ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បងប្អូន និង​ឳពុក​របស់​អ្នក​បំផ្ទុះ​គ្រាប់​នៅ​ក្រុង Manchester ត្រូវ​បាន​ចាប់​ខ្លួន​នៅ​លីប៊ី


ប៉ូលិស​ឈរ​នៅ​ខាង​ក្រៅ​ផ្ទះ​មួយ​នៅ​ក្នុង​ក្រុង Moss Side បន្ទាប់​ពី​ការ​វាយប្រហារ​នៅ​ក្នុង​ក្រុង Manchester ចក្រភព​អង់គ្លេស កាលពី​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧។
ប៉ូលិស​ឈរ​នៅ​ខាង​ក្រៅ​ផ្ទះ​មួយ​នៅ​ក្នុង​ក្រុង Moss Side បន្ទាប់​ពី​ការ​វាយប្រហារ​នៅ​ក្នុង​ក្រុង Manchester ចក្រភព​អង់គ្លេស កាលពី​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧។

កងកម្លាំង​សន្តិសុខ​លីប៊ី​បាន​និយាយ​ថា​ ពួក​គេ​បាន​ចាប់​ខ្លួន​បង​ប្អូន​ប្រុស​ និង​ឳពុក​របស់​អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​នៅ​ Manchester ឈ្មោះ​ Salman Abedi។​

អ្នកនាំ​ពាក្យ​ម្នាក់​របស់​កង​កម្លាំង​ប្រឆាំង​នឹង​ភេរវកម្ម​លីប៊ី​បាន​និយាយ​ថា​កាលពី​ពេល​ថ្មីៗ​នេះ​ Hasham Abedi បាន​ទាក់ទង​ជាមួយ​បង​ប្អូន​ប្រុស​របស់​គាត់​ហើយ​បាន​ដឹង​អំពី​ផែនការ​របស់ Salman Abedi ក្នុង​ការ​វាយ​ប្រហារ​នោះ។​

អ្នកនាំ​ពាក្យ​រូប​នេះ​បាន​និយាយ​ថា «យើង​មាន​ភស្តុតាង​ថា​ គាត់​មាន​ការ​ទាក់ទង​ជាមួយ​ Daesh ជាមួយ​បងប្អូន​ប្រុស​គាត់។ ​យើង​បាន​តាម​ដាន​គាត់​ជាង​មួយ​ខែ​កន្លះ​មក​ហើយ»។

ឈ្មោះ Salman Abedi បាន​បំផ្ទុះ​ខ្លួន​ឯង​នៅ​ក្នុង​រង្គភូមិ​ឈ្មោះ​ Manchester Arena បណ្តាល​ឱ្យ​មនុស្ស​២២នាក់​ស្លាប់ និង​មាន​មនុស្ស​ច្រើន​នាក់​ទៀតត្រូវ​របួស ក្នុង​ពេល​ខ្លី​ក្រោយ​ការ​បញ្ចប់ការ​ប្រគុំ​តន្ត្រី​ប៉ុប​របស់​នាង​ Ariana Grande ដែល​ជា​អ្នក​ចម្រៀង​អាមេរិកាំង​វ័យ​ក្មេង។

លោក Ramadan ដែល​ជា​ឳពុក​របស់ Abedi បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា ​លោក​បាន​និយាយ​ជាមួយ​កូន​ប្រុស​លោក​កាល​ពី​៥ថ្ងៃ​មុន​នេះ​ហើយ «អ្វីៗ​ទាំង​អស់​មាន​ភាព​ធម្មតា»។

លោក Ramadan បាន​និយាយ​នៅ​ក្នុង​ក្រុង Tripoli ដែល​លោក​រស់នៅ​ទី​នោះ​ថា កូន​ប្រុស​លោក​គ្មាន​ជំនឿ​ជ្រុល​និយម​ទេ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​លោក​បាន​ថ្លែង​បន្ថែម​ថា​ Abedi មិន​បាន​ប្រាប់​លោក​ថា​គាត់​ទៅ​ Manchester ទេ​នៅ​ពេល​គាត់​ចាក​ចេញ​ពី​ប្រទេស​លីប៊ី​កាល​ពី​សប្តាហ៍​មុន។

លោក Ramadan Abedi បាន​និយាយ​ប្រាប់ Reueters ថា​លោក​ថ្កោលទោស​«សកម្មភាព​ភេរវកម្ម​លើ​ពួក​ជន​ស៊ីវិល​ និង​ក្រុម​មនុស្ស​ស្លូត​ត្រង់​គ្មាន​ទោសពៃរ»។

លោក Ian Hopkins មេប៉ូលិស​ក្រុង Manchester បាន​និយាយ​ប្រាប់​ពួក​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ពុធ​ថា​ «ជា​ការ​ច្បាស់លាស់​ណាស់​ថា​នេះ​ជា​បណ្តាញ​មួយ​ដែល​យើង​កំពុង​ធ្វើការ​ស៊ើបអង្កេត» ហើយ​ថា​ Abedi មិន​មែន​ធ្វើ​សកម្មភាព​ភេរវកម្ម​នេះ​តែ​ឯកឯង​ទេ៕

XS
SM
MD
LG