ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សុខភាព​ពិភពលោក​ជំរុញ​ឲ្យ​មនុស្ស​គ្រប់គ្នា​ចាក់ថ្នាំ​បង្ការ​ជា​អាទិភាព


ក្មេង​ប្រុស​ម្នាក់​ទទួល​ការ​បណ្តាត់​វ៉ាក់ស៊ាំង នៅ​ក្នុង​សង្កាត់​មួយ​ក្នុង​ក្រុង Karachi ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨។
ក្មេង​ប្រុស​ម្នាក់​ទទួល​ការ​បណ្តាត់​វ៉ាក់ស៊ាំង នៅ​ក្នុង​សង្កាត់​មួយ​ក្នុង​ក្រុង Karachi ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨។

កាល​ពី​ថ្ងៃអង្គារ​កន្លង​ទៅ​គឺ​ជា​ថ្ងៃ​នៃ​ការ​ចាប់ផ្តើម​ទិវា​សប្តាហ៍​នៃ​ការ​ចាក់​វ៉ាក់ស៊ាំង​ពិភពលោក​ បង្កើត​ឡើង​ដោយ​អង្គការសហប្រជាជាតិ​ ដើម្បី​ក្រឿន​រំឭក​ដល់​ឳពុក​ម្តាយ​ដែល​មាន​កូន​តូចៗ​ និង​​វ័យជំទង់​ទៅ​ចាក់​វ៉ាក់ស៊ាំង​ការពារ​ជំងឺ​នានា​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។ អង្គការ​សុខភាព​ពិភពលោក WHO ដែល​ជា​អ្នក​រៀបចំ​ទិវា​នេះ​ កំពុង​លើក​ទឹក​ចិត្ត​ដល់​រដ្ឋាភិបាល​ឲ្យ​ផ្តល់​ការ​គាំទ្រ​ដល់​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​សារៈសំខាន់​នៃ​ការ​ចាក់​វ៉ាក់ស៊ាំង​ ជំរុញ​ឲ្យ​ការ​ចាក់​វ៉ាក់ស៊ាំង​ជា​ការងារ​អាទិភាព និង​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ ​និង​ក្រុមគ្រួសារ​របស់​ពួកគេ​ទៅ​ចាក់​វ៉ាក់ស៊ាំង​ឲ្យ​បាន​គ្រប់ៗ​គ្នា។

ជា​រៀងរាល់​ឆ្នាំ​ថ្នាំ​វ៉ាក់ស៊ាំង​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​រាប់លាន​នាក់​ តាំង​ពី​កុមារ​រហូត​ដល់​មនុស្ស​ចាស់។ វេជ្ជបណ្ឌិត​នៅ​ជុំវិញ​ពិភពលោក​ចង់​ឲ្យ​មនុស្ស​ដឹង​ថា​ថ្នាំ​វ៉ាក់ស៊ាំង​ពិត​ជា​មាន​ប្រសិទ្ធភាព​ជួយ​ការពារ​អាយុ​ជីវិត​ពួកគេ​បាន។ លោកស្រី​វេជ្ជបណ្ឌិត Flavia Bustreo ធ្វើ​ការ​ជាច្រើន​ឆ្នាំ​នៅ​ឯ​អង្គការ​សុខភាព​ពិភពលោក​ និង​គម្រោង​ភាព​ជា​ដៃ​គូ​រវាង​វិស័យ​រដ្ឋ​និង​ឯកជន​ដើម្បី​លើក​កម្ពស់​ការ​ចាក់​វ៉ាក់ស៊ាំង ឬ GAVI នៅ​តាម​ប្រទេស​ក្រីក្រ​នានា​នៅ​ជុំវិញ​ពិភពលោក​បាន​មាន​ប្រសាសន៍​ថា៖ «ការ​ចាក់ថ្នាំ​ការពារ​និង​ថ្នាំ​វ៉ាក់ស៊ាំង​គឺ​ជា​យុទ្ធសាស្រ្ត​ដ៏​មាន​ប្រសិទ្ធភាព​នៃ​វិស័យ​សុខភាព​សាធារណៈ​ ដែល​យើង​កំពុង​ធ្វើ»។

អង្គការ​សុខភាព​ពិភពលោក WHO បាន​និយាយ​ថា​ជាង៣៥ឆ្នាំ​កន្លង​មក​នេះ​កុមារ​ចំនួន១៣លាននាក់​បាន​បាត់បង់​ជីវិត​ដោយ​សារ​ជំងឺ​ផ្សេងៗ​ ដែល​ជា​ជំងឺ​អាច​ជួយ​សង្គ្រោះ​បាន​ ប្រសិន​បើ​កុមារ​ទាំងនោះ​បាន​ទទួល​ថ្នាំ​វ៉ាក់ស៊ាំង​ត្រឹមត្រូវ។

ថ្នាំ​វ៉ាក់ស៊ាំង​មាន​សម្រាប់​ការពារ​ជំងឺ​ដែល​បណ្តាល​ឲ្យ​ស្លាប់​ជាច្រើន​ និង​អាច​ការពារ​កុមារ​ពី​ជំងឺរាគរូស​ ក្អក​ កញ្ជ្រិល​ គ្រុន​ស្វិត​ដៃ​ជើង​ និង​ជំងឺ​ផ្សេងៗ​ទៀត។

អង្គការ WHO មាន​គោលដៅ​ផ្តល់​ថ្នាំវ៉ាក់ស៊ាំង​ដល់​កុមារ​ឲ្យ​បាន​១ពាន់លាននាក់ នៅក្នុង​ប្រទេស​ដែល​មាន​ហានិភ័យ​ខ្ពស់​ ចំនួន២៧ប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក ត្រឹម​ឆ្នាំ២០២៦​ ដើម្បី​ការពារ​ជំងឺ​គ្រុនលឿង​ដែល​ជំងឺ​ឆ្លង​ពី​សត្វមូស​អាច​បណ្តាល​ឲ្យ​ស្លាប់។

តាម​រយៈ​កម្មវិធី Africa 54 របស់ VOA លោក​វេជ្ជបណ្ឌិត Ken Redcross បាន​ពន្យល់​ពី​មូលហេតុ​ ដែល​បណ្តា​ឲ្យ​ជំងឺ​គ្រុន​លឿង​ក្លាយ​ជា​ជំងឺ​ផ្តាច់​ជីវិត​មនុស្ស។ លោក​បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖ «វា​ជា​ជំងឺ​ដ៏​សាហាវ។ វា​អាច​ធ្វើ​ឲ្យថ្លើម​ និង​ក្រលៀន​លែង​ដំណើរការ។ វា​ក៏​អាច​ធ្វើ​ឲ្យ​ឈាមកក​នៅ​តាម​សន្លាក់​ សាច់ដុំ​ និង​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាង​កាយ​មនុស្ស» ។

កិច្ចប្រឹងប្រែង​ដើម្បី​ឲ្យ​ពលរដ្ឋ​ជិត២៤លាននាក់​បាន​ទទួល​វ៉ាក់ស៊ាំង​ការពារ​ជំងឺ​ផ្សេងៗ​បាន​បរាជ័យ​នៅក្នុង​ប្រទេស​ប្រេស៊ីល​ ដោយ​សារ​តែ​មនុស្ស​មួយ​ចំនួន​បារម្ភ​ថា​ថ្នាំ​វ៉ាក់ស៊ាំង​គ្មាន​សុវត្ថិភាព។ ក្រុម​មន្រ្តី​បាន​ព្យាយាម​ពន្យល់​បកស្រាយ​ពី​ព័ត៌មាន​មិន​ពិត​ទាំង​នេះ។ លោកវេជ្ជ​បណ្ឌិត​ Redcross បាន​ថ្លែង​បន្ត​ថា ​ថ្នាំវ៉ាក់ស៊ាំង​មិន​ត្រឹម​តែ​មាន​សុវត្ថិភាព​ទេ​ ថែម​ទាំង​មាន​ប្រសិទ្ធ​ខ្ពស់​ថែម​ទៀត​ផង។ លោកវេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា៖ «វា​មាន​ប្រសិទ្ធភាព​ដល់​ទៅ​៩០ភាគរយ។ ដូច្នេះវាមាន​ប្រសិទ្ធភាព​ណាស់»។
បច្ចុប្បន្ន​កុមារ​ចំនួន​ជាង​៨៥ភាគរយ​បាន​ទទួល​ថ្នាំវ៉ាក់ស៊ាំង​ការពារ​ជំងឺ​កញ្ជ្រិល​ និង​ជំងឺ​បណា្តល​ឲ្យ​ស្លាប់​ផ្សេងៗ​ទៀត​ ប៉ុន្តែ​លោកស្រី​វេជ្ជបណ្ឌិត Bustreo និយាយ​ថា​ វា​មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ។ លោកស្រី​វេជ្ជបណ្ឌិត​បាន​ថ្លែង​ថា៖ «យើង​ចាំ​បាច់​ត្រូវ​ផ្តល់​វ៉ាក់ស៊ាំង​ឲ្យបាន​ដល់​មនុស្ស​ប្រហែល៩០ភាគរយ ​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព។ មាន​ន័យ​ថា​យើង​អាច​ការពារ​កុមារ​ដែល​បាន​ទទួល​វ៉ាក់ស៊ាំង ប៉ុន្តែ​ដោយ​សារ​តែ​ការ​ឆ្លង​មេរោគ​ធ្លាក់​ចុះ​ នោះ​យើង​ក៏​ការពារ​កុមារ​ដែល​មិន​បាន​ទទួល​វ៉ាក់ស៊ាំង​ផងដែរ»។

អង្គការ WHO កំពុង​ជំរុញ​ប្រទេស​នានា​ឲ្យ​ពង្រឹង​ការ​ផ្តល់​វ៉ាក់ស៊ាំង​ឲ្យ​បាន​ទៀងទាត់។ ក្នុង​ចំណោម​គោលដៅ​នានា​របស់​អង្គការ​សុខភាព​ពិភពលោក​ដើម្បី​សម្រេច​បាន​ត្រឹមឆ្នាំ២០២០ មាន​ដូច​ជា​ការ​សម្រេច​នូវ​កិច្ចប្រឹងប្រែង​ជា​អន្តរជាតិ​ដើម្បី​បញ្ចប់​ជំងឺគ្រុន​ស្វិត​ដៃ​ជើង​ ដែល​ឥឡូវ​នេះ​មាន​ប្រទេស​តែ​បី​ប៉ុណ្ណោះ​ដែល​នៅ​មាន​ជំងឺ​នេះ។ ទាំងអស់​នេះ​គឺ​ដោយសារ​ប្រសិទ្ធភាព​ខ្ពស់​នៃ​ថ្នាំ​បង្ការ។ អង្គការ​សុខភាព​ពិភពលោក​ក៏​មាន​គោលដៅ​គ្រប់គ្រង​លើ​ជំងឺ​ដែល​អាច​ការពារ​ដោយ​ថ្នាំ​បង្ការ និង​មាន​គោលដៅ​បង្កើត​ថ្នាំវ៉ាក់ស៊ាំង​ថ្មី​សម្រាប់​មេរោគអេដស៍​និង​ជំងឺ​ផ្សេងៗ​ទៀត​ ដែល​កំពុង​កើត​ឡើង​ក្នុង​ពិភពលោក​សម័យ​ទំនើប​នេះ៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG