ប្រធានាធិបតីប្រទេសម៉ិកស៊ិកលោក Andres Manuel Lopez Obrador កាលពីថ្ងៃពុធម្សិលមិញបាននិយាយថា លោកបានធ្វើឱ្យសម្រេច«កិច្ចព្រមព្រៀងដ៏សំខាន់»ជាមួយក្រុមមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក ស្តីពីការកើនឡើងនូវជនចំណាកស្រុកនិងបញ្ហាផ្សេងទៀត។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
លោកប្រធានាធិបតី Lopez Obrador បានសរសើរលទ្ធផលនៃការចរចាជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិអាមេរិកលោក Alejandro Mayorkas ដែលបានធ្វើឡើងនៅក្នុងទីក្រុងម៉ិកស៊ិកដើម្បី «ដោះស្រាយដោយផ្ទាល់លើបញ្ហានៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សន្តិសុខនិងការចំណាកស្រុក។
លោក Lopez Obrador បានបង្ហោះសារលើបណ្តាញ X ដោយមិនផ្តល់សេចក្តីលម្អិតបន្ថែមថា៖ «កិច្ចព្រមព្រៀងដ៏សំខាន់បានធ្វើឡើងដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋនិងប្រទេសជាតិយើង»។
លោកបានថ្លែងបន្តទៀតថា៖ «ឥឡូវនេះ ជាងពេលណាៗទាំងអស់ គោលនយោបាយនៃប្រទេសជិតខាងល្អជាការចាំបាច់បំផុត»។
ដំណើរទស្សនកិច្ចក្រោយបុណ្យណូអែលដោយលោក Blinken ទៅកាន់ប្រទេសម៉ិកស៊ិក បានសង្កត់ធ្ងន់ពីសារៈសំខាន់ដល់ប្រធានាធិបតី Joe Biden នៃការស្វែងរកមធ្យោបាយឆ្ពោះទៅកាន់ការប្រយុទ្ធប្រឆាំងការកើនឡើងនូវជនចំណាកស្រុក។
សមាជិកសភាខាងគណបក្សសាធារណរដ្ឋកំពុងដាក់គំនាបលើសេតវិមានឱ្យបង្ក្រាបលើជនចំណាកស្រុក ដែលនេះជាលក្ខខណ្ឌមួយសម្រាប់ការបោះឆ្នោតលើវិស័យអាទិភាពសំខាន់ៗរបស់លោក Biden ដែលក្នុងនោះរួមមានជំនួយសម្រាប់ប្រទេសអ៊ុយកក្រែនផងដែរ។
ប៉ូលិសការពារព្រំដែនសហរដ្ឋក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបានរាយការណ៍ថា មានជនចំណាកស្រុកប្រមាណ ១ម៉ឺននាក់ បានឆ្លងកាត់ព្រំដែនជារៀងរាល់ថ្ងៃ៕