តុលាការរាជធានីភ្នំពេញបានចោទប្រកាន់ជនសង្ស័យម្នាក់ដែលគំរាមតាមហ្វេសប៊ុកចង់សម្លាប់លោកបណ្ឌិតសុខ ទូចពីបទ«គំរាមថានឹងសម្លាប់»ដោយសារតែលោកធ្វើការទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជានិងវៀតណាម។
កាលពីថ្ងៃច័ន្ទអាជ្ញាធរកម្ពុជាបានចាប់បញ្ជូនជនសង្ស័យរូបនោះមកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ ខណៈពេលដែលអ្នកការពារសិទ្ធិមនុស្សកំពុងតែធ្វើស្វះស្វែងផ្តល់សេវាផ្លូវច្បាប់។
ជនសង្ស័យឈ្មោះ ផង់ សីហា ដែលជាម្ជាស់ ហេ្វសប៊ុក Sey Hu ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនកាលពីថ្ងៃសៅរ៍ កន្លងទៅ បន្ទាប់ពី យុវជនអាយុ២៧ ឆ្នាំរូបនេះបានធ្វើការ បង្ហោះសារគំរាមសម្លាប់លោកសុខទូចនៅក្នុង ហេ្វសប៊ុក គ្រុប «ធាតុពិតនៃកម្ពុជា» កាលពីថ្ងៃទី២៩ខែសីហា។ នេះបើយោងតាម ព័ត៌មាន ដែលបានចុះផ្សាយ ក្នុងគេហទំព័រ នគបាលជាតិកម្ពុជា។ គេហទំព័រដដែលក៏បានឲ្យដឹងផងដែរថាជនសង្ស័យដែលមានស្រុកកំណើតនៅខេត្តព្រៃវែង រូបនេះត្រូវបានឃាត់ខ្លួននាព្រំដែនច្រកប៉ោយប៉ែតខណៈពេលដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញ។
តាមការឲ្យដឹងរបស់លោក គឹម សន្តិភាព អ្នកនាំពាក្យនៃក្រសួងយុត្តិធម៌នៅថ្ងៃច័ន្ទនេះថា៖
«ខ្ញុំបានទទួលព័ត៌មានថាសមត្ថកិច្ចបានស្វែងរក ចាប់ខ្លួននិងបញ្ជូនទៅស្ថាប័នតុលាការ ហើយអញ្ចឹងកិច្ចការបន្តគឺជាតួនាទីរបស់តុលាការ។ ការគំរាមសម្លាប់ យោងតាមក្រមព្រហ្មទណ្ទគឺជាប់ពន្ធនាគារពី៦ខែទៅ២ឆ្នាំហើយពិន័យជាប្រាក់ពី១លានទៅ៤លានរៀល»។
បន្ទាប់ពីការសាកសួរ ជនសង្ស័យនាថ្ងៃច័ន្ទនេះ ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជាធានីភ្នំពេញ លោក សៀង សុខ បានឲ្យដឹងថាលោក បានធ្វើការចោទជាបឋមទៅលើរូប លោក ផង់ សីហា អំពីបទ «គម្រាមថានឹងសម្លាប់» តាមក្រមព្រហ្មទណ្ឌនៃប្រទេសកម្ពុជា។
លោកបានបន្ថែមថា៖
«ខ្ញុំបានបើកការស៊ើបសួរនិងបញ្ជូនទៅចៅក្រមហើយទាក់ទិននឹងការគំរាមថានឹងសម្លាប់តាមមាត្រា២៣៣នៃក្រមព្រហ្មទណ្ទនៃព្រះរាជាណាចក្រកម្ពុជា»។
ការគំរាមសម្លាប់និងប្រមាថលើរូបលោកសុខ ទូចបានកើតឡើង បន្ទាប់ពី បណ្ឌិតផ្នែកប្រវត្តិសាស្ត្ររូបនេះបានចាប់ផ្តើមដឹកនាំការងារនៃរាជបណ្ឌិតសភាកម្ពុជាធ្វើការផ្ទៀងផ្ទាត់ផែនទីនិងការបោះបង្គោលព្រំដែនកម្ពុជានាពេលថ្មីៗនេះ ក្រោយពេលដែលបញ្ហាបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជានិងវៀតណាមឡើងកំដៅ។ យោងតាមសារដែលបង្ហោះនៅក្នុងហ្វេសប៊ុក ផង់សីហាបានបង្ហោះរូបភាពលោកសុខ ទូច កាំភ្លើងខ្លី ជាមួយគ្រាប់កាំភ្លើង និងសរសេរអក្សរថា ទុកបាញ់ក្បាល «បណ្ឌិតដែលកែប្រែប្រវត្តិសាស្ត្រ អាបណ្ឌិតលក់ខ្លួនឲ្យយួន»។
លោកសុខ ទូចបានប្រាប់ឲ្យដឹងថារូបលោកមិនបាន គ្រោងប្តឹងអ្នកដែលគំរាមលោកនោះទេទោះបីជាការគំរាមនោះមានច្រើនគ្រប់រូបភាពក៏ដោយ។ លោកបានបន្ថែមទៀតថាជនទាំងនោះគួរតែទុកពេលវេលាឲ្យលោកបានធ្វើការស្រាវជ្រាវលើបញ្ហាបង្គោលព្រំដែននេះសិន មុននឹងធ្វើការវិនិច្ឆ័យលើការងាររបស់ក្រុមលោកនោះ។
«មិនគួរណា យើងមិនទាន់មានចម្លើយហើយយើងមកមាក់ងាយជីវិតគេអញ្ចឹងគឺវាអត់ត្រូវទេ។នៅពេលដែលខ្ញុំសរសេរនិក្ខេបបទចប់ ខ្ញុំនឹងដាក់លើតុ គ្រប់មជ្ឈដ្ឋានមានសិទ្ធិសួរខ្ញុំ ហើយបើមានចំណុចណាយើងមិនសុខចិត្តយើងដឹកដៃគ្នាមកមើល ពីព្រោះអ្វីដែលខ្ញុំនិយាយគឺទាំងខាងរដ្ឋាភិបាល ទាំងគណបក្សប្រឆាំង ទាំងអ្នកវិទ្យសាស្ត្រ ប្រជាជន មានសិទ្ធិសួរទាំងអស់។ គេមិនទាន់ស្រាវជ្រាវចប់ផងហេតុអីបាន មាក់ងាយជីវិត ហេតុអីក៏វាយតម្លៃការស្រាវជ្រាវគេទាបម្ល៉េះ?»។
លោកនី ចរិយា ប្រធានផ្នែកស៊ើបអង្កេត នៃសមាគមសិទ្ធិមនុស្សអាដហុកបានឲ្យដឹងថាក្រុមគ្រួសាររបស់ ផង់ សីហា បានមកសុំជំនួយពីសមាគមសិទ្ធិមនុស្សអាដហុកនៅខេត្តព្រៃវែង ហើយក្រុម ការងាររបស់លោកកំពុងចាប់ផ្តើមធ្វើការស៊ើបអង្កេតនិងស្វះស្វែងរកវិធីផ្តល់ជំនួយផ្នែកច្បាប់ដល់ជនជាប់ចោទ។
«ឥឡូវនេះយើងកំពុងតែស៊ើបអង្កេតរឿងហ្នឹង ថាតើអ្នកដែលត្រូវបានរដ្ឋាភិបាលបានចោទប្រកាន់ហ្នឹងគាត់អាចមានលទ្ធភាពក្នុងការ ទី១ធើ្វជាហ្វេសប៊ុកនិងmessage តាមទូរស័ព្ទផងបានទេ? ព្រោះតាមអ្វីដែលលោក សុខទូច មានប្រសាសន៍គឺថាមានទាំង message និងមានទាំងហ្វេសប៊ុក» ។
ស្រដៀងគ្នានេះដែរលោក កឹម សុខាអនុប្រធានគណបក្សជំទាស់ក៏ធ្លាប់បានរងការគំរាមសម្លាប់តាមប្រព័ន្ធហ្វេសប៊ុក កាលពីឆ្នាំ២០១៣ ក៏ប៉ុន្តែជនល្មើសមិនត្រូវបាននាំខ្លួនមកកាន់តុលាការនោះទេ។ នេះបើតាមការលើកឡើងរបស់អ្នកសង្កេតការណ៍និងអ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមមួយចំនួន៕