អូស្ត្រាលីនឹងចូលរួមសមយុទ្ធយោធាជើងទឹកជាមួយនឹងប្រទេសចិនដែលនឹងរៀបចំធ្វើនៅសប្តាហ៍ក្រោយក្នុងសមុទ្រចិនខាងត្បូង បើទោះបីជាប្រទេសចិននៅខឹងសម្បារនឹងសហរដ្ឋអាមេរិកដែលបានដាក់ពង្រាយនាវាចម្បាំងមួយគ្រឿងនៅជិតកោះដែលប្រទេសចិនបានសាងសង់នៅក្នុងដែនទឹកដែលមានការទាមទារជាន់គ្នា។
កងនាវាចរណ៍អូស្រា្តលីនឹងបញ្ជូននាវាចម្បាំងពីរគ្រឿងទៅកំពង់ផែ Zhanjiang នៅភាគខាងត្បូងប្រទេសចិន ដែលនៅទីនោះពួកគេនឹងចូលរួមក្នុងសមយុទ្ធបាញ់គ្រាប់ពិតជាមួយនឹងនាវាចិននៅថ្ងៃច័ន្ទខាងមុខនេះ។
លោក Marise Payne រដ្ឋមន្ត្រីការពារជាតិបានចេញសេចក្តីថ្លែងការណ៍ដោយនិយាយថាកងនាវាអូស្ត្រាលី «មានប្រវត្តិយូរលង់ក្នុងការចូលរួមជាមួយនឹងកងនាវានៃប្រទេសក្នុងតំបន់ហើយតែងតែចូលចតក្នុងកំពង់ផែពួកគេ និងធ្វើសមយុទ្ធជាប្រចាំក្នុងនោះមានប្រទេសចិនផងដែរ»។
កាលពីថ្ងៃអង្គារ នាវាពិឃាតរបស់សហរដ្ឋអាមេរិកដែលមានបំពាក់គ្រាប់មីស៊ីលឈ្មោះ USS Lassen បានបើកក្នុងចម្ងាយ២២គីឡូម៉ែត្រនៃតំបន់ថ្មប៉ប្រះទឹក Subi ក្នុងកោះ Spratly ដើម្បីតទល់នឹងការទាមទាររបស់ប្រទេសលើតំបន់សមុទ្រនោះ៕