បណ្តាញព័ត៌មានរាយការណ៍ថា ក្រុមអ្នកស៊ើបអង្កេតអំពីការធ្លាក់យន្តហោះរបស់ក្រុមហ៊ុន Germanwings កាលពីថ្ងៃអង្គារ នៅតំបន់ជួរភ្នំ Alps នៃប្រទេសបារាំង ជឿថាអ្នកបើកយន្តហោះម្នាក់មិនអាចចូលទៅក្នុងបន្ទប់បើកវិញបាន នៅពេលដែលយន្តហោះនោះធ្លាក់ ដែលបណ្តាលឲ្យស្លាប់មនុស្សទាំង ១៥០ នាក់នៅក្នុងនោះ។
មន្រ្តីដែលជិតស្និទ្ធិនឹងការស៊ើបអង្កេត បានប្រាប់ទីភ្នាក់ងារព័ត៌មានថា ការថតសម្លេងនៃជើងយន្តហោះនោះក្នុងពេលប៉ុន្មាននាទីចុងក្រោយក្នុងអាកាស ដែលគេបានយកចេញពីប្រអប់ថតសម្លេងហៅ black box ដែលគេបានរកឃើញនៅក្នុងកម្ទេចយន្តហោះកាលពីថ្ងៃពុធ បានឲ្យដឹងថាអ្នកបើកយន្តហោះម្នាក់បានចេញពីបន្ទប់បើកបរ ហើយព្យាយាមចូលទៅក្នុងបន្ទប់នោះវិញ ពេលដែលយន្តហោះបានធ្លាក់។
ប្រភពមួយបានប្រាប់សារព័ត៌មាន New York Times អំពីសម្លេងថតនៅក្នុងប្រអប់ black box ថា អ្នកបើកយន្តហោះដែលចេញទៅក្រៅបានគោះទ្វារបន្ទប់បើកបរដំបូងដោយស្រាលៗ តែមិនមានការឆ្លើយតប ហើយគាត់ចាប់វាយទ្វារយ៉ាងខ្លាំង ក៏នៅតែមិនមានការឆ្លើយតប។
អ្នកស៊ើបអង្កេតនិយាយថា អ្វីដែលគេដឹងប្រាកដគឺថា នៅពេលយន្តហោះនោះធ្លាក់ មានតែអ្នកបើកម្នាក់ទេនៅក្នុងបន្ទប់បើកបរ ហើយគាត់មិនបានបើកទ្វារឲ្យអ្នកបើកម្នាក់ទៀតចូលមកវិញ។
រដ្ឋអាជ្ញាបារាំងម្នាក់បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា អ្នកបើកយន្តហោះទីពីរ នៃជើងយន្តហោះ ដឹកអ្នកដំណើរ Germanwings ដែលបានធ្លាក់នៅក្នុងជួរភ្នំ Alps របស់បារាំង ក្នុងសប្តាហ៍នេះ បាន«ព្យាយាមធ្វើការបំផ្លាញយន្តហោះនេះដោយចេតនា»។
លោក Brice Robin រដ្ឋអាជ្ញាក្រុង Marseilles ប្រទេសបារាំង បានថ្លែងថា អ្នកបើកទីពីរ ដែលមានវ័យ ២៨ ឆ្នាំ ឈ្មោះ Andreas Lubitz បានបិទទ្វារចាក់សោបន្ទប់បើកបរ មិនឲ្យអ្នកបើកទីមួយចូលមកវិញបាន ហើយនៅកាច់ចង្កូតយន្តហោះ Airbus A320 តែម្នាក់ឯង។ លោករដ្ឋអាជ្ញា Robin ថ្លែងថា ក្រោយមក Lubitz (អ្នកបើកទីពីរ) បាន«បើកបញ្ចុះក្បាលយន្តហោះយ៉ាងលឿន»ប្រហែល ៧០០ គម ក្នុងមួយម៉ោងតម្រង់ទៅបុកតំបន់ជួរភ្នំ Alps ដាច់ស្រយាលដែលមានទឹកកកគ្រប់ដណ្តប់ នៅក្នុងប្រទេស បារាំង ភាគខាងត្បូង។
លោក Robin បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា «ការបើកយន្តហោះបោះពួយបញ្ចុះក្បាលនេះ គឺអាចធ្វើបានតែដោយចេតនាប៉ុណ្ណោះ ករណីទាំងអស់គឺបានធ្វើដោយចេតនាតែម្តង»៕