោគឲ្យបានខ្លាំងក្លានៅក្នុងផ្នែកភាគច្រើននៃទ្វីបអាហ្វ្រិក ដើម្បីជួយឲ្យជីវភាពរស់នៅរបស់ប្រជាជននៅទ្វីបអាហ្វ្រិកមានភាពប្រសើរជាងមុន។
ប៉ុន្តែ គេមិនឃើញមានការរាយការណ៍ណាមួយចេញពីកិច្ចប្រជុំ G ៧ នេះ អំពីការវិវត្តន៍ទៅមុខនៃបញ្ហានេះទេ៕