ការិយាល័យរដ្ឋអាជ្ញាម៉ិកស៊ិកនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋអាជ្ញានឹងមិនបន្តចោទប្រកាន់បទព្រហ្មទណ្ឌប្រឆាំងអតីតរដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលត្រូវបានចាប់ខ្លួននៅសហរដ្ឋអាមេរិក ពីបទសហការជាមួយក្រុមជួញដូរគ្រឿងញៀនដ៏មានឥទ្ធិពលបំផុត នៅប្រទេសម៉ិកស៊ិកទេ។
សហរដ្ឋអាមេរិកបានចាប់ខ្លួនលោក Salvador Cienfuegos សមាជិកអតីតរដ្ឋាភិបាលប្រធានាធិបតី Enrique Pena Nieto នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុង Los Angeles កាលពីខែតុលា។ ការចាប់ខ្លួនលោកបានបង្កភាពតានតឹងផ្នែកការទូតរវាងប្រទេសទាំងពីរ។
នៅក្នុងខែវិច្ឆិកា លោក Cienfuegos ត្រូវបានបញ្ជូនទៅប្រទេសម៉ិចស៊ិក ដើម្បីកាត់ក្តីដែលអាចកើតមាន។
ក្រុមមន្រ្តីម៉ិកស៊ិកបាននិយាយថា លោក Cienfuegos បានបង្ហាញភស្តុតាងក្នុងរយៈពេល៥ថ្ងៃ ដែលបដិសេធទាំងស្រុងនូវការអះអាងរបស់សហរដ្ឋអាមេរិក។
សេចក្តីថ្លែងការណ៍ថា៖ «ការសន្និដ្ឋានចុងក្រោយដែលឈានដល់ការឯកភាពនោះ គឺថា លោកឧត្តមសេនីយ៍ Salvador Cienfuegos Zepeda មិនដែលមានជំនួបជាមួយក្រុមអង្គការឧក្រិដ្ឋកម្មដែលអាជ្ញាធរអាមេរិកស៊ើបអង្កេតទេ។ ហើយលោកក៏មិនដែលទាក់ទងជាមួយពួកគេ ក៏ដូចជាអនុវត្តសកម្មភាពដើម្បីការពារ ឬជួយដល់បុគ្គលទាំងនោះដែរ»។
លើសពីនេះសេចក្តីថ្លែងការណ៍និយាយថាគ្មានភស្តុតាងបញ្ជាក់ថា លោក Cienfuegos មានប្រាក់ចំណូលខុសច្បាប់ឬគួរឱ្យសង្ស័យ ឬ «ថាគាត់បានបញ្ជាដើម្បីប្រយោជន៍ក្រុមឧក្រិដ្ឋជននោះ ក៏មិនមែនដែរ»។ រដ្ឋអាជ្ញាម៉ិចស៊ីកបានទម្លាក់ការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងលោក Cienfuegos ទាំងស្រុង។
តែលោក Mike Vigil អតីតប្រធានរដ្ឋបាលអាមេរិកប្រឆាំងគ្រឿងញៀនផ្នែកសហប្រតិបត្តិការអន្តរជាតិ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ម៉ិកស៊ិកឈ្មោះ Milenio ថា «នេះគឺជាស្លាកស្នាមទុរយសនៅក្នុងប្រព័ន្ធយុត្តិធម៌ម៉ិកស៊ិក»៕