កាលពីថ្ងៃសៅរ៍ លោកនាយករដ្ឋមន្ត្រីនៃប្រទេសរុស្សីបាននិយាយថា គោលដៅយោធារបស់ប្រទសរុស្សីក្នុងប្រទេសស៊ីរីគឺការពារផលប្រយោជន៍ជាតិរបស់ខ្លួននិងយកជ័យជំនះលើពួករដ្ឋឥស្លាម ហើយមិនមែនជាការរក្សាទុកប្រធានាធិបតី Bashar al-Assad ក្នុងតំណែងទេ។
នៅក្នុងបទសម្ភាសមួយជាមួយបណ្តាញទូរទស្សន៍ Rossiya លោក Dmitry Medvedev បានមានប្រសាសន៍ថា វាមិនសំខាន់ចំពោះប្រទេសរុស្ស៊ីនោះទេ ចំពោះអ្នកដែលដឹកនាំប្រទេសស៊ីរីក្នុងពេលអនាគតនោះ ដរាបណាមិនមែនជាពួករដ្ឋឥស្លាម។ លោកបាននិយាយថា «រដ្ឋាភិបាលដែលនឹងដឹកនាំប្រទេសស៊ីរីក្នុងពេលអានាគតគួរតែជារដ្ឋាភិបាលស៊ីវិល័យ និងត្រឹមត្រូវតាមច្បាប់មួយ»។
លោក Medvedev បាននិយាយថា ស.រ.អា. និងរដ្ឋឯទៀតៗគួរពិភាក្សាគ្នាអំពីបញ្ហានយោបាយ។ កាលពីមួយថ្ងៃមុននេះ លោក Medvedev បានរិះគន់ស.រ.អា.នៅក្នុងបទសម្ភាសមួយទៀតតាមទូរទស្សន៍រដ្ឋនៃប្រទេសរុស្សីអំពីការបដិសេធរបស់អាមេរិកាំងមិនព្រមធ្វើការចរចាជាមួយប្រទេសរុស្សី និងប្រទេសស៊ីរី។ លោកបានហៅគោលជំហររបស់ស.រ.អ.នេះថា «ភ្លីភ្លើ» ហើយលោកបាននិយាយថាយុទ្ធនាការតាមអាកាសរបស់ក្រុមចម្រុះដឹកនាំដោយស.រ.អា. «សឹងតែស្មើនឹងសូន្យ»។
ក្រសួងការពារប្រទេសរុស្សីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា យន្តហោះនៃកងទ័ពអាកាសរបស់ខ្លួនបានហោះចេញទៅធ្វើការវាយប្រហារ៣៦លើកនៅក្នុងប្រទេសស៊ីរីដោយបានទម្លាក់គ្រាប់បែកត្រូវចំទីដៅរបស់ពួករដ្ឋឥស្លាមចំនួន៤៩នៅក្នុងក្រុង Hama ក្រុង Idlib ក្រុង Latakia ក្រុងដាម៉ាស និងក្រុង Aleppo៕