វ៉ាស៊ីនតោន - ៥០ឆ្នាំក្រោយពីមហាបាតុកម្មដែលដឹកនាំដោយបណ្ឌិត ម៉ាទីន លូថ័រ ឃីងសកម្មជនសិទ្ធិពលរដ្ឋរបស់សហរដ្ឋអាមេរិកដែលលោកបានថ្លែងសុន្ទរកថាពីក្តីសុបិន្តមួយរបស់លោកសម្រាប់សិទ្ធិពលរដ្ឋនៅសហរដ្ឋអាមេរិក លោក គុជ ច័ន្ទលី អ្នកវិភាគឯករាជ្យខ្មែរអាមេរិកាំងយល់ថាគោលការណ៍របស់លោកឃីងអាចនឹងប្រើប្រាស់បាននៅក្នុងការតវ៉ាអហិង្សានៅក្នុងប្រទេសកម្ពុជាដើម្បីបង្រួបបង្រួមអ្នកដែលមាននិន្នាការប្រើប្រាស់ហិង្សាឱ្យទន់ចិត្តមករួមរស់ដោយសុខសាន្តជាមួយនឹងអ្នកដែលស្រឡាញ់សន្តិភាព។
ការលើកឡើងស្របពេលដែលគណបក្សសង្គ្រោះជាតិដែលដឹកនាំដោយលោកសម រង្ស៊ីនិងលោកកឹម សុខាមានគម្រោងធ្វើមហាបាតុកម្មអហិង្សាមួយក្នុងរាជធានីភ្នំពេញនៅថ្ងៃទី៧ខែកញ្ញាដើម្បីតវ៉ានឹងលទ្ធផលឆ្នោតជាតិដែលបានបោះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដាកន្លងមក។
លោកច័ន្ទលីផ្តល់ជាដំបូន្មានថាការប្រើប្រាស់យុទ្ធសាស្រ្តអហិង្សាទាមទារឱ្យមានការអត់ធ្មត់ខ្លាំងណាស់ដូចជាលោកបណ្ឌិតម៉ាទីន លូថ័រ ឃីងត្រូវបានអាជ្ញាធរចាប់ឃុំឃាំងអស់ចំនួន២៩ដងហើយលោកមហាត្មះ គន្ធី បិតាឯករាជ្យឥណ្ឌាក៏ធ្លាប់ត្រូវគេចោល ដុំថ្ម ពងទាស្អុយនិងប៉េងប៉ោះដាក់ជាដើមប៉ុន្តែអ្នកទាំងនោះនៅតែអត់ធ្មត់រហូតដល់សម្រេចបានគោលដៅរបស់គេដូចជាលោកឃីងទទួលបានសិទ្ធិសេរីភាពស្មើគ្នារវាងជនជាតិអាមេរិកាំងស្បែកសនិងខ្មៅ រីឯលោកគន្ធីទទួលបានឯករាជ្យពីប្រទេសអង់គ្លេស។
លោកច័ន្ទលីបន្ថែមថាការស្នើរបស់លោកម៉ាទីន លូថ័រ ឃីងឱ្យ«ជួងនៃសេរីភាពបន្លឺឡើងនិងបន្លឺនៅគ្រប់ទីកន្លែង»អាចជាស្នូរជួងមួយទាញពលរដ្ឋខ្មែរដែលមានគំនិតខ្វែងគ្នានិងប្រកាន់ជំហរខុសគ្នាឱ្យចេះស្រឡាញ់គ្នានិងមិនប្រើហិង្សាដាក់គ្នាទៅវិញទៅមក។
មានការរិះគន់និងមិនយល់ស្របចំពោះវិធីដែលគណបក្សសង្គ្រោះជាតិប្រើដើម្បីទាមទារយុត្តិធម៌ពីការបោះឆ្នោតនេះប៉ុន្តែលោកកឹម សុខាអនុប្រធានគណបក្សសង្គ្រោះ ជាតិបានបញ្ជាក់ថាកន្លងមកអំពើហិង្សាដែលបានកើតមានឡើងក្នុងប្រទេសកម្ពុជា«បានត្រឹមតែសម្លាប់គ្នា» តែ មិនអាចដោះស្រាយអ្វី បានទេហើយការដែលគណបក្សនេះប្រើគោលការណ៍នេះមិនមែន«ជាការទន់ជ្រាយទេ»។