អ្នកម្នាង Meghan ព្រះមហេសីរបស់ព្រះអង្គម្ចាស់ Harry នៃប្រទេសអង់គ្លេស បានចោទប្រកាន់ក្រុមគ្រួសាររាជវង្សអង់គ្លេសថាបានលើកឡើងពីការព្រួយបារម្ភអំពីថាតើពណ៌ស្បែករបស់ព្រះបុត្រារបស់ព្រះអង្គនឹងខ្មៅប៉ុណ្ណា និងបានជំរុញឲ្យអ្នកម្នាងស្ទើរតែធ្វើអត្តឃាតទៀតផង។ នេះបើយោងតាមបទសម្ភាសន៍មួយរវាងអ្នកម្នាង Meghan និងព្រះអង្គម្ចាស់ Harry ជាមួយនឹងទូរទស្សន៍ CBS របស់សហរដ្ឋអាមេរិក ដែលនឹងធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងរាជវង្សានុវង្សអង់គ្លេស។
អ្នកម្នាង Meghan ដែលមានព្រះជន្ម ៣៩ ព្រះវស្សា មានម្តាយជាជនជាតិស្បែកខ្មៅ និងឪពុកជាជនជាតិស្បែកស បានមានព្រះបន្ទូលថា អ្នកម្នាងមិនមានបទពិសោធន៍ច្រើនទេ មុនពេលរៀបអាពាហ៍ពិពាហ៍ចូលក្នុងគ្រួសាររាជវង្សកាលពីឆ្នាំ២០១៨ ប៉ុន្តែក្រោយមក អ្នកម្នាងមានគំនិតធ្វើអត្តឃាត និងចង់ធ្វើឲ្យរាងកាយខ្លួនឯងមានការឈឺចាប់ បន្ទាប់ពីស្វែងរកជំនួយ តែមិនទទួលបានជំនួយណាមួយនោះ។
អ្នកម្នាង Meghan បានមានព្រះបន្ទូលទៀតថា ព្រះបុត្រារបស់អ្នកម្នាង ដែលមានព្រះនាមថា Archie និងមានព្រះជន្ម ១ ព្រះវស្សា ធ្លាប់ត្រូវបានរាជវង្សអង់គ្លេសបដិសេធមិនផ្តល់ឋានៈជាព្រះអង្គម្ចាស់ឲ្យទេ ដោយសារតែមានក្តីបារម្ភក្នុងចំណោមក្រុមគ្រួសាររាជវង្សអំពីស្បែកពណ៌ខ្មៅរបស់ព្រះអង្គ នៅពេលដែលព្រះអង្គប្រសូតមកនោះ។
«នេះជាការប្រាប់បន្តមកខ្ញុំដោយព្រះអង្គម្ចាស់ Harry នូវកិច្ចសន្ទនាដែលក្រុមគ្រួសាររាជវង្សបានធ្វើឡើង»។ នេះបើយោងតាមព្រះបន្ទូលរបស់អ្នកម្នាង Meghan នៅក្នុងបទសម្ភាសន៍មួយ ជាមួយអ្នកស្រី Oprah Winfrey ហើយដែលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍ CBS កាលពីយប់ថ្ងៃអាទិត្យ។
អ្នកម្នាង Meghan និងព្រះអង្គម្ចាស់ Harry បដិសេធមិនលើកឡើងឲ្យចំឈ្មោះទេថាអ្នកណាជាអ្នកលើកឡើងពីការព្រួយបារម្ភនោះ។ ព្រះអង្គម្ចាស់ Harry មានព្រះបន្ទូលថា គ្រួសាររបស់ព្រះអង្គបានកាត់ផ្តាច់នូវជំនួយហិរញ្ញវត្ថុ ហើយព្រះបិតារបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ Charles ដែលជារាជទាយាទអង់គ្លេសនោះ មិនបានជួយការពារព្រះអង្គក្នុងរឿងនេះទេ ហើយដល់ពេលមួយ ព្រះអង្គម្ចាស់ Charles បានឈប់ទទួលទូរស័ព្ទរបស់ព្រះអង្គទៀតផង។
ព្រះរាជវាំង Buckingham មិនត្រូវគេរំពឹងថា នឹងធ្វើសេចក្តីឆ្លើយតបបន្ទាន់ណាមួយនោះទេ ជុំវិញការលើកឡើងក្នុងបទសម្ភាស៍នេះ ដែលត្រូវបានចាក់ផ្សាយនៅពេលព្រឹកព្រលឹមថ្ងៃចន្ទ ម៉ោងក្នុងប្រទេសអង់គ្លេស៕