ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Merkel ថា​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​អាច​លុបចោល​ប្រសិនបើ​កិច្ចព្រមព្រៀង​ត្រូវ​បាន​អនុវត្ត​ពេញលេញ


ប្រធានាធិបតី​អ៊ុយក្រែន​ លោក Arseniy Yatsenyuk និង​លោកស្រី​ Angela Merkel​ អធិការបតី​អាល្លឺម៉ង់​ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​នៅ​បន្ទប់​អធិការបតី​ក្នុង​ទីក្រុង​ប៊ែឡាំង​ ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥។
ប្រធានាធិបតី​អ៊ុយក្រែន​ លោក Arseniy Yatsenyuk និង​លោកស្រី​ Angela Merkel​ អធិការបតី​អាល្លឺម៉ង់​ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​នៅ​បន្ទប់​អធិការបតី​ក្នុង​ទីក្រុង​ប៊ែឡាំង​ ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥។

លោកស្រី​អធិការបតី Angela Merkel នៃ​ប្រទេស​អាល្លឺម៉ង់​និយាយ​ថា ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​ទៅ​លើ​ប្រទេស​រុស្ស៊ី​ចំពោះ​ការ​គាំទ្រ​ក្រុម​ទាម​ទារ​បំបែក​រដ្ឋក្នុង​តំបន់​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​អាច​ត្រូវ​លុប​ចោល​ល្គឹកណាកិច្ច​ព្រមព្រៀង​ឈប់​បាញ់​គ្នា​រវាង​រដ្ឋាភិបាល​ទីក្រុង​គាវ​ (Kyiv)​ និង​ក្រុម​ឧទ្ទាម​ត្រូវ​បាន​អនុវត្ត​យ៉ាង​ពេញ​លេញ។

ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​ទីក្រុង​ប៊ែឡាំង​នៅ​សន្និសីទ​កាសែត​រួម​មួយជាមួយ​លោក Arsenyi Yatsenyuk ​នាយករដ្ឋមន្រ្តី​អ៊ុយក្រែន​ដែល​កំពុង​បំពេញ​ទស្សនៈកិច្ច​នៅ​ប្រទេសអាល្លឺម៉ង់ ​លោកស្រី Merkel ​បាន​មាន​ប្រសាសន៍​ថា ​កិច្ច​ព្រមព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​នៅ​ក្នុង​ទីក្រុង​ Minsk ​នៃ​ប្រទេស​ប៊ែឡារុស​ (Belarus) កាលពី​ថ្ងៃទី​៥ ​ខែ​កញ្ញា ​ឆ្នាំ​ទៅ​ ​ត្រូវ​អនុវត្ត​ឲ្យ​បាន​គ្រប់​ចំណុច​ទាំងអស់មុនពេល​ការ​ដាក់​ទណ្ឌកម្មអាច​ត្រូវ​លុបចោល។

​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​ទីក្រុង Minsk ​ភាគី​ទាំង២​បាន​ព្រមព្រៀង​ឈប់​បាញ់​គ្នាហើយ​និង​ដក​ក្រុម​អ្នក​ប្រយុទ្ធនិង​អាវុធ​ចេញ​ពី​តំបន់នានា​នៅ​ផ្នែក​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែនដែល​ត្រូវ​បាន​ត្រួតត្រា​ដោយក្រុម​ទាម​ទារ​បំបែក​រដ្ឋ​ដែល​គាំទ្រ​ដោយ​ប្រទេស​រុស្ស៊ី។

​មនុស្ស​ជាង​១ពាន់​៣រយ​នាក់​បាន​ត្រូវ​សម្លាប់​ចាប់​តាំង​ពីកិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នាបាន​ត្រូវ​ចុះ​ហត្ថលេខា។​ និយាយ​រួម​ មនុស្ស​ជាង៤​ពាន់​៧រយ​នាក់​បាន​ត្រូវ​សម្លាប់​ចាប់​តាំង​ពី​ក្រុម​ទាម​ទារ​បំបែក​រដ្ឋ​បាន​ចាប់​ផ្តើម​ធ្វើ​ការ​បះបោរ​កាល​ពី​ខែ​មេសា​ឆ្នាំ​ទៅ​មក។

​លោកស្រី Merkel ​បាន​មាន​ប្រសាសន៍​ថា ​លោក​រដ្ឋមន្រ្តី​ការបរទេស​អាល្លឺម៉ង់ ​បារាំង ​រុស្ស៊ីនិង​អ៊ុយក្រែន ​កំពុង​ធ្វើ​ការ​ប្រុងប្រៀប​សម្រាប់​ជំនួប​រវាងមេដឹកនាំ​នៃ​ប្រទេស​ទាំង​៤​ស្តី​ពី​បញ្ហា​នៃ​ប្រទេស​អ៊ុយក្រែននៅ​សប្តាហ៍​ក្រោយ ​ក៏ប៉ុន្តែ​ការ​រីក​ចម្រើននៅ​ក្នុង​ការ​ពិភាក្សា​របស់​រដ្ឋមន្រ្តី​ការបរទេស​នឹង​ត្រូវ​កំណត់​ថាតើ​ជំនួប​នោះ​នឹង​កើត​មាន​ឡើង​ដែរ​ឬទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG