ពិធីមួយបានប្រព្រឹត្តទៅនៅក្នុងក្រុង Dignes-les-Bains កាលពីថ្ងៃសៅរ៍ដើម្បីរំលឹកដល់វិញ្ញាណខណ្ឌក្រុមជនរងគ្រោះនៃការធ្លាក់យន្តហោះរបស់ក្រុមហ៊ុនGermanwings នៅក្នុងតំបន់ភ្នំ Alps នៃប្រទេសបារាំង។
មានមនុស្សប្រមាណ២០០នាក់ដោយមានរួមបញ្ចូលក្រុមគ្រួសារ ញាតិសន្តាននិងមិត្តភក្តិរបស់ជនរងគ្រោះបានទៅចូលរួមក្នុងពិធីសូត្រធម៌ដែលដឹកនាំដោយបព្វជិត Jean-Philippe Nault នៃក្រុង Digne។
អ្នកស្រុកម្នាក់ក្នុងមូលដ្ឋានបានសម្តែងអារម្មណ៍របស់អ្នកស្រីអំពីអ្វីដែលបានកើតមានទ្បើងដោយបាននិយាយថាវាជាហេតុការណ៍ដ៏ «អាក្រក់» និងជា «ការរន្ធត់សម្រាប់ក្រុមគ្រួសារជនរងគ្រោះ»។
ក្រុមរដ្ឋអាជ្ញាបារាំងបាននិយាយថាសហអ្នកបើកបរយន្តហោះនោះនៃក្រុមហ៊ុនអាកាសចរណ៍ Germanwings គឺឈ្មោះ Andreas Lubitz អាយុ២៧ឆ្នាំបានបើកយន្តហោះនោះឱ្យធ្លាក់ក្នុងតំបន់ភ្នំនោះដោយចេតនាកាលពីថ្ងៃអង្គារក្រោយពីបានចាក់សោទ្វារបន្ទប់អ្នកបើកយន្តហោះផ្សេងទៀតដែលមិនអាចឱ្យពួកគេចូលទៅក្នុងបន្ទប់នោះបាន។ ក្រុមរដ្ឋអាជ្ញាអាល្លឺម៉ង់កំពុងខិតខំព្យាយាមរកបុព្វហេតុដែលនាំឱ្យ Lubitz ធ្វើសេចក្តីសម្រេចចិត្តនាំឱ្យមានមហន្តរាយនេះ។
ស្ត្រីម្នាក់ដែលនិយាយថាខ្លួនជាអតីតសង្សាររបស់ Lubitz បានត្រូវគេដកស្រង់ពាក្យសម្តីនៅក្នុងកាសែតអាល្លឺម៉ង់ប្រចាំថ្ងៃឈ្មោះ Bild ដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ដោយបាននិយាយថាសហអ្នកបើកបរយន្តហោះនេះបាននិយាយប្រាប់អ្នកស្រីថាគាត់ទទួលការព្យាបាលជំងឺផ្លូវចិត្ត។ ស្ត្រីនេះក៏បានលាតត្រដាងប្រាប់កាសែតនោះដែរថា Lubitzបាននិយាយប្រាប់គាត់ថាខ្លួនគ្រោងធ្វើសកម្មភាពមួយដែលមនុស្សគ្រាប់គ្នានឹងចងចាំ៕