ក្នុងដំណើរបំពេញទស្សនកិច្ចកាលពីថ្ងៃព្រហស្បតិ៍ទៅកាន់ទីក្រុងប៉េកាំង លោកស្រីអធិការបតី Angela Merkel នៃប្រទេសអាល្លឺម៉ង់បានជំរុញឲ្យប្រទេសចិនដោះស្រាយជម្លោះក្នុងសមុទ្រចិនខាងត្បូងជាមួយសហរដ្ឋអាមេរិកនៅក្នុងតុលាការអន្តរជាតិ។
លោកស្រី Merkel បានមានប្រសាសន៍ថា វាមានសារៈសំខាន់ដែលថា ផ្លូវពាណិជ្ជកម្មតាមសមុទ្រត្រូវមានដំណើរការ ថ្វីបើមានជម្លោះដែលបានរីករាលដាលកាន់តែធំឡើងៗនៅសប្តាហ៍នេះ បន្ទាប់ពីនាវាចម្បាំងសហរដ្ឋអាមេរិកបានជួបឧបសគ្គដោយសារការការពារផ្លូវនាវាចរណ៍របស់ចិនក្នុងសមុទ្រចិនខាងត្បូង។
លោកស្រី Markel បានជួបជាមួយប្រធានាធិបតីចិន ស៊ី ជីងពីង ហើយនិងនាយករដ្ឋមន្រ្តី Li Keqiang ខណៈដែលអាល្លឺម៉ង់ និងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនកាលពីថ្ងៃព្រហស្បតិ៍ រួមមានកិច្ចព្រមព្រៀងមួយដែលក្រុមហ៊ុនអាកាសចរណ៍ចិនទិញយន្តហោះចំនួន១៣០គ្រឿងដែលផលិតដោយក្រុមហ៊ុន Airbus SE ដែលមានតម្លៃទឹកប្រាក់១៧ពាន់លានដុល្លារ។
លោកស្រីអធិការបតី Merkel ត្រូវបានអមដំណើរដោយគណៈប្រតិភូនាយកប្រតិបត្តិដែលមានសមាជិក២០នាក់ រួមមានលោក Matthias Muller អគ្គនាយកក្រុមហ៊ុនថ្មីរបស់ក្រុមហ៊ុនផលិតរថយន្ត Volkswagen ដែលតំណាងឲ្យផ្នែកផលិតម៉ាស៊ីន រថយន្ត អគ្គីសនី និងទូរគមនាគមន៍។
ចិនជាដៃគូពាណិជ្ជកម្មធំទី៣របស់អាល្លឺម៉ង់នៅក្នុងពិភពលោក ដោយមានពាណិជ្ជកម្មទ្វេភាគីដែលមានទឹកប្រាក់ជាង១៦៥ពាន់លានដុល្លារនៅឆ្នាំ២០១៤។លោកស្រី Merkel ក៏បានជួបជាមួយក្រុមសកម្មជនសិទ្ធិមនុស្សចិនកាលពីថ្ងៃព្រហស្បតិ៍ដែរ។ លោក Steffen Seibert អ្នកនាំពាក្យរបស់លោកស្រីបានបញ្ជូនសារតាមប្រព័ន្ធ Tweeter ថា នៅពេលបញ្ចប់ថ្ងៃទីមួយនៃដំណើរបំពេញទស្សនកិច្ចរបស់លោកស្រីទៅកាន់ប្រទេសចិន លោកស្រីអធិការបតី Merkel បានជួបជាមួយសមាជិកក្រុមអង្គការសង្គមស៊ីវិលចិន មេធាវីសិទ្ធិមនុស្ស អ្នកនិពន្ធ និងអ្នកសរសេរប្លុក៕