ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោករដ្ឋ​មន្ត្រី​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​គាំទ្រ​លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ទាំង​ស្រុង​ស្តីពី​បញ្ហា​កូរ៉េ​ខាង​ជើង


លោក Jim Mattis រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ថ្លែង​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​វិមាន​សភា Capitol Hill នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧។
លោក Jim Mattis រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ថ្លែង​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​វិមាន​សភា Capitol Hill នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧។

ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​គាំទ្រ​ទាំង​ស្រុង​ដល់​ការ​ខឹង​ប្រឹងប្រែង​របស់​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ខាង​ការទូតជាមួយ​កូរ៉េខាង​ជើង ​នេះតាម​ការ​បញ្ជាក់របស់​លោក Jim Mattis រដ្ឋមន្ត្រី​ការ​ពារ​សហរដ្ឋ​អាមេរិក។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​លោក​រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​អាមេរិក Mattis ​បាន​និយាយ​បន្ថែម​ទៀត​ថា ​សកម្មភាព​នានា​របស់​ក្រសួងការ​បរទេស​មិនមែន​ជា​ការ​ផ្ទុយ​ទៅ​នឹង​អត្ថាធិប្បាយ​របស់​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ​ថា ​ការ​ចរចា​ខាង​ការ​ទូត​ជាមួយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​គឺ​ជា​ការ​ខ្ជះខ្ជាយ​ពេល​វេលា។

​លោក​រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​ Mattis ​បាន​ប្រាប់​គណៈកម្មាធិការ​សេវាកម្ម​សព្វាវុធ​របស់​ព្រឹទ្ធ​សភា​ថា «អ្វី​ដែល​យើង​កំពុង​ធ្វើគឺ​ស៊ើបអង្កេត ​យើង​មិនមែន​ចរចា​ជាមួយ​ពួក​កូរ៉េ​ខាង​ជើង​ដូច​ការ​ស្រងាក​ចិត្ត​របស់​ប្រធានាធិបតី​អំពី​ការ​មិន​ចរចា​ជា​មួយ​កូរ៉េខាងជើង​មុន​ពេល​វេលា​សមស្រប​នោះ។ ដូច្នេះ ខ្ញុំ​មិន​មើល​ឃើញ​ភាព​ខុស​គ្នាខ្លាំង​ដូច​ដែល​មនុស្ស​ខ្លះ​បាន​បកស្រាយ​នោះ​ទេ‍»។

​កាល​ពី​ថ្ងៃ​សៅរ៍ ​លោក​រដ្ឋ​មន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក Rex Tillerson ​បាន​ទទួល​ស្គាល់​ថា ​សហរដ្ឋ​អាមេរិក​មាន​បណ្តាញ​គមនាគមន៍​ការទូត​ដោយ​ផ្ទាល់​ដើម្បី​ព្យាយាម​ចរចា​ជាមួយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​អំពី​ការ​បន្តសាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​ និង​កាំជ្រួច​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង។

​លោក​ប្រធានា​ធិបតី​ត្រាំហាក់​ដូចជា​ធ្វើ​ផ្ទុយ​ពី​អ្នក​ការទូត​កំពូល​របស់​លោក​នៅ​ថ្ងៃ​បន្ទាប់​ដោយ​និយាយថា ​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស Tillerson ​កំពុង​ខ្ជះខ្ជាយ​ពេល​វេលា​ដើម្បី​ព្យាយាម​ចរចា​ជាមួយ​មេដឹកនាំ​កូរ៉េខាង​ជើង​នោះ៕

XS
SM
MD
LG