កិច្ចខំប្រឹងប្រែងរុករកបានបន្តធ្វើឡើងនៅកន្លែងធ្លាក់យន្តហោះធុន Airbus A320 របស់ក្រុមហ៊ុនអាកាសចរណ៍ Germanwings ដែលបានធ្លាក់កាលពីថ្ងៃអង្គារនៅក្នុងតំបន់ភ្នំ Alps ហើយបានសម្លាប់មនុស្សទាំងអស់១៥០នាក់នៅលើយន្តហោះនោះ។
ក្រសួងមហាផ្ទៃបារាំងប្រាប់ឲ្យដឹងថា ប្រអប់ខ្មៅរបស់ជើងហោះហើរ 4U 9525 របស់ក្រុមហ៊ុនអាកាសចរណ៍ Germanwings ត្រូវបានគេរកឃើញ ទោះបីជាមានការខូចខាតក៏ដោយ គេនឹងវិភាគប្រអប់ខ្មៅនេះនៅក្នុងទីក្រុងប៉ារីសដើម្បីរកសញ្ញាមូលហេតុនៃការធ្លាក់នេះ។
លោកស្រីអធិការបតី Angela Merkelនៃប្រទេសអាល្លឺម៉ង់ ប្រធានាធិបតីបារាំង លោក Francois Hollande និងនាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Mariano Rajoy ត្រូវគេរំពឹងថានឹងទៅមើលទីកន្លែងធ្លាក់យន្តហោះនោះនៅថ្ងៃពុធនេះ។
យន្តហោះនោះបានធ្លាក់កាលពីព្រឹកថ្ងៃអង្គារដោយគ្មានប្រាប់សញ្ញាក្នុងភាពអាសន្ន ខណៈដែលកំពុងហោះហើរពីទីក្រុង Barcelona ប្រទេសអេស្ប៉ាញទៅកាន់ទីក្រុង Dusseldorf នៃប្រទេសអាល្លឺម៉ង់។ ក្រុមអ្នកដំណើរត្រូវបានគេជឿជាក់ថា រួមមានជនជាតិអេស្ប៉ាញនិងអាល្លឺម៉ង់ភាគច្រើន និងពលរដ្ឋតួកគី ហូឡង់ និងអូស្រ្តាលី។
ក្នុងចំណោមអ្នកធ្វើដំណើរទាំងនោះត្រូវគេជឿជាក់ថាមានអ្នកចម្រៀង Opera ជនជាតិអាល្លឺម៉ង់២នាក់ ហើយនិងក្មេងជំទង់ៗជនជាតិអាល្លឺម៉ង់១៦នាក់ដែលវិលត្រឡប់មកការសិក្សា។
ក្រុមហ៊ុនអាកាសចរណ៍ Lufthansaដែលជាក្រុមហ៊ុនមេនៃក្រុមហ៊ុនអាកាសចរណ៍ Germanwings បានប្រាប់ឲ្យដឹងថា ខ្លួនចាត់ទុកការធ្លាក់យន្តហោះនេះជាគ្រោះថ្នាក់នៅពេលនេះ ហើយបានព្រមានពីការនិយាយសំដៅពាក់ព័ន្ធនឹងភេរវកម្ម ដែលជាការនិយាយស្មាន។ សេតវិមានក៏បានរាយការណ៍ដែរថា គ្មានការពាក់ព័ន្ធនឹងភេរវកម្មទេ។
ក្រុមហ៊ុន Germanwings បានចេញសេចក្តីថ្លែងការណ៍ដោយប្រាប់ឲ្យដឹងថា ខ្លួន បានលប់ចោលគម្រោងជើងហោះហើរនៅថ្ងៃពុធនេះ ពីព្រោះតែអាកាសយាននិកស្នើរសុំមិនធ្វើការហោះហើរ៕