ក្រុមហ៊ុន អ្នកប្រើប្រាស់ និងកសិករនៅទូទាំងទ្វីបអាមេរិកខាងជើងត្រៀមលក្ខណៈកាលពីថ្ងៃសុក្រសម្រាប់វិធានការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក្នុងការយកពន្ធគយចំនួន ២៥% លើទំនិញនាំចូលពីកាណាដានិងម៉ិកស៊ិក ដែលជាវិធានការដែលអាចធ្វើឲ្យរអាក់រអួលដល់ពាណិជ្ជកម្មប្រចាំឆ្នាំដែលមានតម្លៃជិត ១,៦ លានលានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Trump បានកំណត់ឱសានវាទត្រឹមថ្ងៃសៅរ៍នេះដើម្បីដាក់ពន្ធបែបទណ្ឌកម្មទាក់ទិននឹងការទាមទាររបស់លោកដែលចង់ឲ្យកាណាដានិងម៉ិកស៊ិកចាត់វិធានការខ្លាំងក្លាថែមទៀតដើម្បីបញ្ឈប់លំហូរជនអន្តោប្រវេសន៍ខុសច្បាប់និងគ្រឿងញៀនហ្វេនតានីលដ៏ប្រល័យនិងសារធាតុផ្សំគ្រឿងញៀននានាចូលក្នុងសហរដ្ឋអាមេរិក។
ក្រុមឧស្សាហកម្មកំពុងស្វះស្វែងយ៉ាងអន្ទះអន្ទែងរកព័ត៌មានអំពីរបៀបដែលលោក Trump គ្រោងនឹងអនុវត្តការដាក់ពន្ធទាំងនេះថាតើលោកនឹងដាក់ពន្ធគយ ២៥% នេះទាំងស្រុងដោយចូលជាធរមានភ្លាមៗ ឬក៏ប្រកាសអំពីការដាក់ពន្ធទាំងនេះហើយពន្យារពេលអនុវត្តដើម្បីទុកពេលខ្លះសម្រាប់ការចរចាអំពីវិធានការដែលប្រទេសទាំងនោះអាចធ្វើបាន។
លោក Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងសម្រេចឆាប់ៗនេះថាតើនឹងអនុវត្តការយកពន្ធលើការនាំចូលប្រេងឥន្ធនៈពីកាណាដានិងម៉ិកស៊ិកឬក៏អត់។ នេះជាសញ្ញាបង្ហាញថាលោកអាចបារម្ភអំពីឥទ្ធិពលនៃការយកពន្ធនោះលើតម្លៃសាំង។ ប្រេងឆៅគឺជាទំនិញនាំចូលកំពូលរបស់អាមេរិកពីកាណាដានិងជាទំនិញនាំចូលកំពូលមួយក្នុងចំណោម ៥ ពីម៉ិកស៊ិក។ នេះបើយោងតាមទិន្នន័យនៃការិយាល័យជំរឿនសហរដ្ឋអាមេរិក។
លោក Peter Navarro ដែលជាទីប្រឹក្សាកំពូលខាងពាណិជ្ជកម្មរបស់លោក Trump បាននិយាយកាលពីថ្ងៃសុក្រថា ចំណូលពីពន្ធគយនឹងជួយទូទាត់ថ្លៃបន្តទៅមុខបន្ថែមនៃការកាត់ពន្ធឆ្នាំ ២០១៧ របស់លោក Trump ដែលមានតម្លៃសរុបប្រមាណ ៤ លានលានដុល្លារនិងដែលត្រូវផុតកំណត់នៅឆ្នាំនេះ៕
អាមេរិកខាងជើងត្រៀមសម្រាប់ការយកពន្ធគយថ្មីរបស់លោក Trump ពេលឱសានវាទចូលមកដល់
- Reuters
វេទិកាបញ្ចេញមតិ