ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម៉ាឡេស៊ី​នឹង​រៀបចំ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី ១៩ ខែ​វិច្ឆិកា​ខាង​មុខ


បុគ្គលិក​នៃ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ម៉ាឡេស៊ី​ម្នាក់​ដើរកាត់​ខាងមុខ​ផែនទី​បង្ហាញ​តំបន់​ប្រជុំ​រដ្ឋ​ដែល​ដាក់ព្យួរ​នៅលើ​ជញ្ជាំង​ការិយាល័យ​របស់​ខ្លួន​ក្នុង​ក្រុង Putrajaya ប្រទេស​ម៉ាឡេស៊ី នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។
បុគ្គលិក​នៃ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ម៉ាឡេស៊ី​ម្នាក់​ដើរកាត់​ខាងមុខ​ផែនទី​បង្ហាញ​តំបន់​ប្រជុំ​រដ្ឋ​ដែល​ដាក់ព្យួរ​នៅលើ​ជញ្ជាំង​ការិយាល័យ​របស់​ខ្លួន​ក្នុង​ក្រុង Putrajaya ប្រទេស​ម៉ាឡេស៊ី នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។

គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​របស់​ប្រទេស​ម៉ាឡេស៊ី​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​ម៉ាឡេស៊ី​នឹង​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ថ្ងៃ​ទី ១៩ ខែ​វិច្ឆិកា​ខាង​មុខ​នេះ ដែល​នេះ​គឺ​ជា​ការ​បោះឆ្នោត​មួយ​ដែល​គណបក្ស​គ្រប់គ្រង​អំណាច​ដែល​ពោរពេញ​ដោយ​រឿង​អាស្រូវ​ពុករលួយ សង្ឃឹម​ថា​នឹង​អាច​ពង្រឹង​ការ​គ្រប់គ្រង​អំណាច​របស់​ខ្លួន​ជា​បន្ត​ទៀត។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

គណបក្ស United Malays National Organization (UMNO) ដែល​ជា​គណបក្ស​កាន់​អំណាច អាច​មាន​ប្រៀប​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ ខណៈ​ដែល​គណបក្ស​ប្រឆាំង​កំពុង​ស្ថិត​ក្នុង​ភាព​ច្របូក​ច្របល់ ហើយ​ចំនួន​អ្នក​ចេញ​ទៅ​បោះឆ្នោត​ត្រូវ​គេ​រំពឹង​ថា​អាច​មាន​ចំនួន​តិច ដោយសារតែ​អ្នក​បោះឆ្នោត​មិន​សូវ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​និង​ដោយសារតែ​ការ​បោះឆ្នោត​នេះ​ធ្វើ​ឡើង​ចំ​រដូវ​មូសុង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​វិភាគ​នានា។

ក្រុម​អ្នក​បោះឆ្នោត​ដែល​មាន​និន្នាការ​ទៅ​រក​គណបក្ស​កាន់​អំណាច UMNO អាច​បោះឆ្នោត​គាំទ្រ​គណបក្ស​នេះ នៅ​ក្នុង​ពេល​ដែល​ស្ថានភាព​សេដ្ឋកិច្ច​បច្ចុប្បន្ន​របស់​ប្រទេស​ម៉ាឡេស៊ី​មាន​ភាព​ស្រពិចស្រពិល។

គណបក្ស UMNO បាន​ចាញ់​ការ​បោះឆ្នោត​កាលពី​ឆ្នាំ ២០១៨ ដោយសារ​រឿង​អាស្រូវ​ពុករលួយ​ក្នុង​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន 1MDB របស់​រដ្ឋ ដែល​បាន​ធ្វើ​ឱ្យ​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Najib Razak ជាប់​ពន្ធនាគារ។

បេក្ខជន​ឈរ​ឈ្មោះ​ជា​សមាជិក​រដ្ឋសភា​តម្រូវ​ឱ្យ​ដាក់​ពាក្យ​ឈរ​ឈ្មោះ​បោះឆ្នោត​របស់​ខ្លួន​ជូន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី ៥ ខែ​វិច្ឆិកា​ខាង​មុខ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ម៉ាឡេស៊ី​លោក Abdul Ghani Salleh នៅ​ក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នឹង​ធ្វើ​ឡើង​រយៈពេល ២ សប្តាហ៍។

ពលរដ្ឋ​ម៉ាឡេស៊ី​ប្រមាណ ២១ លាន​នាក់​មាន​សិទ្ធិ​បោះឆ្នោត​នៅ​ឆ្នាំ​នេះ ដើម្បី​ជ្រើសរើស​សមាជិក​រដ្ឋសភា​ចំនួន ២២២ នាក់។

គណបក្ស​ឬ​សម្ព័ន្ធភាព​គណបក្ស​ណា​មួយ​ដែល​ឈ្នះ​សំឡេង​ភាគ​ច្រើន​លើស ៥០% គឺ​ចំនួន ១១២ អាសនៈ គឺ​ជា​គណបក្ស​ដែល​នឹង​មាន​សិទ្ធិ​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​ក្រោយ​ការ​បោះឆ្នោត​នេះ៕

XS
SM
MD
LG