រោងចក្រផលិតរថយន្ត GM នេះ មិនបានធ្វើការផ្លាស់ប្ដូរតាមការប្រែប្រួលទីផ្សារអស់រយៈពេលជាយូរមកហើយ ដោយធ្វើឲ្យភូមិ Lordstown ក្នុងរដ្ឋ Ohio មិនដឹងអំពីតថភាពពិតដ៏អាក្រក់នៃការប្រែប្រួលនៅក្នុងផ្នែកផលិតកម្មរថយន្តរបស់សហរដ្ឋអាមេរិកទេ។
អ្នកស្រី Trish Williams អ្នកគ្រប់គ្រងភោជនីយដ្ឋាន Ice House បាននិយាយថា៖ «នោះគឺជារោងចក្រដ៏ធំបំផុតនៅក្នុងភូមិនេះ ដែលផ្ដល់ការងារច្រើនដល់អ្នកភូមិនេះ។ កន្លងមក រោងចក្រផលិតដែកថែបនៅក្នុងភូមិនេះបានបិទទ្វាររួចទៅហើយ។ រោងចក្រផ្សេងៗទៀតក៏បានបិទទ្វារដែរ ដូចជារោងចក្រ Packard រោងចក្រ General Electric និងរោងចក្រ Chrysler ជាដើម។ ឥឡូវនេះ នៅពេលដែលរោងចក្រផលិតរថយន្ត GM នេះបិទទ្វារ ភូមិនេះនឹងក្លាយទៅជាភូមិគ្មានមនុស្សរស់នៅ»។
ប្រាក់បៀវត្សរ៍ពី ៣០ ទៅ ៤០ ដុល្លារក្នុងមួយម៉ោងដែលក្រុមហ៊ុន GM នេះ ផ្ដល់ដល់កម្មករទំនងគឺជារឿងអតីតកាលតែប៉ុណ្ណោះ ទោះបីជាលោកប្រធានាធិបតី ដូណាល់ ត្រាំ បានមកភូមិនេះកាលពីរដូវក្ដៅឆ្នាំមុន ប្រាប់ប្រជាជនកុំឲ្យផ្លាស់ទីលំនៅចេញពីភូមិនេះក៏ដោយ។
លោក ដូណាល់ ត្រាំ បានថ្លែងដូច្នេះថា៖ «ចូរកុំលក់ផ្ទះរបស់អ្នក។ កុំលក់ផ្ទះរបស់អ្នក។ កុំលក់វាអី។យើងនឹងធ្វើឲ្យតម្លៃផ្ទះទាំងនោះកើនឡើង។ យើងនឹងទទួលបានការងារទាំងនោះត្រឡប់មកវិញ។រោងចក្រទាំងនោះនឹងដំណើរការឡើងវិញ »។
រោងចក្រ GM នេះ ផលិតរថយន្តម៉ាក Chevy Cruze ដែលជារថយន្តធុនកណ្ដាល។ លោក Dave Green ប្រធានសហជីពកម្មករក្នុងភូមិនោះ និយាយថា កម្មករដឹងថា ការលក់រថយន្តម៉ាកនេះគឺមានការលំបាក។
លោក Dave Green ប្រធានសហជីពកម្មកររថយន្តក្នុងស្រុក បាននិយាយថា៖ «គេត្រូវតែដាក់តម្លៃលក់រថយន្តនេះឲ្យបានត្រឹមត្រូវសមរម្យ។ ប្រសិនបើខ្ញុំទៅកន្លែងលក់រថយន្ត ហើយអាចជួលរថយន្តប្រភេទ SUV ក្នុងតម្លៃថោកជាងរថយន្ត Chevy Cruze នេះ នោះខ្ញុំប្រាកដជាជួលរថយន្ត SUV នោះហើយ។ អ្នកដឹងស្រាប់ហើយ ពលរដ្ឋអាមេរិកាំងចង់បានរថយន្តទំហំធំជាង ហើយមានតម្លៃថោកជាង។ ដូច្នេះ ពួកគេប្រាកដជាទិញរថយន្តដែលធំជាង និងមានតម្លៃថោកជាងហើយ»។
លោក ត្រាំ បានរិះគន់ការសម្រេចចិត្តរបស់ក្រុមហ៊ុន GM នេះ ដោយលោកនិយាយដូច្នេះថា៖
«ពួកគេនិយាយថា រថយន្តម៉ាក Chevy Cruze នេះលក់មិនសូវបានល្អទេ។ ខ្ញុំបាននិយាយថា អញ្ចឹងផលិតរថយន្តណាដែលអាចលក់ដាច់ទៅ»។
កម្មករនៅក្នុងរោងចក្រក្នុងភូមិ Lordstown នេះ ដែលជារោងចក្រមួយក្នុងចំណោមរោងចក្រ ៥ ដែលរងការប៉ះពាល់ដោយសារសេចក្ដីសម្រេចរបស់ក្រុមហ៊ុន GM នេះ សង្ឃឹមថា ក្រុមហ៊ុន GM អាចផលិតរថយន្តម៉ាកផ្សេងពីនេះ។ ប៉ុន្តែបញ្ហាគឺនៅត្រង់ថា ប្រាក់កម្លាំងពលកម្មដែលបង់ឲ្យកម្មករគឺមានតម្លៃទាបជាងនេះនៅឯរោងចក្ររបស់ក្រុមហ៊ុន GM នេះ ក្នុងប្រទេសម៉ិកស៊ិក។
អ្នកស្រី Rebecca Zak ដែលបច្ចុប្បន្នជាបុគ្គលិករោងចក្រ GM នេះ បានបញ្ជាក់ថា៖ «ហេតុអ្វីបានជាគេកំពុងសាងសង់រោងចក្រនេះនៅក្នុងប្រទេសម៉ិកស៊ិក? វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់។ ខ្ញុំឭថា នៅក្នុងទីក្រុងRamos ប្រទេសម៉ិកស៊ិក កម្មករទទួលបានប្រាក់បៀវត្សរ៍ចំនួនតែ ២ ដុល្លារ ៦៥ សេនប៉ុណ្ណោះ ក្នុងមួយម៉ោង»។
អ្នកស្រី Rebecca Zak ដែលជាអ្នកធ្វើការនៅក្នុងរោងចក្រនេះអស់រយៈពេល ១៨ ឆ្នាំ មកហើយ បាននិយាយថា យើងមិនអាចបន្ទោសលោកប្រធានាធិបតី Trump បានទេ យើងត្រូវតែបន្ទោសការសម្រេចចិត្តរបស់ក្រុមហ៊ុន GM នេះ។ អ្នកស្រីបញ្ជាក់ដូច្នេះថា៖ «ពួកយើងដែលជាកម្មករគឺជាអ្នកដែលផលិតរថយន្តនេះ។ ពួកយើងគឺជាអ្នកដែលធ្វើឲ្យក្រុមហ៊ុននេះអាចដំណើរការរហូតមកដល់សព្វថ្ងៃ។ ដូច្នេះតើនរណាដែលជាអ្នករងការឈឺចាប់ដោយសារការសម្រេចចិត្តរបស់ក្រុមហ៊ុននេះ? គឺកម្មករ មិនមែនក្រុមហ៊ុនដែលរកប្រាក់ចំណូលបាន ៦ ពាន់លានដុល្លារនៅក្នុងត្រីមាសទី ៣ ក្នុងឆ្នាំនេះ ដែលជាក្រុមហ៊ុនបញ្ឈប់កម្មករចំនួន ១ ម៉ឺន ៤ ពាន់នាក់ពីការងារនេះទេ»។
លោក Dave Green បានបញ្ជាក់ថា៖ «ពួកយើងបានបង្ហាញឲ្យឃើញម្ដងហើយម្ដងទៀតថា យើងមានកម្មករដ៏ល្អបំផុតនៅក្នុងភូមិ Loardstown នេះ។ ពួកយើងមានទីតាំងល្អបំផុត។ ក្រុមហ៊ុន GM គឺជាក្រុមហ៊ុនល្ងង់ដែលដករោងចក្រចេញពីទីនេះ។ ភាពជាដៃគូរយៈពេល ៥០ ឆ្នាំ រវាងក្រុមហ៊ុនអាមេរិកាំងមួយនេះ និងសហគមន៍នៃភូមិ Loardstown នេះ ប្រហែលជានឹងអាចឈានដល់ទីបញ្ចប់ហើយ៕
ប្រែសម្រួលដោយ ហេង រស្មី