ក្រុមអ្នកស៊ើបអង្កេតដឹកនាំដោយប្រទេសហូឡង់អំពីការបាញ់ធ្លាក់យន្តហោះម៉ាឡេស៊ីជើងហោះ MH17 បានចេញផ្សាយសំឡេងនិយាយទូរសព្ទថ្មីៗដោយថាសំឡេងទាំងនេះបង្ហាញចំណងទាក់ទងរវាងមន្ត្រីនយោបាយរុស្ស៊ីនិងមន្ត្រីយោធាជាមួយក្រុមបំបែករដ្ឋក្នុងប៉ែកខាងកើតនៃប្រទេសអ៊ុយក្រែនមានភាពជិតស្និទ្ធជាងអ្វីដែលយើងដឹងពីមុន។
សំឡេងនៃការនិយាយទូរសព្ទទាំងនេះបានត្រូវផ្សព្វផ្សាយកាលពីថ្ងៃទី១៤ខែវិច្ឆិកាជាផ្នែកមួយនៃការជំរុញថ្មីមួយដោយក្រុមអ្នកស៊ើបអង្កេតហូឡង់ដែលត្រូវគេស្គាល់ថាជាក្រុមស៊ើបអង្កេតរួមគ្នាហៅកាត់ថា JIT ដោយស្វះស្វែងរកសាក្សីថ្មីៗអំពីការធ្លាក់នៃយន្តហោះ MH17 ដែលបានបណ្តាលឱ្យមនុស្ស២៩៨នាក់នៅក្នុងយន្តហោះនោះស្លាប់ទាំងអស់។
កាលពីខែមិថុនា រដ្ឋអាជ្ញាហូឡង់បានប្រកាសថាជនជាតិរុស្ស៊ីបីនាក់និងជនជាតិអ៊ុយក្រែនម្នាក់អាចត្រូវកាត់ទោសក្នុងប្រទេសហូឡង់ដោយសារជនទាំងនេះមានការទាក់ទិនជាមួយឧប្បត្តិហេតុនោះ។
នៅក្នុងការប្រកាសអំពីការចោទប្រកាន់ទាំងនេះ រដ្ឋអាជ្ញាបាននិយាយថាមានភស្តុតាងអំពីការបញ្ជាដោយផ្ទាល់រវាងមន្ត្រីរុស្ស៊ីនិងក្រុមបំបែករដ្ឋដែលប្រយុទ្ធនៅក្នុងផ្នែកខាងកើតនៃប្រទេសអ៊ុយក្រែននិងបានប្រកាសអំពីការបង្កើតរដ្ឋាភិបាលមួយគ្មានការទទួលស្គាល់មានឈ្មោះថា«សាធារណរដ្ឋប្រជាមានិត Donetsk ហៅកាត់ថា DNR»៕