ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Tillerson ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​ស្រប​ពេល​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង​រីក​កាន់​តែ​ធំ


រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក Rex Tillerson ស្វាគមន៍​​ឧបនាយក​រដ្ឋ​មន្ត្រី ចិន Liu Yandong ពេល​ជួប​នៅ​អាហារ​ពេល​ព្រឹក​នៅ​ក្រសួង​ការ​បរទេស​អាមេរិក កាល​ពី​ថ្ងៃទី​២៨ ខែ​កញ្ញា។
រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក Rex Tillerson ស្វាគមន៍​​ឧបនាយក​រដ្ឋ​មន្ត្រី ចិន Liu Yandong ពេល​ជួប​នៅ​អាហារ​ពេល​ព្រឹក​នៅ​ក្រសួង​ការ​បរទេស​អាមេរិក កាល​ពី​ថ្ងៃទី​២៨ ខែ​កញ្ញា។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ស.រ.អា. ​Rex Tillerson បាន​ចេញ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​លើក​ទី​ពីរ​របស់​លោក​ក្នុង​ប្រទេស​ចិន​ដើម្បី​ស្វះ​ស្វែង​ឱ្យ​មាន​កិច្ច​សហ​ប្រតិ​បត្តិការ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំងអំពី​យុទ្ធនាការ​ដាក់​«គំនាប​សង្កត់​ខ្លាំង​បំផុត»​ប្រឆាំង​នឹង​ភាព​គឃ្លើន​ខាង​បរមាណូ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​ នៅ​ពេល​មាន​ភាព​តាន​តឹង​ខ្លាំង​ឡើងៗ​នៅ​លើ​ឧបទ្វីប​កូរ៉េ។​

នៅ​ក្នុង​ជំនួប​មួយ​ជាមួយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ចិន​ Liu Yandong​ អ្នកការ​ទូត​កំពូល​ស.រ.អា.​រូប​នេះ​ស្វះ​ស្វែង​ឱ្យ​មាន​កិច្ច​សហប្រតិ​បត្តិការ​របស់​ប្រទេស​ចិន​ក្នុង​ការ​ទប់​ទល់​នឹង​ការ​បង្ក​រឿង​ខាង​បរមាណូ​ដោយ​កូរ៉េខាង​ជើង​ និង​បើក​ផ្លូវ​សម្រាប់​ដំណើរ​ទស្សនកិច្ច​លើក​ទី​មួយ​របស់​ប្រធានាធិបតី​ ដូណាល់​ ត្រាំ ក្នុង​ប្រទេស​ចិន​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។​

លោក​ Tillerson ​បាន​មាន​ប្រសាសន៍​ថា៖ «យើង​នឹង​បន្ត​ការ​ពិភាក្សា​របស់​យើង​តទៅ​ទៀត​អំពី​បញ្ហា​ឯទៀតៗដែល​មាន​សារៈ​សំខាន់ ​ហើយ​ធ្វើ​ឲ្យប្រាកដថា បញ្ហា​ប្រទេស​កូរ៉េខាង​ជើង​នឹង​មាន​នៅ​លើ​តុ​ចចារ»។​ លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិកាំង​បាន​និយាយ​ដូច្នេះ​នៅ​មុន​ការ​ពិភាក្សា​ជុំទី​មួយ​នៃ​ការ​សន្ទនា​ខាង​សង្គម​កិច្ច​និង​ខាង​វប្បធ៌ម​រវាងស.រ.អា.​និង​ប្រទេស​ចិន​ដែល​មាន​គោល​ដៅ​ឧបត្ថម្ភ​ផ្ចុង​ផ្តើម​ចំណង​ទាក់​ទង​គ្នា​រវាង​ប្រជារាស្ត្រ​និងប្រជា​រាស្ត្រ។

ស.រ.អា.​បាន​ប្តូរ​យោបល់​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ពួក​មន្ត្រី​ចិន​អំពី​ការ​សន្យា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​ការ​បញ្ឈប់​ការ​ដឹក​ជញ្ជូន​ចូល​ក្នុង​ប្រទេស​ចិន​នូវធ្យូង​ថ្ម, ដែក, រ៉ែដែក, សំណ, រ៉ែសំណ​និង​ម្ហូប​សមុទ្រ​ពី​ប្រទេស​កូរ៉េខាង​ជើង៕

XS
SM
MD
LG