ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ម៉ម សុណង់ដូ​ បើក​ប្រាក់ខែ​ឲ្យ​បុគ្គលិក​វិទ្យុ​សំបុក​ឃ្មុំ​ដែល​ធ្វើ​បាតុកម្ម

Four Palestinian friends who were injured during conflicts walk by the sea at Gaza's small fishing harbor.
Four Palestinian friends who were injured during conflicts walk by the sea at Gaza's small fishing harbor.

លោក​ម៉ម សុណង់ដូ ​នាយក​វិទ្យុសំ​បុក​ឃ្មុំ​ បាន​ប្រកាស​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ លោក​នឹង​បើក​ប្រាក់​ខែ​ឲ្យ​ក្រុម​បុគ្គលិក​ដែល​ត្រូវ​បណ្តេញ​ចេញ​ពី​ការងារ ​ស្រប​ពេល​ដែល​ក្រុម​បុគ្គលិក​វិទ្យុ​សំបុក​ឃ្មុំ​ បន្ត​ធ្វើ​បាតុកម្ម​នៅ​ពី​មុខ​ស្ថានីយ៍​ផ្សាយ​របស់​ខ្លួន​ដើម្បី​ទាមទារប្រាក់​ខែ ​និង​ការ​គោរព​លក្ខខណ្ឌ​ការងារ។​

បន្ទាប់​ពី​បានចូល​ទៅ​បំភ្លឺ​នៅ​មន្ទីរ​ការ​ងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈក្រុង​ភ្នំពេញនៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ ​ លោក​ម៉ម សុណង់ដូ​បាន​ប្រាប់​VOA ​ខេមរ​ភាសា​ថា ​លោក​បានយល់​ព្រម​ផ្តល់​ប្រាក់​បៀរ​វត្សរ៍ខែ​កុម្ភៈ​ជូន​ដល់​បុគ្គលិក​៤​រូប ក៏​ប៉ុន្តែ​លោកនៅ​មិន​ទាន់​បញ្ជាក់​ច្បាស់​នៅ​ឡើយ​ថា​ លោក​នឹង​ទទួល​យក​បុគ្គលិក​ទាំង​នេះ​ឲ្យ​ចូល​ធ្វើការ​វិញ​ ឬ​យ៉ាង​ណា​នោះ​ទេ។

«បញ្ហា​ដែល​ខ្ញុំ​ទទួល​អ្នក​ទាំងអស់​នោះ​ឲ្យ​ធ្វើ​ការ​ឡើង​វិញ​គឺ​គ្មាន​សង្ឃឹម​ទេ​ ព្រោះ​ខ្ញុំ​ឃើញ​សកម្មភាព​របស់​បុគ្គលិក​ទាំងអស់​នឹង​មិន​មែន​ចង់​ដោះ​ស្រាយ​បញ្ហា​របស់​គាត់​ទេ​គឺ​គាត់​ធ្វើ​សកម្ម​ភាព​ធ្ងន់ធ្ងរ​ប្រឆាំង​នឹង​ខ្ញុំ​និង​វិទ្យុ​របស់​ខ្ញុំ»។​

ក្រុម​បាតុករបាន​អះអាង​ថា ​មាន​បុគ្គលិក​វិទ្យុ​សំបុក​ឃ្មុំ​ FM 105​ មេហ្គាហឺតចំនួន​បួននាក់​មិន​ទទួល​បាន​ប្រាក់​ខែ​សម្រាប់​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ​ទេ។​ ហើយ​ពីរ​នាក់​ក្នុង​ចំណោម​បុគ្គលិក​ទាំង​បួន​ត្រូវ​លោក​ម៉ម សុណង់ដូ​ បណ្តេញ​ចេញ​ពីការងារ។​ ​បញ្ហា​នេះ​ដែល​ធ្វើ​ឲ្យបុគ្គលិក​១១​នាក់​ក្នុង​ចំណោម​បុគ្គលិក​សរុប​ចំនួន​២៤​នាក់​នៃ​វិទ្យុ​សំបុក​ឃ្មុំ​បាន​ធ្វើ​បាតុកម្ម​តវ៉ា​ចាប់​តាំង​ពីសប្តាហ៍​មុនមកដើម្បីទាមទារការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់១​សប្តាហ៍​ ការ​ដំឡើងប្រាក់​ឈ្នួល​ និង​ប្រាក់​អតីភាព​ការងារ​ជាដើម។ ហើយ​ការ​តវ៉ានេះ​បាន​កើត​ឡើង​ក្រោយ​ពី​ជម្លោះ​រវាង​បុគ្គលិក​ និង​នាយក​វិទ្យុ​សំបុក​ឃ្មុំបាន​អូស​បន្លាយ​ចាប់​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៤​មក​ម្ល៉េះ​។ ​វិទ្យុ​សំបុក​ឃ្មុំ​ជា​វិទ្យុ​មាន​ប្រជាប្រិយ​ភាព​មួយ។​

អ្នក​ស្រី ​យាន សុវារី ​ជា​អ្នក​យក​ព័តិមាន​ និង​ជា​បុគ្គលិកដែល​បម្រើ​ការ​ឲ្យវិទ្យុ​សំបុក​ឃ្មុំ​ដប់​ឆ្នាំ​មកហើយ។​ ក្នុង​នាម​ជាបាតុករ​មួយ​រូប ​ អ្នក​ស្រី​បញ្ជាក់​ថា ក្រុម​បុគ្គ​លិក​ទាំង​១១​នាក់​ដែល​កំពុង​ធ្វើបាតុកម្ម​អាច​ប្រឈម​នឹង​ការ​បញ្ឈប់ការងារ​ ត្បិត​ក្រុម​អ្នក​តវ៉ាមិន​បានបំពេញ​ការងារ​ជិត​ពីរ​សប្តាហ៍​មក​ហើយ។ ក៏​ប៉ុន្តែ​ប្រសិន​បើមាន​ការ​បញ្ឈប់​នោះ​មែន​ ក្រុម​អ្នក​តវ៉ា​គ្រោង​នឹង​ទាមទារ​ប្រាក់​បំណាច់​ចំនួន​៣​ម៉ឺន​ដុល្លារ​អាមេរិក។​

«ប្រាក់​ខែ​គាត់​ត្រូវ​តែ​បើក​ ហើយ​អ្វី​ដែល​យើង​ទាមទារ​គាត់​ព្រម ​ឬ​មិន​ព្រម​សឹម​យើង​ទាមទារ​បន្តរ​ទៅ​ទៀត។​ បើសិន​គាត់​គ្រាន់​តែ​បើក​ប្រាក់​ខែ​តែ​ពួក​ខ្ញុំ​៤​នាក់​ ​អា​ហ្នឹង​ក៏​មិន​ត្រូវ​ដែរ»។​

គេ​ដឹង​ថា ​វិទ្យុ​សំបុក​ឃ្មុំ​គឺ​ជា​វិទ្យុ​មាន​ប្រជាប្រិយភាព​មួយ​ដែល​ធ្លាប់​ទទួល​រង​ការ​គាប​សង្កត់​ និង​ជា​វិទ្យុ​ដែល​បើក​ឱកាស​ឲ្យ​មាន​មតិ​ចម្រុះ ​និង​មតិ​រិះ​គន់​រដ្ឋាភិបាល​ផងដែរ។ ពេល​ថ្មីៗ​នេះ​ លោក​ម៉ម សុណង់ដូ​បាន​ដាក់​សំណើ​ជា​ថ្មីទៀត ​សុំ​បង្កើត​ស្ថានីយ៍​ទូរទស្សន៍។​ តែ​សំណើ​របស់​លោក​ត្រូវ​បាន​ច្រាន​ចោល​ដោយ​ក្រសួង​ព័ត៌មាន​ ដោយលើក​ហេតុ​ផល​ថា​ មិន​មាន​ហ្វ្រេកង់​ទំនេរ។​

គូ​ភាគី​ជម្លោះ​ទាំង​ពីរ​នេះ​គ្រោង​នឹង​ជួប​ចរចា​គ្នាទល់​មុខ​នា​ព្រឹក​ថ្ងៃ​អង្គារស្អែក​នេះ នៅ​មន្ទីរ​ការងារ​ក្រុង​ភ្នំពេញដើម្បី​បញ្ចប់​ជម្លោះ៕

This item is part of
XS
SM
MD
LG