លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានបេ្តជ្ញាការពារប្រជាពលរដ្ឋខ្មែរដែលរងគ្រោះដោយការបាត់បង់ទឹកដីទៅប្រទេសវៀតណាម ដែលប្រជាពលរដ្ឋខ្មែរអះអាងថា មានការបោះបង្គោលព្រំដែនឆ្លងចូលទឹកដីប្រទេសកម្ពុជា។
ការថ្លែងរបស់លោកប្រធានគណបក្សប្រឆាំងនេះ ធ្វើឡើងនៅចំពេលដែលរដ្ឋាភិបាលនៃប្រទេសកម្ពុជាកំពុងធ្វើការពិនិត្យផ្ទៀងផ្ទាត់ផែនទីនៃប្រទេសកម្ពុជា ដែលនឹងផ្តល់ជូនពីសហគមន៍អន្តរជាតិនានា។
លោកសម រង្ស៊ី មេដឹកនាំសំឡេងភាគតិចនៅក្នុងរដ្ឋសភា បានថ្លែងប្រាប់អ្នកគាំទ្រនៃគណបក្សសង្គ្រោះជាតិនៅឯពិធីជួបជុំទទួលទានអាហារមួយនៅក្នុងប្រទេសអូស្ត្រាលី កាលពីល្ងាចថ្ងៃសៅរិ៍ថា ប្រជាពលរដ្ឋខ្មែរមិនបានប្រឌិតរឿងបាត់បង់ទឹកដីរបស់ពួកគេទៅប្រទេសវៀតណាមនោះឡើយ ហើយថា ការគាំពារប្រជាពលរដ្ឋខ្មែរត្រូវតែធានាឲ្យបាន។
«បងប្អូនវិនិច្ឆ័យខ្លួនឯងទៅ! អាជ្ញាធរគេថា យួនអត់យកដីខ្មែរទេ បងប្អូនចង់ជឿ! ជឿទៅ! តែយើងគណបក្សសង្គ្រោះជាតិ យើងជឿប្រជារាស្រ្ត ប្រជាពលរដ្ឋដែលរស់នៅតាមព្រំប្រទល់ដែន ជាពិសេសកសិករខ្មែរ។ ពួកគាត់បាត់ដីស្រែ ដីចម្ការ ព្រៃឈើ។ ពួកគាត់ថា គេយកបង្គោលថ្មីៗ ចុងក្រោយមកបោះលើដីគាត់ ដីស្រែ ដីចម្ការគាត់ ជាទឹកដីនៃប្រទេសកម្ពុជារបស់យើងទាំងអស់គ្នា ហើយពួកគាត់យំស្រែកត្អូញត្អែរ»។
លោកបន្ថែមថា៖
«យើង យើងជឿប្រជារាស្រ្ត។ ប្រជារាស្រ្តលោកមិនទៅប្រឌិតរឿង ដែលមិនមែនជាការណ៍ពិតទេ។ លោករងគ្រោះ។ លោកជាសាក្សី។ លោកជាភស្តុតាងរស់។ ដូច្នេះដរាបណា មានប្រជាពលរដ្ឋត្អូញត្អែរ យំស្រែក ថា យួនយកដីគាត់ យើងត្រូវតែការពារប្រជាពលរដ្ឋខ្មែរដូចគ្នា ដែលរងគ្រោះដោយសារយួនឈ្លានពាន»។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រឹងប្រែងការពារភាពស្អាតស្អំរបស់រដ្ឋាភិបាល ដោយផ្តោតទៅលើការផ្ទៀងផ្ទាត់ផែនទីរបស់ប្រទេសកម្ពុជាដើម្បីបញ្ចៀសការមន្ទិលសង្ស័យថា ការបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជាមានភាពមិនច្បាស់លាស់។
ជាក់ស្តែង កាលពីសប្តាហ៍មុន រដ្ឋាភិបាលកម្ពុជាបានបើកបង្ហាញ និងផ្ទៀងផ្ទាត់ផែនទីដែលបានខ្ចីពីអង្គការសហប្រជាជាតិ ដោយមានការចូលរួមពី ឥស្សរជនមួយចំនួន ដូចជាតំណាងគណបក្សនយោបាយ តំណាងរដ្ឋសភា តំណាងព្រឹទ្ធសភា តំណាងក្រុមប្រឹក្សាធម្មនុញ្ញ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមផងដែរ។
បញ្ហាបោះបង្គោលព្រំដែនកម្ពុជាវៀតណាម និងការមន្ទិលសង្ស័យទាក់ទិននឹងការប្រើប្រាស់ផែនទីនេះ បានឡើងកំដៅជាបន្តបន្ទាប់ នាពេលកន្លងមកនេះ ដោយសារតែសកម្មជនព្រំដែន ដឹកនាំដោយគណបក្សសង្គ្រោះជាតិយល់ថា ផែនទីដែលរដ្ឋាភិបាលកំពុងប្រើគឺជាផែនទីក្លែងក្លាយ។ តំណាងគណបក្សសង្គ្រោះជាតិ ដែលចូលរួមកិច្ចការផ្ទៀងផ្ទាត់ផែនទីនោះ នៅតែបញ្ជាក់ថា ខ្លួនត្រូវការឲ្យមានការផ្ទៀងផ្ទាត់ផែនទីនេះ ឲ្យបានច្រើនថែមទៀត ហើយខ្លួននៅតែមានមន្ទិលសង្ស័យចំពោះផែនទីដែលរដ្ឋាភិបាលប្រើប្រាស់។
លោកស្រីកុយ ពិសី អនុប្រធានកិច្ចការចម្រុះព្រំដែនកម្ពុជា បានច្រានចោលការលើកឡើងរបស់ប្រធានគណបក្សជំទាស់ ដោយលោកស្រីបានពន្យល់ថា៖
«ពួកយើងខ្ញុំ ការងារធ្វើបានត្រឹមត្រូវ អត់មានអី ដែលយើងធ្វើខុសឆ្គងទេ។ ដូចដែលយើងឃើញកន្លងមក គណបក្សសម រង្ស៊ី គាត់លើកថាអញ្ចេះ ថាអញ្ចុះអីហ្នឹង ពួកយើងតែបានបង្ហាញ។ ប្រសិនបើគាត់ថា ឧទាហរណ៍ នៅតំបន់នេះអញ្ចេះ អញ្ចេះ អញ្ចេះ មានបញ្ហាអី យើងក៏បានប្រាប់គាត់ថា រឿងហ្នឹងវាមិនពិតទេ។ វាយ៉ាងម៉េចៗគឺយើងមាន គេហៅថា ភស្តុតាងជាក់ស្តែងដែលបង្ហាញត្រឡប់ទៅវិញ។ យើងមិនមែនធ្វើនយោបាយសម្រាប់ប្រជាភិថុតនយោបាយទេ។ ខាងរាជរដ្ឋាភិបាលអត់មានធ្វើរបៀបហ្នឹងទេ»។
លោកស្រីបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាកំពុងរង់ចាំការផ្តល់ផែនទីរបស់ប្រទេសកម្ពុជាពីប្រទេសបារំាង សហរដ្ឋអាមេរិក និងអង់គ្លេស។ លោកស្រីបន្តថា ផែនទីប្រទេសកម្ពុជាដែលផ្តល់ពីប្រទេសបារាំងសម្រាប់ការផ្ទៀងផ្ទាត់ផែនទីនឹងអាចមកដល់កម្ពុជានៅចុងសប្តាហ៍ខាងមុខនេះ។
សកម្មជន និងមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ឃុំខ្លួនជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ក្នុងនោះក៏មានលោកហុង សុខហួរ សមាជិកព្រឹទ្ធសភានៃគណបក្សសម រង្ស៊ីដែលមានសញ្ជាតិបារាំងផងដែរ។ តុលាការក្រុងភ្នំពេញបានចោទរូបលោកពីបទ«ក្លែងបន្លំឯកសារ សាធារណៈ ប្រើប្រាស់ឯកសារក្លែងនិងញុះញង់» ក្រោយពីលោកបានបង្ហោះកិច្ចព្រមព្រៀងនាឆ្នាំ១៩៧៩ទៅលើទំព័រហ្វេសប៊ុក ដែលក្នុងនោះលោកបង្ហាញថា វៀតណាមចូលក្នុងទឹកដីកម្ពុជា ច្រើនជាងកម្ពុជាចូលទៅវៀតណាម៕