ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​បរិស្ថាន​ជំរុញ​ឲ្យ​ប្រទេស​ឡាវ​ផ្អាក​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី


អ្នក​ភូមិ​ថៃ​កាន់​បដា​ក្នុង​​ការ​តវ៉ា​នៅ​​មុខ​ក្រុមហ៊ុន​សំណង់​មួយ​នៅ​ទី​ក្រុង​បាងកក​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១២ ដើម្បី​​​​ប្រឆាំង​គម្រោង​សាងសង់​ទំនប់​វ៉ារី​អគ្គិសនី​​តាម​បណ្តោយ​ទន្លេ​មេ​ទន្លេ​មេគង្គ​របស់​ប្រទេស​ឡាវ។
អ្នក​ភូមិ​ថៃ​កាន់​បដា​ក្នុង​​ការ​តវ៉ា​នៅ​​មុខ​ក្រុមហ៊ុន​សំណង់​មួយ​នៅ​ទី​ក្រុង​បាងកក​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១២ ដើម្បី​​​​ប្រឆាំង​គម្រោង​សាងសង់​ទំនប់​វ៉ារី​អគ្គិសនី​​តាម​បណ្តោយ​ទន្លេ​មេ​ទន្លេ​មេគង្គ​របស់​ប្រទេស​ឡាវ។
បួន​ថ្ងៃ​មុន​កិច្ច​ប្រជុំ​កំពូល​នៃ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គរួម​មាន​កម្ពុជា ​វៀតណាម ​ឡាវ​ និង​ថៃ ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ទី​ក្រុង​ហូជីមិញ​នោះ​ អង្គការ​ទន្លេ​អន្តរជាតិ​ (Intenational Rivers) និង​អង្គការ​បរិស្ថាន​ឈាន​មុខ​នៅ​ក្នុង​ស្រុក​ ​បានទទូចឲ្យ​មាន​ការ​ជំរុញ​បញ្ឈប់​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​ដ៏​ចម្រូង​ចម្រាស់​ចំនួន​ពីរ​នៅ​ប្រទេស​ឡាវ​ នោះ​គឺ​ទំនប់​វារី​អគ្គិសនី​សាយ៉ាបូរី​ និង​ទំនប់​វារី​អគ្គិសនី​ដនសាហុង​ ដែលប្រទេស​កម្ពុជា​ វៀតណាម ​និង​ប្រទេស​ថៃប្រឆាំង​ជំទាស់។​

នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​កម្ពុជា ​វៀតណាម ​ឡាវ ​និង​ថៃ​នឹង​ត្រូវចូល​រួម​កិច្ច​ប្រជុំ​កំពូល​លើក​ទី២នៃ​គណៈកម្មការ​ទន្លេ​មេគង្គ​នៅ​ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ​ដើម្បី​ពិភាក្សា​ស្តី​ពី​កិច្ច​អភិវឌ្ឍន៍​និង​សហ​ប្រតិបត្តិការរួម​គ្នា។​

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ពុធ​នេះ ​អង្គការ​ទន្លេ​អន្តរជាតិ​បាន​អំពាវនាវ​ថា​ ក្រុម​មេ​ដឹកនាំ​នៃ​ប្រទេស​ក្នុង​តំបន់​នេះ​ «ត្រូវ​តែ​ឆ្លៀត​ឱកាស​នៃ​កិច្ច​ប្រជុំ​កំពូល​នេះ​ដើម្បី​ស្នើ​សុំ​ឲ្យ​បញ្ឈប់​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​ទាំង​ពីរ​ជា​បន្ទាន់។​

លោកស្រី​អេមី ត្រែនដេម ​(Ame Trandem)​ នាយក​កម្មវិធី​របស់​អង្គការ​ទន្លេ​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ ​មាន​ប្រសាសន៍​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​ថា ​គណៈ​កម្មការ​ទន្លេ​មេគង្គ​បរាជ័យ​នៅ​ក្នុង​ការ​ដោះ​ស្រាយ​គ្រោះ​ថ្នាក់​ដែល​ចេះ​តែ​កើនឡើងដែល​បង្កឡើង​ដោយ​ប្រទេស​ឡាវ»។

ទំនប់​វារី​អគ្គិសនី​សាយ៉ាបូរី ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​មក​ពី​ប្រទេស​ថៃ​ក្នុង​តម្លៃ​ទឹក​ប្រាក់​ជិត​៤​ពាន់​លាន​ដុល្លារនោះ​ ​គ្រោង​នឹង​សាង​សង់​នៅ​ខ្សែ​ទឹក​ខាង​លើ​នៃ​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​ឡាវ។ ​ទំនប់នេះ​គឺ​ជា​ទំនប់​វារីអគ្គិសនី​មួយ​ក្នុង​ចំណោម​ទំនប់​ចំនួន​រហូត​ដល់​១០​ដែល​នឹង​ត្រូវ​សាងសង់​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ទន្លេ​មេគង្គ​ ដែល​មាន​ប្រវែង​៤.៣០០​គីឡូម៉ែត្រ​ដែល​ហូរ​កាត់​ប្រទេស​ថៃ ​ឡាវ ​កម្ពុជា ​និង​ដី​សណ្តរ​នៅ​វៀតណាម ហើយ​ចុះ​ទៅ​សមុទ្រ​ចិន​ខាង​ត្បូង។​ ​ទំនប់​វារី​អគ្គិសនី​នេះ​អាច​ផលិត​អគ្គិសនី​ចំនួន​១.២៦០​មេហ្គា​វ៉ាត់។​

ប៉ុន្តែ​នៅ​ក្នុង​ពេល​ដែល​ប្រទេស​វៀតណាម​ និង​កម្ពុជា​កំពុង​ជំទាស់​យ៉ាង​ខ្លាំង​ក្លា​ប្រឆាំង​នឹង​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​នេះ ​ប្រទេស​ឡាវ​បាន​អនុម័ត​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង​មួយ​ទៀត​ដែល​មាន​កម្លាំង​២៦០​មេហ្គា​វ៉ាត់។​

ប្រទេស​វៀតណាម ​និង​កម្ពុជា​ដែល​ស្ថិត​នៅ​ខ្សែទឹក​ខាង​ក្រោម ​បាន​ជំទាស់​បន្ថែម​ទៀត​ ក៏​ប៉ុន្តែ​ហាក់​ដូចជា​មិន​ទាន់​អាច​បញ្ឈប់​គម្រោងសាងសង់​ទំនប់​ទាំង​ពីរ​បាន​នៅ​ឡើយ​ទេ។​

នៅ​ថ្ងៃ​នេះ​ដែរ វេទិកា​នៃ​សម្ព័ន្ធ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​ (NGO Forum)​ ​បាន​បញ្ជូន​លិខិត​ចំហមួយទៅ​កាន់​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ វៀតណាម ​ឡាវ ​និង​ថៃ​ ដែល​ជា​សមាជិក​គណៈកម្មការ​ទន្លេ​មេគង្គដើម្បី​ទាមទារ​ឲ្យ​បញ្ឈប់​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​ទាំង​ពីរ​នេះ​ដែរ។​

លោក​តឹក ​វណ្ណារ៉ា ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​នេះ​ ថ្លែងថា៖​«មូលហេតុ​ដែល​យើង​ទាមទារ​យ៉ាង​ដូច្នេះ​ដោយសារតែ​មិនទាន់​មាន​បច្ចេកទេស​ឬ​មួយ​ការ​បង្កើត​ប្លង់​ណា​មួយ​ដែល​អាច​ដោះស្រាយ​បញ្ហា​បរិស្ថាន ​បញ្ហា​ប៉ះពាល់​លើ​ប្រព័ន្ធ​អេកូឡូស៊ី ​ជីវចម្រុះ និង​ធនធាន​ត្រី​នៃ​អាង​ទន្លេ​មេគង្គ​ទាំង​មូល»។

ទោះជា​យ៉ាងណា​ លោក​ស៊ីន ​នីនី ​អនុប្រធាន​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ​មាន​ប្រសាសន៍​ថា​ ប្រទេស​កម្ពុជា​នឹង​មិន​លើក​សំណើ​ស្តីពី​ការ​ទាមទារ​ឲ្យ​ផ្អាក ​ឬលុប​ចោល​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​ខាង​លើ​នោះ​ទេ។​

លោក​និយាយថា៖​ «គេ​និយាយ​ពី​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ទូទៅ​ដូច​ជា​ធនធាន​ទឹក ​ធនធាន​ធម្មជាតិ​ និង​ដី​ធ្លី​ ជាដើម»។​

លោក​ស៊ីន នីនី​បញ្ជាក់​ថា ​នេះ​គឺ​ជា​កិច្ច​ប្រជុំ​កំពូល​ដែល​ប្រព្រឹត្ត​ទៅ​ជា​រៀងរាល់​បួន​ឆ្នាំ​ម្តង៕
XS
SM
MD
LG