ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សាធារណរដ្ឋ​ផ្តល់​ដំណោះស្រាយ​បណ្តោះ​អាសន្ន​សម្រាប់​បញ្ហា​កម្រិត​បំណុល​អតិបរមា​របស់​សហរដ្ឋ​អាមេរិក


រូបឯកសារ៖ អគារ​ក្រសួងហិរញ្ញវត្ថុ​អាមេរិក​កាលពី​ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។ (AP)
រូបឯកសារ៖ អគារ​ក្រសួងហិរញ្ញវត្ថុ​អាមេរិក​កាលពី​ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។ (AP)

មេដឹកនាំ​ខាង​គណបក្ស​សាធារណរដ្ឋ​និង​មេដឹកនាំ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ហាក់​ដូចជា​ជិត​ឈាន​ដល់​ការ​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​រយៈពេល​ខ្លី​មួយ​សម្រាប់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​បញ្ចៀស​ការ​គ្មាន​លទ្ធភាព​សង​បំណុល​របស់​ខ្លួន។

កាលពី​ថ្ងៃ​ពុធ លោក Mitch McConnell មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា​ដែល​ជា​គណបក្ស​សំឡេង​ភាគ​តិច បាន​ផ្តល់​សញ្ញា​នៃ​ដំណោះស្រាយ​បណ្តោះ​អាសន្ន​ចំពោះ​បញ្ហា​ជាប់​គាំង​នៃ​ការ​បង្កើន​អំណាច​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ការ​ខ្ចី​ប្រាក់​បន្ថែម​មុន​ថ្ងៃ​ទី១៨ ខែ​តុលា ចូល​មក​ដល់។ ថ្ងៃ​ទី១៨ ខែ​តុលា​នេះ​គឺជា​ពេល​ដែល​សហរដ្ឋ​អាមេរិក​រំពឹង​ថា​នឹង​អស់​ថវិកា​សង​បំណុល​របស់​ខ្លួន។

លោកMcConnell បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា គណបក្ស​សាធារណរដ្ឋ​នឹង «អនុញ្ញាត​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​ប្រើ​នីតិវិធី​ធម្មតា​ដើម្បី​អនុម័ត​ការ​បង្កើន​កម្រិត​បំណុល​អតិបរមា​ក្នុង​គ្រា​អាសន្ន​នៅ​ក្នុង​ចំនួន​មួយ​ជាក់លាក់​ដើម្បី​ទូទាត់​លើ​កម្រិត​ចំណាយ​នៅ​ពេល​បច្ចុប្បន្ន​នេះ​រហូត​ដល់​ខែ​ធ្នូ​ខាង​មុខ»។

លោក Bernie Sanders ដែល​ជា​សមាជិក​ព្រឹទ្ធសភា​ឯករាជ្យ​នៅ​ខាង​ក្រុម​គណបក្ស​ប្រជាធិបតេយ្យ បាន​ស្វាគមន៍​ការ​លើកឡើង​របស់​លោក McConnell នេះ។

លោក Sanders បាន​និយាយ​ថា គណបក្ស​សាធារណរដ្ឋ «នៅ​ទីបញ្ចប់​បាន​ធ្វើ​កិច្ចការ​ត្រឹមត្រូវ ហើយ​នៅ​ពេល​ឥឡូវ​នេះ យ៉ាង​ហោច​ណាស់​យើង​មាន​ពេល​បី​បួន​ខែ​ទៀត​ដើម្បី​ស្វែងរក​ដំណោះស្រាយ​អចិន្ត្រៃយ៍​មួយ»។

លោកMcConnell បាន​បញ្ជាក់​ថា គណបក្ស​ប្រជាធិបតេយ្យ​ដែល​ត្រួតត្រា​ព្រឹទ្ធសភា​គួរតែ​ប្រើ​នីតិវិធី​បែប​សម្រុះសម្រួល​ដើម្បី​ដោះស្រាយ​បញ្ហា​កម្រិត​បំណុល​អតិបរមា​នេះ។

នីតិវិធី​បែប​សម្រុះសម្រួល​នេះ​គឺជា​វិធីសាស្ត្រ​មួយ​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​អនុម័ត​សំណើ​ច្បាប់​មួយ​ចំនួន​ទាក់ទិន​នឹង​ថវិកា ក្នុង​សំឡេង​គាំទ្រ​ភាគ​ច្រើន​ធម្មតា​នៅ​ក្នុង​ព្រឹទ្ធសភា គឺ​មិន​មែន ៦០ សំឡេង ដែល​ជា​សំឡេង​ភាគ​ច្រើន​លើសលប់​នោះ​ទេ។ នៅ​ក្រោម​នីតិវិធី​បែប​សម្រុះសម្រួល​នេះ គណបក្ស​ប្រជាធិបតេយ្យ​មិន​ចាំបាច់​ត្រូវការ​សំឡេង​គាំទ្រ​ពី​គណបក្ស​សាធារណរដ្ឋ​ឡើយ៕

(ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press)

XS
SM
MD
LG