អ្នកស្រីវេជ្ជបណ្ឌិត Kathreena Kadir ច្របាច់ទឹកសម្អាតដៃលើដៃរបស់អ្នកស្រីហើយដុសលាងវាយ៉ាងហ្មត់ចត់ មុននឹងអ្នកស្រីពាក់ប្រដាប់ការពារផ្ទាល់ខ្លួនដែលមានដូចជាស្រោមស្បែកជើង ឈុតការពារ និងម៉ាស់។
នេះគឺជានីតិវិធីស្តង់ដារដែលគ្រូពេទ្យវះកាត់មាត់និងថ្គាមនៃមន្ទីរពេទ្យសាកលវិទ្យាល័យ Malaya ដូចជារូបអ្នកស្រីជាដើម អនុវត្តនាពេលសព្វថ្ងៃនេះមុននឹងជួបជាមួយអ្នកជំងឺ ទើបអ្នកស្រីមិនឆ្លងវីរុសកូរ៉ូណា។
អ្នកស្រីវេជ្ជបណ្ឌិត Kadir និយាយថា៖«អ្នកជំងឺទាំងអស់ដែលចូលមក គឺចាត់ទុកថាមានជំងឺកូវីដ១៩ រហូតដល់មានការបញ្ជាក់ផ្សេងពីនេះ។ ដូច្នេះយើងត្រូវតែធានាឲ្យបានថាយើងបានត្រៀមខ្លួននិងការពារពេញលេញនៅពេលព្យាបាលអ្នកជំងឺ»។
របាំងការពារមុខធ្វើពីផ្លាស្ទិចដែលអ្នកស្រីកំពុងពាក់ មិនមែនផលិតនៅក្នុងរោងចក្រឬក្រុមហ៊ុនណាមួយនោះទេ។ វាត្រូវបានធ្វើនៅក្នុងផ្ទះតូចមួយដែលមានចម្ងាយ១០គីឡូម៉ែត្រពីមន្ទីពេទ្យនេះ។
វាគឺទីកន្លែងដែលលោកWilliam Alviss អាយុ៥២ឆ្នាំបានកែប្រែបន្ទប់ទទួលទានអាហាររបស់លោកទៅជាកន្លែងផលិតមួយ។ ម៉ាស៊ីនព្រីន 3-D ចំនួន៨បានធ្វើការមិនឈប់ឈរក្នុងការផលិតរបាំងការពារមុខ។
រហូតមកដល់ពេលនេះ គ្រួសាររបស់លោក Alvisse បានចំណាយថវិកាផ្ទាល់ខ្លួនអស់១៥០០ដុល្លារ ដើម្បីធ្វើរបាំងការពារមុខសម្រាប់មន្ទីរពេទ្យក្នុងប្រទេសម៉ាឡេស៊ី។
លោក Alvisse និយាយថា៖«ខ្ញុំផលិតវាឡើងដោយសារតែបុគ្គលិកសុខាភិបាលឬក្រុមអ្នកនៅជួរមុខគឺមានតួនាទីសំខាន់បំផុតនាពេលបច្ចុប្បន្ននេះ។ គ្មានអ្នកណាដើរតួសំខាន់ជាងពួកគេនោះទេ បើសិនជាពួកគេត្រូវការអ្វី ខ្ញុំត្រូវតែផលិតវា។ នេះជាការយល់ឃើញរបស់ខ្ញុំ»។
លោក Alvisse ផលិតរបាំងការពារមុខនៅពេលថ្ងៃ ហើយកូនប្រុសរបស់លោកឈ្មោះ Daryl អាយុ២០ឆ្នាំ ផលិតវានៅពេលយប់។
គ្រួសារនេះគឺជាសមាជិកក្នុងក្រុមមួយនៅក្នុងណ្តាញសង្គមហ្វេសប៊ុកដែលមានសមាជិកជាង៥០០នាក់ទូទាំងប្រទេសម៉ាឡេស៊ី ដែលកំពុងផលិតសម្ភារៈការពារ សម្រាប់បុគ្គលិកសុខាភិបាល។ សរុបទាំងអស់ ពួកគេផលិតរបាំងការពារមុខបានចំនួន៤សែន។
លោក Wan Cheng Huat ស្ថាបនិកម្នាក់ក្នុងក្រុមសហគមន៍ព្រីន 3-D ម៉ាឡេស៊ីសម្រាប់ជំងឺកូវីដ១៩ដែលបង្កដោយវីរុសកូរ៉ូណាបាននិយាយថា៖«យើងបានលឺថាក្រុមជនស្ម័គ្រចិត្តបានប្រើម៉ាស៊ីនព្រីន 3-D ដើម្បីជួយបុគ្គលិកជួរមុខក្នុងប្រទេសដទៃទៀត ដូច្នេះយើងក៍គិតថាយើងគួរតែចាប់ផ្តើមធ្វើវាក្នុងប្រទេសម៉ាឡេស៊ីដែរ»។
ក្រុមនេះបានពង្រីកដើម្បីនាំក្រុមអ្នកស្ម័គ្រចិត្តដែលមានជំនាញក្រៅពីការព្រីន 3-D រួមមានជំនាញដេរផងដែរ។ លោក Wan បាននិយាយថា៖ «យើងទាំងអស់គ្នាមានគោលបំណងតែមួយគត់គឺចង់ជួយគ្នាក្នុងគ្រាលំបាក។ ពួកយើងភាគច្រើនមិនដែលបានឃើញមុខគ្នានោះទេ ប៉ុន្តែយើងកំពុងប្រឈមនឹងបញ្ហានេះជាមួយគ្នា»។ លោកបានបន្តថា សមាជិកភាគច្រើនមិនគិតកម្រៃពីសម្ភារៈការពារផ្ទាល់ខ្លួនដែលពួកគេបានផលិតនោះទេ។
លោក Alvisse គឺជាអ្នកលក់ម្នាក់នៅក្រុមហ៊ុនរៀនអនឡាញមួយប៉ុន្តែលោកធ្វើការតែប៉ុន្មានថ្ងៃប៉ុណ្ណោះ តាំងពីពាក់កណ្តាលខែមីនា ដោយសារតែជំងឺកូវីដ១៩។ មុននឹងការរាតត្បាតនៃជំងឺកូវីដ១៩ចាប់ផ្តើម លោក Alvisse មានម៉ាស៊ីន 3-D មួយនៅផ្ទះរបស់លោកហើយបន្ទាប់ពីលោកចាប់ផ្តើមព្រីនម៉ាស់ការពារមុខ មិត្តភក្តិរបស់លោកពីរបីនាក់បានជួយជាថវិកាចំនួន២,៣០០ដុល្លារសហរដ្ឋអាមេរិកដើម្បីទិញម៉ាស៊ីននោះបួនបន្ថែមទៀត។ ម៉ាស៊ីនព្រីនបីផ្សេងទៀត គឺបានមកពីមជ្ឈមណ្ឌលសហគមន៍ក្នុងស្រុកមួយដែលលោក Alvisse ជាសហស្ថាបនិក ហើយបានបិទទ្វារតាំងពីពាក់កណ្តាលខែមីនា។
លោក Alvisse និយាយថា ការផលិតរបាំងការពារមុខនេះធ្វើឲ្យលោកសប្បាយចិត្ត។
លោកថ្លែងថា៖«ខ្ញុំចាប់ផ្តើមការងារនេះដោយសារតែខ្ញុំចូលចិត្តការងារជួសជុល។ ខ្ញុំស្រឡាញ់សហគមន៍។ កត្តាទំាងពីរនេះបានរួបរួមសហគមន៍យើង»។
ម៉ាស៊ីនព្រីន 3-D នៅផ្ទះរបស់លោក Alvisse អាចផលិតរបាំងការពារមុខបានម្តង២ក្នុងរយៈពេលមួយម៉ោង។
នៅពេលរសៀលមួយ សាឡុង និងកៅអីក្នុងបន្ទប់ទទួលភ្ញៀវក្នុងគ្រួសារនេះ គឺពេញទៅដោយរបាំងការពារមុខដែលត្រូវដឹកទៅមន្ទីរពេទ្យនានានៅប្រទេសម៉ាឡេស៊ី។ អ្នកស្រី Miranda Tan ភរិយារបស់លោក Alvisse បាននិយាយបណ្តើរញញឹមបណ្តើរថា៖«ពេលខ្លះខ្ញុំមួរម៉ៅដោយសារតែវាពិបាកក្នុងការដើរទៅមកដោយសារតែគំនររបាំងការពារមុខទាំងអស់នេះ។ ប៉ុន្តែខ្ញុំសប្បាយចិត្តក្នុងការធ្វើវា»។
ការចូលរួមចំណែកពីជនស្ម័គ្រចិត្តទាំងនេះ ត្រូវបានអ្នកស្រីវេជ្ជបណ្ឌិត Kadir ចាប់អារម្មណ៍។
អ្នកស្រីនិយាយថា៖«ខ្ញុំចង់និយាយថាអរគុណខ្លាំងណាស់ ទៅកាន់អ្នកស្ម័គ្រចិត្តទាំងអស់គ្នា ដែលបានចូលរួមបរិច្ចាគជាច្រើន និងការខិតខំប្រឹងប្រែងក្នុងការធានាឲ្យបានថា បុគ្គលិកជួរមុខតែងតែទទួលបានការការពារពេញលេញ» ៕
ប្រែសម្រួលដោយទុំ ម្លិះ